ជាតិ
ភ្លៀង​នឹង​បន្ត​ធ្លាក់ ចាប់ពី​ថ្ងៃទី​៤​ខែមេសា​!
02, Apr 2017 , 2:45 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៤​ខែមេសា​ឆ្នាំនេះ ដោយសារ​នៅ​ថ្ងៃទី​៤​នឹង​មានការ​ប្រសព្វ​គ្នា​រវាង​ជ្រលង​សម្ពាធ​ទាប ដែល​រុញ​មកពី​ផ្នែក​ខាង​ត្ប​ង​នៃ​សមុទ្រ​ចិន​ខាង​ត្បួ​ង  និង​ជ្រលង​សម្ពាធ​ខ្ពស់​ដែល​រុញ​មកពី​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ត្រង់​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចុះ​ថ្ងៃទី​២​មេសា​នេះ​។​


​យោងតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ថានភាព​ខាងលើ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ សេចក្ដី​ជូន​របស់​ក្រសួង​មិនបាន​បញ្ជាក់ថា ការ​ធ្លាក់ភ្លៀង​ទូទាំងប្រទេស​នេះ នឹង​បញ្ឈប់​នៅ​ថ្ងៃ​ណា​នោះទេ ប៉ុន្តែ​បាន​ប្រាប់ថា បណ្ដា​ខេត្ត​មួយចំនួន​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគខាងត្បូង តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៩​ខែមេសា​ឆ្នាំនេះ​។​
 
​ក្រសួង​បាន​ជូនដំណឹង​ម្ដង​រួចហើយ សម្រាប់​ការ​ព្យាករ​អាកាសធាតុ​ចូល​ខែមេសា​នេះ​។ ក្រសួង​ប្រាប់ថា ២​ថ្ងៃ​ដំបូង​នៃ​ខែមេសា ខេត្ត​មួយចំនួន​នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន ដោយ​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ក្រសួង​បន្តថា ចាប់ពី​ថ្ងៃទី​៣ ស្ថានភាព​អាកាសធាតុ​នេះ​នឹង​ចាប់ផ្ដើម​ធូរស្រាល​មកវិញ ប៉ុន្តែ​ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុងកំឡុងពេល​ពីរ​បី​ថ្ងៃ​បន្ថែមទៀត​៕

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com