ជាតិ
សេដ្ឋកិច្ច
ផ្លូវ៦០ម៉ែត្រ តម្លៃ ៧៦លានដុល្លារ ត្រូវបានសម្ពោធឲ្យប្រើប្រាស់ រូបភាពពីហ្វេសប៊ុកសម្ដេចហ៊ុនសែន
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ខែមេសាឆ្នាំនេះ បានសម្ពោធជាផ្លូវការនូវមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ដែលតភ្ជាប់ពីផ្លូវ ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ទៅផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស។
មហាវិថីសម្តេចតេជោហ៊ុនសែន ដែលធំជាងគេនៅរាជធានីភ្នំពេញនេះមានប្រវែង ៩១៦០ម៉ែត្រ, ទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាង។ មហាវិថី ដែលតភ្ជាប់ផ្លូវ ២៧១ និងផ្លូវជាតិលេខ២នេះ កាត់តំបន់អភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING Holding លើទីតាំងបឹងទំពន់ និងបឹងជើងឯក។ មហាវិថីនេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding ។
សម្ដេច ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធនេះថា ផ្លូវនេះត្រូវបានសាងសង់ដោយចំណាយថវិកា ៧៦លានដុល្លារអាមេរិក។ សម្តេចបន្ថែមថា បន្ទាប់ពីដាក់ឲ្យដំណើរការ មហាវិថិមួយនេះនឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តភាគខាងត្បូងភ្នំពេញ ហើយផ្លូវនេះនឹងសម្រាលចរាចរណ៍យានយន្តលើផ្លូវជាតិលេខ២ ពីក្បាលថ្នល់ ទៅក្រុងតាខ្មៅ ដែលមានការកកសន្ទះចរាចរណ៍ម្ដងៗ ។ សម្តេចបន្តថា ផ្លូវមួយខ្សែនេះ ក៏ជាផ្នែកមួយនៃការអភិវឌ្ឃតំបន់បឹងជើងឯកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com