ជាតិ
លោក ជា សុផារ៉ា នឹង​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រស់នៅ «​អាគារ​ប៊ូ​ឌី​ង ស​» ម្តងទៀត នៅ​ថ្ងៃទី​៧ មេសា​
04, Apr 2017 , 9:19 am         1751
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា បាន​ឲ្យ​ដឹងថា លោក​នឹង​ចុះ​ស្តាប់​យោបល់​ពលរដ្ឋ​រស់នៅក្នុង​អគារ​ប៊ូល​ឌី​ង​ស នៅ​ថ្ងៃទី​៧ ខែមេសា​ឆ្នាំ​២០១៧​ម្តងទៀត ដើម្បី​រក​ការ​ឯកភាពគ្នា​ក្នុងការ​អភិវឌ្ឍន៍​អគារ​ដ៏​ចំណាស់​ក្នុង​រាជធានី​ភ្នំពេញ​។


​លោក ជា សុផារ៉ា បានប្រកាស​ជាថ្មី​ដល់​ពលរដ្ឋ​ឲ្យ​លើក​ពី​បំណងប្រាថ្នា​របស់​ពួកគេ​ប្រា​ប់លោក នៅពេល​លោក​ចុះ​ពិនិត្យ​អគារ​ដែល​ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​អភិវឌ្ឍ​ជាថ្មី ក្នុង​ទំហំ​ថវិកា​ពី ៧០​លាន​ដុល្លារ​ទៅ ៨០​លាន​ដុល្លារ​ដោយផ្ទាល់​នាពេលខាងមុខ​។​

​រដ្ឋមន្ត្រីក្រសួង​ដែនដី​រូបនេះ គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ង នៅ​ថ្ងៃទី​៧ មេសា​នោះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ប្រជុំ​ជាមួយ​បងប្អូន​ដែល​រស់នៅក្នុង​អគារ​ប៊ូល​ឌី​ង​ស ដើម្បី​រក​ការ​ឯកភាពគ្នា​ក្នុងការ​អភិវឌ្ឍ​ន៌​។ សូម​បងប្អូន​ចូលរួម​និង​លើកឡើង​នូវ​បំណងប្រាថ្នា​របស់ខ្លួន​»​។​

​បើតាម​ការសរសេរ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៣ ខែមេសា​នេះ លោក​នឹង​ចុះ​ស្វែងយល់​ក្តី​បំណង​របស់​ពលរដ្ឋ​សិន មុនពេល​ពួកគេ​អនុវត្ត​គម្រោង​សង់​អគារ​ទំនើប​ថ្មី​កម្ពស់ ២១​ជាន់ ដោយ​រួមមាន​ទីតាំង​ចំណត ៣​ជាន់​, កន្លែង​លក់ដូរ​១​ជាន់​កន្លែង​ស្នាក់នៅ​៥​ជាន់ ហើយ​ក្រុមហ៊ុន​ជប៉ុន Arakawa នឹង​ក្លាយជា​កម្មសិទ្ធិ​វិនិយោគ​ចាប់ពី​ជាន់​ទី​៩​ឡើងទៅ​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ធ្លាប់​បិទ​ផ្សាយ​ស្ថិតិ​ពលរដ្ឋ​ជាង ៤​រយ​គ្រួសារ​រស់នៅក្នុង​អគារ​សហកម្មសិទ្ធិ «​ប៊ូ​ឌី​ង ស​» ក្នុង​គោលដៅ​ផ្ដល់​វិញ្ញាបនបត្រ​សម្គាល់​ដល់​ម្ចាស់​ចំណែក​ឯកជន​នៃ​អាគារ​សហកម្មសិទ្ធិ​នេះ​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ ។​

​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ធ្លាប់​បញ្ជាក់ប្រាប់​ពលរ​ដ្ឋ​ក្នុង​ពិធី​ជួប​ជជែក​ស្ដីពី​ការអភិវឌ្ឍ​អគារ​ប៊ូ​ឌី​ង​កាលពី​ថ្ងៃទី​០៨​វិច្ឆិកា ឆ្នាំ​២០១៦ ថា ក្រសួង​និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​អភិវឌ្ឍ​ទីតាំង​អគារ​ប៊ូ​ឌី​ង​នៅនឹងកន្លែង ក្នុង​ទឹកប្រាក់​ពី​៧០​លាន​ដុល្លារ ទៅ ៨០​លាន​ដុល្លារ​។​

​ក្រសួង​បានចេញ​គម្រោង​សាងសង់​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន​ដល់​ពលរដ្ឋ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ រហូត​ដល់ពេល​គម្រោង​សាងសង់​អគារ​ប៊ូ​ឌី​ង​ថ្មី​បញ្ចប់​។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​មិន​យល់ស្រប​នឹង​គម្រោង​វិនិយោគ​នេះ ពួកគេ​អាចមាន​ជម្រើស​យក​ទឹកប្រាក់​ប្រមាណ ៦​ម៉ឺន​ដុល្លារ​សម្រាប់​មួយ​គ្រួសារ​។ តាម​គម្រោង​កន្លងមក ការសាងសង់​អគារ​ថ្មី ត្រូវការ​រយៈពេល​សាងសង់​ជាង ៣​ឆ្នាំ ដោយ​គ្រោង​ចាប់ផ្ដើម​តាំងពីដើម​ឆ្នាំ​២០១៧​នេះ​។ ប៉ុន្តែ​គម្រោង​នេះ ពុំទាន់​ចេញ ជា​រូបរាង​នៅឡើយ​មកទល់​បច្ចុប្បន្ន​។​

​គួរ​បញ្ជាក់ថា អគារ​ប៊ូ​ឌី​ញ​ស​ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ត្រូវបាន​ស្ថាបនា​ក្នុង​ឆ្នាំ​១៩៦៣ ៕

Tag:
 ជា សុផារ៉ា​
  ដែនដី​
  សំណង់​
  ប៊ូ​ឌី​ង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ