ជាតិ
លោក ជា សុផារ៉ា នឹងពិភាក្សាជាមួយពលរដ្ឋរស់នៅ «អាគារប៊ូឌីង ស» ម្តងទៀត នៅថ្ងៃទី៧ មេសា
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានឲ្យដឹងថា លោកនឹងចុះស្តាប់យោបល់ពលរដ្ឋរស់នៅក្នុងអគារប៊ូលឌីងស នៅថ្ងៃទី៧ ខែមេសាឆ្នាំ២០១៧ម្តងទៀត ដើម្បីរកការឯកភាពគ្នាក្នុងការអភិវឌ្ឍន៍អគារដ៏ចំណាស់ក្នុងរាជធានីភ្នំពេញ។
លោក ជា សុផារ៉ា បានប្រកាសជាថ្មីដល់ពលរដ្ឋឲ្យលើកពីបំណងប្រាថ្នារបស់ពួកគេប្រាប់លោក នៅពេលលោកចុះពិនិត្យអគារដែលក្រសួងរៀបចំដែនដី និងក្រុមហ៊ុនជប៉ុន Arakawa គ្រោងអភិវឌ្ឍជាថ្មី ក្នុងទំហំថវិកាពី ៧០លានដុល្លារទៅ ៨០លានដុល្លារដោយផ្ទាល់នាពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងដែនដីរូបនេះ គ្រោងនឹងជួបពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីង នៅថ្ងៃទី៧ មេសានោះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំប្រជុំជាមួយបងប្អូនដែលរស់នៅក្នុងអគារប៊ូលឌីងស ដើម្បីរកការឯកភាពគ្នាក្នុងការអភិវឌ្ឍន៌។ សូមបងប្អូនចូលរួមនិងលើកឡើងនូវបំណងប្រាថ្នារបស់ខ្លួន»។
បើតាមការសរសេរលើទំព័របណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ ខែមេសានេះ លោកនឹងចុះស្វែងយល់ក្តីបំណងរបស់ពលរដ្ឋសិន មុនពេលពួកគេអនុវត្តគម្រោងសង់អគារទំនើបថ្មីកម្ពស់ ២១ជាន់ ដោយរួមមានទីតាំងចំណត ៣ជាន់, កន្លែងលក់ដូរ១ជាន់កន្លែងស្នាក់នៅ៥ជាន់ ហើយក្រុមហ៊ុនជប៉ុន Arakawa នឹងក្លាយជាកម្មសិទ្ធិវិនិយោគចាប់ពីជាន់ទី៩ឡើងទៅ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្លាប់បិទផ្សាយស្ថិតិពលរដ្ឋជាង ៤រយគ្រួសាររស់នៅក្នុងអគារសហកម្មសិទ្ធិ «ប៊ូឌីង ស» ក្នុងគោលដៅផ្ដល់វិញ្ញាបនបត្រសម្គាល់ដល់ម្ចាស់ចំណែកឯកជននៃអាគារសហកម្មសិទ្ធិនេះកាលពីចុងឆ្នាំ២០១៦កន្លងទៅ ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ធ្លាប់បញ្ជាក់ប្រាប់ពលរដ្ឋក្នុងពិធីជួបជជែកស្ដីពីការអភិវឌ្ឍអគារប៊ូឌីងកាលពីថ្ងៃទី០៨វិច្ឆិកា ឆ្នាំ២០១៦ ថា ក្រសួងនិងក្រុមហ៊ុនជប៉ុន Arakawa គ្រោងអភិវឌ្ឍទីតាំងអគារប៊ូឌីងនៅនឹងកន្លែង ក្នុងទឹកប្រាក់ពី៧០លានដុល្លារ ទៅ ៨០លានដុល្លារ។
ក្រសួងបានចេញគម្រោងសាងសង់ទីតាំងស្នាក់នៅបណ្ដោះអាសន្នដល់ពលរដ្ឋដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ រហូតដល់ពេលគម្រោងសាងសង់អគារប៊ូឌីងថ្មីបញ្ចប់។ ប៉ុន្តែសម្រាប់ពលរដ្ឋដែលមិនយល់ស្របនឹងគម្រោងវិនិយោគនេះ ពួកគេអាចមានជម្រើសយកទឹកប្រាក់ប្រមាណ ៦ម៉ឺនដុល្លារសម្រាប់មួយគ្រួសារ។ តាមគម្រោងកន្លងមក ការសាងសង់អគារថ្មី ត្រូវការរយៈពេលសាងសង់ជាង ៣ឆ្នាំ ដោយគ្រោងចាប់ផ្ដើមតាំងពីដើមឆ្នាំ២០១៧នេះ។ ប៉ុន្តែគម្រោងនេះ ពុំទាន់ចេញ ជារូបរាងនៅឡើយមកទល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា អគារប៊ូឌីញសដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនត្រូវបានស្ថាបនាក្នុងឆ្នាំ១៩៦៣ ៕
Tag:
ជា សុផារ៉ា
ដែនដី
សំណង់
ប៊ូឌីង
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com