ជាតិ
សេដ្ឋកិច្ច
ប្រៃសណីយ៍​កម្ពុជា នឹង​បង្កើត​ក្រុមហ៊ុន​ទិញ​-​លក់ទំនិញ​តាម​អន​ឡាញ​
05, Apr 2017 , 9:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ប្រៃសណីយ៍​កម្ពុជា នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត​ឈ្មោះថា Cambodia Post E-Solution នៅ​ឆមាស​ទី​២​ឆ្នាំនេះ ដើម្បី​ផ្ដល់​សេវា​ទិញ​-​លក់​តាម​អន​ឡាញ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។


​លោក អោក បូរ៉ា អគ្គនាយក​ក្រុមហ៊ុន​ប្រៃសណីយ៍​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃទី​៤​ខែមេសា ថា ក្រុមហ៊ុន Cambodia Post E-Solution នឹង​ផ្ដល់​សេវា​ជាច្រើន​មុខ​តាម​អន​ឡាញ ជាពិសេស​សេវា​ទិញ​-​លក់​តាម​អន​ឡាញ (E-commerce)​។ លោក​បន្ថែមថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អន្តរជាតិ​ធំៗ ដើម្បី​ភ្ជាប់​សកម្មភាព​ទិញ​-​លក់​តាម​អន​ឡាញ​នៅ​កម្ពុជា ទន្ទឹមនឹង ក្រុមហ៊ុន Cambodia Post E-Solution នឹង​ផ្ដល់​សេវា​ជាប់​ពាក់ព័ន្ធ​រួមមាន ការដឹកជញ្ជូន និង​ទូទាត់​តាម​អន​ឡាន​។ 
 
​បើតាម​លោក អោក បូរ៉ា ក្រុមហ៊ុន Cambodia Post E-Solution នឹង​ផ្ដល់​សេវា​តាម​អន​ឡាញ​ផ្សេងទៀត ដូចជា ធនាគារ​អេឡិចត្រូនិក​, លក់​សំបុត្រ និង​នាំ​សំបុត្រ​តាម​អន​ឡាញ និង​សេវា​អន​ឡាញ​ទាក់​នឹង​សេវាសាធារណៈ​របស់​រដ្ឋា​ភិ​បាល​ជាដើម​។​
 
​ក្រុមហ៊ុន​ប្រៃសណីយ៍​កម្ពុជា (Cambodia Post) ដែល​ស្ថិតក្រោម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នេះ បាន​រកប្រាក់​ចំណូល​ស​ម្រា​ប់​ឆ្នាំ​២០១៦ ចំនួន ៩,៤៥​លាន​ដុល្លារ កើនឡើង ៧៤​ភាគរយ បើ​ធៀប​នឹង ៥,៤២ នៅ​ឆ្នាំ​២០១៥ ។ ដោយឡែក​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​បាន​កើន​ដល់​ជាង ៥៨​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំមុន កើនឡើង ១៩៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕

Tag:
 E-commerce
  អោក បូរ៉ា​ ​
© រក្សាសិទ្ធិដោយ thmeythmey.com