កីឡាជាតិ
ជាតិ
លោក ទេព រិទ្ធី​វិត​៖ យើង​ឈ្នះ​ដោយសារ​លេង​មាន​វិន័យ​ខ្ពស់ និង​ចាត់ទុក​គ្នា​ដូចជា​គ្រួសារ​មួយ​
08, Apr 2017 , 11:46 pm        
រូបភាព
ក្រុងអ៊ីសា-ប្រទេសបារ៉ែន៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា ដែលមាន​កីឡាករ​បួន គឺ ប៊ុន កេ​ន្នី​, ម៉ម ផល្គុណ​, ឡុង សំនៀង និង អោ សារិទ្ធ បានទទួល​ជ័យជម្នះ​ទាំង​៤​ប្រកួត​នៅក្នុង​ពូ​ល A និង​បន្ត​ឈ្នះ​អូ​ម៉​ង់​នៅ​វគ្គ​ខ្វែង ដើម្បី​ទទួលបាន​កៅអី​ទៅកាន់​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ Davis Cup ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី Group III នៅ​ឆ្នាំ​២០១៨ ។​



​សម្រាប់​ការប្រកួត Group IV នៅ​ទីក្រុង​អ៊ី​សា ប្រទេស​បា​រ៉ែ​ន កម្ពុជា បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១​ពូ​ល A ដោយ​ឈ្នះ​មី​យ៉ាន់​ម៉ា ៣-០ ឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ២-១ ឈ្នះ​បា​រ៉ែ​ន ៣-០ និង​ឈ្នះ​អា​រ៉ា​ប៊ី​សា​អូឌីត ២-១ ។ ក្នុងនាម​ជា​ក្រុម​លេខ​១​ពូ​ល A កម្ពុជា បាន​ប៉ះ​ជាមួយ​អូ​ម៉​ង់ ដែលជា​លេង​២​ពូ​ល B ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត លេខ​២​ពូ​ល A ជួប សិង្ហ​បុរី លេខ​១​ពូ​ល B​។​

​ក្នុងជំនួប​ដ៏​សំខាន់​ជាមួយ​អូ​ម៉​ង់​នា​ថ្ងៃ​សៅរ៍ ទី​៨ ខែមេសា កីឡាករ ឡុង សំនៀង បាន​ប្រឹង​វាយបក​ដើម្បី​យកឈ្នះ Mohammed Al Nabhani ២-១ ។ នៅ​សិត​ទី​១ កីឡាករ​អូ​ម៉​ង់ បាន​យកឈ្នះ ៦-៣ ប៉ុន្តែ​សំនៀង មានការ​រៀបចំខ្លួន​បាន​យ៉ាង​ល្អ​រហូត​ទទួលបាន​ជ័យជម្នះ ៦-២, ៦-៤ វិញ​។​

​ឈានដល់​ការប្រកួត​គូ​ទី​ពី​រលើ​វិញ្ញាសា​ឯកត្តជន​ដដែល ប៊ុន កេ​ន្នី បាន​តទល់​ជាមួយ Abdullah Al Barwani​។ ក្នុងការ​ប្រកួត​នេះ កីឡាករ​លំដាប់​ទីមួយ​របស់​កម្ពុជា យកឈ្នះ​ក្នុង​លទ្ធផល ២-០ (៦-២, ៦-១ )​។

​ជ័យជម្នះ​២​ប្រកួត​ជាប់​គ្នា​លើ​វិញ្ញាសា​វាយ​ទោល គ្រប់គ្រាន់​សម្រាប់​កម្ពុជា​ក្នុងការ​ទទួលបាន​កៅអី​ទៅលេង Group III ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី នា​ឆ្នាំ​២០១៨ ជាមួយ​មិត្ត​រួម​ក្រុម​ពូ​ល A អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​បិទ​ឱកាស​សិង្ហ​បុរី លេខ​១​ពូ​ល B ក្នុង​លទ្ធផល ២-១ ។​

​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​នៅ​ថ្ងៃទី​១០ ខែមេសា វេលា​ម៉ោង​១០ និង​៣០​នាទី​។ សម្រាប់​លោក ទេព រី​ទ្ធ​វិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ ជ័យជម្នះ​របស់​កម្ពុជា កើតចេញពី​ការលេង​ដោយ​ការគោរពវិន័យ និង​ចាត់ទុក​គ្នា​ជា​គ្រួសារ​តែមួយ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់លោក ទេព រិ​ទ្ធ​វិត​៖




​សូម​ស្តាប់​ការលើកឡើង​របស់ ឡុង សំនៀង ក្រោយ​ឈ្នះ Mohammed Al Nabhani ២-១៖



អារម្មណ៍​របស់ ប៊ុន កេ​ន្នី ក្រោយ​ការប្រកួត​៖













Tag:
 Davis Cup
  វាយកូន​បាល់ជម្រើស​ជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com