ជាតិ
បទវិភាគ
សង្គមជាតិ
សេដ្ឋកិច្ច
ក្នុង​យុគ្គ​សម័យថ្មី គេ​ត្រូវការ​បុគ្គលិក​ម្នាក់​ចេះ​ធ្វើការ​ច្រើន​មុខ មិនមែន​បុគ្គលិក​ច្រើន​នាក់​ធ្វើការ​មួយ​មុខ​ទេ​!
09, Apr 2017 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​មាន​ចំនួន​ច្រើនជាង​ការងារ​ដែល​ត្រូវបាន​បង្កើត​ឡើងជា​រៀងរាល់ឆ្នាំ​។ ដូច្នេះហើយ​បានជា​យុវជន​មួយចំនួន បន្ទាប់ពី​បញ្ចប់​ការសិក្សា​រួចហើយ មិនអាច​ទទួល​បានកា​រងារ​ភ្លាម​ទេ ពោលគឺ​ពួកគេ​ត្រូវការ​ពេល​មួយរយៈ​សិន​។ យុវជន​ខ្លះទៀត ត្រូវ​បង្ខំចិត្ត​លះបង់​«​លក់​ញើស លក់​ឈាម​»​ទៅធ្វើជា​កម្មករ​នៅឯ​បរទេស​។ ជាការ​ពិត កម្លាំង​ពលកម្ម​លើស​មែន ប៉ុន្តែ​ប្រទេស​ក្រីក្រ​កម្ពុជា​នៅ​ខ្វះ​ធនធានមនុស្ស​ដែលមាន​គុណភាព​។



«​អ្នកស្វែងរក​ការងារ​ធ្វើ​មាន​ចំនួន​ច្រើន​។ ប៉ុន្តែ​អ្នកចេះ​ធ្វើការ ហើយ​ធ្វើការ​ប្រកបដោយ​ភាពស្មោះត្រង់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​មាន​ចំនួន​តិច​។ ប្រទេស​កម្ពុជា​កំពុង​ខ្វះ​ធនធានមនុស្ស​ល្អ​ដែល​អាច​ជំរុញ​ផលិតកម្ម​អោយ​ឈាន​ទៅមុខ​ឆាប់រហ័ស​»​។ នេះ​គឺជា​ការលើកឡើង​ប្រហាក់ប្រហែលគ្នា​របស់​វិនិយោគិន​បរទេស និង​អ្នកជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ជា​រៀងរាល់ឆ្នាំ យុវជន​ច្រើន​សែន​នាក់​បាន​ឈាន​មកដល់​ទីផ្សារការងារ​នៅក្នុង​ប្រទេស​ក្រីក្រ​កម្ពុជា​។ មិនមែន​ពួកគេ​ទាំងអស់គ្នា​នោះទេ​ដែល​គ្មាន​ការងារ​ធ្វើ​។ អ្នកខ្លះ អាច​រក​ការងារ​បានធ្វើ​ភ្លាម អ្នកខ្លះ​ត្រូវការ​រយៈពេល​១​ឆ្នាំ ឬ​២​ឆ្នាំ​ទើប​អាច​ទទួលបាន​ការងារ​ធ្វើជា​ប់លាប់​។ អ្នក​ខ្លះទៀត ទទួលបាន​ការងារ​ធ្វើ​ដែរ តែ​ជា​ការងារ​មិន​ពេញ​ម៉ោង និង​ទទួលបាន​ប្រាក់បៀវត្សរ៍​មិន​សមរម្យ​។ ដោយសារតែ​កង្វះ​ការងារ​ល្អ​នៅក្នុង​ប្រទេស និង​ដោយសារតែ​ប្រាក់ខែ​នៅក្នុង​ប្រទេស​មាន​កម្រិត​ទាប ប្រជា​ពលករ​ខ្មែរ​ច្រើន​សែន​នាក់​បានសម្រេច​ចិត្ត​ចាក​ចេញពី​ស្រុកកំណើត​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​។ ក្រៅពី​អ្នក​មិនអាច​រក​ការងារ​ធ្វើបាន​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស គេ​សង្កេតឃើញថា មាន​យុវជន​ជាច្រើន​ម៉ឺន​នាក់​ផ្សេងទៀត​គ្មាន​ការងារ​ធ្វើ ដើរ​ទាត់​ខ្យល់​ជា​រៀងរាល់ថ្ងៃ​។

​តើ​ហេតុអ្វី​បានជា​យុវជន​ខ្មែរ​មួយចំនួន​មិនអាច​រក​ការងារ​ធ្វើបាន​នៅក្នុង​ប្រទេស​?

​បើ​ផ្អែកលើ​តថៈ​ភាពជាក់ស្តែង ប្រទេស​ក្រីក្រ​កម្ពុជា​ប្រឈម​នឹង​អតិផរណា​ផ្នែក​កម្លាំង​ពលកម្ម​មែន​។ ប៉ុន្តែ​ការពិត​បានបង្ហាញ​បញ្ច្រាស​មកវិញ​ថា ក្រុមហ៊ុន​ជាច្រើន​បាននិងកំពុង​ខ្វះ​កម្លាំង​ពលកម្ម​ដែលមាន​គុណភាព​(​សមត្ថភាព​, ភាពស្មោះត្រង់​, ការតាំង​ចិត្ត​, ការចូល​ចិត្ត​អាជីព​។​ល​។​)

​បញ្ហា​អត់​ការងារ​ធ្វើ​អាច​បណ្តាលមកពី​ទីផ្សារ​តូចចង្អៀត​ម្យ៉ាង​។ តែ​ម្យ៉ាងទៀត វា​បណ្តាលមកពី​គុណភាព​បណ្តុះបណ្តាល​តាម​វិទ្យាល័យ មហាវិទ្យាល័យ សាកល​វិទ្យា និង​កង្វះខាត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។ គុណភាព​អប់រំ​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​ត្រូវបាន​គេ​វាយតម្លៃថា មាន​កម្រិត​ទាប​ជាងគេ​បើ​ប្រៀបធៀប​ទៅនឹង​គុណភាព​អប់រំ​នៃ​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក​។

​ដោយសារតែ​ប្រទេស​កម្ពុជា​ខ្វះ​កម្លាំង​ពលកម្ម​ដែលមាន​គុណភាព​នេះហើយ ទើប​ក្រុមហ៊ុន​ជាច្រើន​បាន​ដណ្តើមយក​បុគ្គលិក​ល្អៗ​ពីគ្នា​ទៅវិញទៅមក​។ ការដណ្តើម​បុគ្គលិក​ពីគ្នា​ទៅវិញទៅមក​នេះ​ត្រូវបាន​គេ​ធ្វើឡើង​នៅក្នុង​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់ ដូចជា នៅក្នុង​វិស័យ​ធនាគារ វិស័យ​សារព័ត៌មាន វិស័យ​បច្ចេកវិទ្យា វិស័យ​កសិកម្ម វិស័យ​សំណង់ និង​អចលនទ្រព្យ​។ និយាយ​ជារួម កង្វះខាត​ធនធានមនុស្ស​គុណភាព​កើតមានឡើង​នៅក្នុង​គ្រប់​វិស័យ​ទាំងអស់ បើទោះបីជា​ប្រទេស​កម្ពុជា​បាន និង​កំពុង​ខិតខំ​ផលិត​ធនធានមនុស្ស​យ៉ាងណាក្តី​។

​ជា​រៀងរាល់ឆ្នាំ និស្សិត​ច្រើន​ម៉ឺន​នាក់​បានបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ ប៉ុន្តែ​ធនធានមនុស្ស​ដែល​អាច​ប្រើការ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​នៅមាន​ចំនួន​តិច​។ បញ្ហា​នេះ​ត្រូវបាន​គេ​ស្តីបន្ទោស​យ៉ាងខ្លាំង​ទៅលើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ដែល​តែងតែ​អនុវត្ត​នូវ​ទ្រឹស្តី​«​ផលិត​បរិមាណ​មនុស្ស​អោយបាន​ច្រើន​ជាជាង​គុណភាព​»​ពីព្រោះ​ធនធានមនុស្ស​កម្ពុជា​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​ស្ទើរ​អស់​កាលពី​ជំនាន់​ប៉ុលពត​១៩៧៥-១៩៧៩​។ ទស្សនទាន​នេះ​វា​ត្រឹមត្រូវ​ក្នុងស្ថានភាព​ក្រោយ​របប​ប៉ុលពត​ភ្លាម​។ ប៉ុន្តែ​គេ​មិនអាច​អនុវត្ត​វា​បាន​ទៀតឡើយ​នៅក្នុង​សតវត្សរ៍​ទី​២១​នេះ និង​ជាង​៣០​ឆ្នាំក្រោយ​របប​ប៉ុលពត​។

​សម្រាប់​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ បរិមាណ​ធនធានមនុស្ស​មាន​ច្រើន​គួរសម​ហើយ តែ​វា​នៅ​ខ្វះ​ធនធានមនុស្ស​ដែលមាន​គុណភាព​។ មនុស្ស​គ្មាន​គុណភាព ផលិតភាព​នៃ​ផលិតកម្ម​ក៏​ខ្សោយ​ដែរ​។

​អ្នកជំនួញ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​បាន​អត្ថាធិប្បាយ​ថា ធន​ធន​មនុស្ស​ដែលមាន​គុណភាព គឺមាន​សារៈប្រយោជន៍​ខ្លាំ​ណាស់​សម្រាប់​ការអភិវឌ្ឍ​ក្រុមហ៊ុន និង​ប្រទេសជាតិ​។ ប្រសិនបើ​ខួរក្បាល​របស់​ក្រុមហ៊ុន​មួយ​ឬ​ប្រទេសមួយ​មាន​កម្រិត​ទាប​ជាងគេ ការរីកចម្រើន​របស់​ក្រុមហ៊ុន​នោះ​ឬ​ប្រទេស​នោះ​ត្រូវតែ​យឺត​ជាងគេ​ពីព្រោះ​ខួរក្បាល​មនុស្ស​ជា​អ្នកជំរុញ​ក្រុមហ៊ុន​ឬ​ប្រទេស​អោយ​ជឿនលឿន​។

​ក្រៅពី​លក្ខណៈសម្បត្តិ​មួយចំនួន អ្នកជំនួញ​ទាំងឡាយ​ត្រូវការ​ធន​ធន​មនុស្ស​ដែលមាន​គំនិត​ឆ្នៃប្រឌិត និង​មានគំនិត​បង្កើត​ថ្មីៗ​លឿន​មុនគេ​។ ពួកគេ​មិន​ចូលចិត្ត​ឡើយ​ទស្សនទាន ចាំតែ​ចម្លង​ពី​គេ​នោះ​។

​សូមបញ្ជាក់ថា ក្នុង​យុគ្គ​សម័យថ្មី​នេះ គេ​ត្រូវការ​ធនធាន​មនុស្សម្នា​ក់​ដែល​អាចធ្វើ​កិច្ចការ​បាន​«១០​មុខ​» ជាជាង​ជ្រើសរើស​បុគ្គលិក​១០​នាក់​ដើម្បី​ធ្វើ​កិច្ចការ​តែ​«​មួយ​មុខ​»​ប៉ុណ្ណោះ​។ មាន​សញ្ញាបត្រ​ខ្ពស់ តែ​មនុស្ស​គ្មាន​គុណភាព សញ្ញាបត្រ​នោះ​ពុំមាន​តម្លៃ​អ្វី​ឡើយ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com