ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត​២០១៧-២០១៨, ហ្វេ​ស​ប៊ុ​ក​ក្លាយជា​ទីលាន​ដណ្តើម​សំឡេងឆ្នោត​
09, Apr 2017 , 7:59 pm         3230
រូបភាព
ដោយ: ចំណារ
​ភ្នំពេញ​៖ បណ្តាញ​សង្គម​នឹងមាន​ឥទ្ធិពល​ផ្នែក​នយោបាយ​ខ្លាំង​ចាប់ពីពេលនេះ​តទៅ​។ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ ២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៨ ខាងមុខនេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នឹង​រឹត​តែមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ តើ​វត្តមាន​ហ្វេ​ស​ប៊ុ​ក​នឹងធ្វើ​ឲ្យ​ប្រែប្រួល​សំឡេងឆ្នោត​នៅ​កម្ពុជា​មែន​ឬទេ​?


​បណ្តាញ​សង្គម ជាពិសេស ហ្វេ​ស​ប៊ុ​ក បាននិងកំពុង​ចាប់ផ្តើម​មាន​ឥទ្ធិពល​ទៅលើ​សង្គម​នយោបាយ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។ កាលពី​ពេលមុន ហ្វេ​ស​ប៊ុ​ក ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់តែ​ចែករម្លែក​ព័ត៌មាន​កម្សាន្ត ស្នេហា ការលក់​ផលិតផល ឬ​ការសួរសុខទុក្ខ​គ្នា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចាប់ពី​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​មក បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក និង​កាសែត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត បានផ្តល់​ព័ត៌មាន​នយោបាយ​យ៉ាងច្រើន​ទៅដល់​សាធារណជន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​មើលឃើញថា គឺជា​ឧបករណ៍​ឃោសនា​នយោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាពខ្លាំង​បំផុត ព្រោះ ពលរដ្ឋ​ខ្មែរ​ជឿ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​មួយ​នេះ​។ ពួកគេ​ជឿ បើទោះបីជា​ព័ត៌មាន​ទាំងនោះ មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​ទាំងអស់​ក៏ដោយ​ក្តី​។

​ការវិលត្រឡប់​ចូល​ស្រុក​វិញ​របស់លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៣ មិនសូវ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច​ទេ​។ តែ​ព័ត៌មាន​ជុំវិញ​ការមកដល់​របស់លោក សម រង្ស៊ី នេះ​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជាពិសេស យុវជន​ផ្សព្វផ្សាយ​គ្រប់​ទីកន្លែង និង​គ្រប់​ច្រកល្ហក​។

​តូ​លេខ​បណ្តោះអាសន្ន​ចុងក្រោយ​បាន​បង្ហាញថា ប្រជាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ចំនួន​៤ ឬ​៥​លាន​នាក់​បាន​ស្រាវជ្រាវ និង​ទទួល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តាម​ការ​សែត​អន​ឡាញ​។

​ហ្វេ​ស​ប៊ុ​ក មាន​ឥទ្ធិពល​ខ្លាំង​ចាប់តាំងពី​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ​មែន​។ ប៉ុន្តែ​វា​នឹង​រឹត​តែមាន​ឥទ្ធិពល​បន្ថែមទៀត​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​២០១៧ និង​សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខនេះ​ពីព្រោះ​បច្ចេកវិទ្យា​ព័ត៌មាន​នឹង​រឹតតែ​រីកចម្រើន ហើយ​តម្លៃ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នឹង​កាន់តែ​ចុះថោក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ​។

​ដូច្នេះ អ្នកបម្រើ​នយោបាយ អ្នក​ប្រឹក្សា​នយោបាយ អ្នកតាមដាន​សភាពការណ៍​នយោបាយ និង​អ្នក​កាត់​ចង្កូត​នយោបាយ​មិនត្រូវ​មើលរំលង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​កាសែត​អន​ឡាញ​ឡើយ​។ ក្នុង​ក្រសែភ្នែក​អ្នកជំនាញ​ព័ត៌មាន ហ្វេ​ស​ប៊ុ​ក បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​នយោបាយ​នៅក្នុង​ប្រទេស​មួយចំនួន​រួចមកហើយ ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ហ្វេ​ស​ប៊ុ​ក​ក៏​កំពុង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការជំរុញ​ទឹកចិត្ត​អ្នកបោះឆ្នោត​ឲ្យ​បោះឆ្នោត​គាំទ្រ​ឬ​មិន​គាំទ្រ​គណបក្ស​ណាមួយ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខ​នេះដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...4041next