ជាតិ
បទវិភាគ
នយោបាយជាតិ
បោះឆ្នោត២០១៧-២០១៨, ហ្វេសប៊ុកក្លាយជាទីលានដណ្តើមសំឡេងឆ្នោត
× ភ្នំពេញ៖ បណ្តាញសង្គមនឹងមានឥទ្ធិពលផ្នែកនយោបាយខ្លាំងចាប់ពីពេលនេះតទៅ។ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនេះ បណ្តាញសង្គមហ្វេសប៊ុកនឹងរឹតតែមានឥទ្ធិពលខ្លាំងទៅលើសង្គមនយោបាយនៅក្នុងប្រទេសកម្ពុជា។ តើវត្តមានហ្វេសប៊ុកនឹងធ្វើឲ្យប្រែប្រួលសំឡេងឆ្នោតនៅកម្ពុជាមែនឬទេ?
បណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក បាននិងកំពុងចាប់ផ្តើមមានឥទ្ធិពលទៅលើសង្គមនយោបាយខ្លាំងនៅក្នុងប្រទេសកម្ពុជា។ កាលពីពេលមុន ហ្វេសប៊ុក ត្រូវបានគេប្រើប្រាស់សម្រាប់តែចែករម្លែកព័ត៌មានកម្សាន្ត ស្នេហា ការលក់ផលិតផល ឬការសួរសុខទុក្ខគ្នាប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣មក បណ្តាញសង្គម ហ្វេសប៊ុក និងកាសែតតាមប្រព័ន្ធអ៊ីនធឺណេត បានផ្តល់ព័ត៌មាននយោបាយយ៉ាងច្រើនទៅដល់សាធារណជន។ មិនត្រឹមតែប៉ុណ្ណោះ ហ្វេសប៊ុកត្រូវបានគេមើលឃើញថា គឺជាឧបករណ៍ឃោសនានយោបាយដ៏មានប្រសិទ្ធភាពខ្លាំងបំផុត ព្រោះ ពលរដ្ឋខ្មែរជឿព័ត៌មានដែលផ្សព្វផ្សាយលើបណ្តាញសង្គមមួយនេះ។ ពួកគេជឿ បើទោះបីជាព័ត៌មានទាំងនោះ មិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់ក៏ដោយក្តី។
ការវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ មិនសូវត្រូវបានផ្សព្វផ្សាយដោយបណ្តាញព័ត៌មានដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចទេ។ តែព័ត៌មានជុំវិញការមកដល់របស់លោក សម រង្ស៊ី នេះត្រូវបានអ្នកលេងហ្វេសប៊ុក ជាពិសេស យុវជនផ្សព្វផ្សាយគ្រប់ទីកន្លែង និងគ្រប់ច្រកល្ហក។
តូលេខបណ្តោះអាសន្នចុងក្រោយបានបង្ហាញថា ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសចំនួន៤ ឬ៥លាននាក់បានស្រាវជ្រាវ និងទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក និងតាមការសែតអនឡាញ។
ហ្វេសប៊ុក មានឥទ្ធិពលខ្លាំងចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣នេះមែន។ ប៉ុន្តែវានឹងរឹតតែមានឥទ្ធិពលបន្ថែមទៀតសម្រាប់ការបោះឆ្នោតឃុំសង្កាត់២០១៧ និងសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះពីព្រោះបច្ចេកវិទ្យាព័ត៌មាននឹងរឹតតែរីកចម្រើន ហើយតម្លៃប្រព័ន្ធអ៊ីនធឺណេតនឹងកាន់តែចុះថោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
ដូច្នេះ អ្នកបម្រើនយោបាយ អ្នកប្រឹក្សានយោបាយ អ្នកតាមដានសភាពការណ៍នយោបាយ និងអ្នកកាត់ចង្កូតនយោបាយមិនត្រូវមើលរំលងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក និងកាសែតអនឡាញឡើយ។ ក្នុងក្រសែភ្នែកអ្នកជំនាញព័ត៌មាន ហ្វេសប៊ុក បានធ្វើឲ្យមានការផ្លាស់ប្តូររបបនយោបាយនៅក្នុងប្រទេសមួយចំនួនរួចមកហើយ ហើយនៅក្នុងប្រទេសកម្ពុជាវិញ ហ្វេសប៊ុកក៏កំពុងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញទឹកចិត្តអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្រឬមិនគាំទ្រគណបក្សណាមួយក្នុងការបោះឆ្នោតឃុំសង្កាត់២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com