កីឡាអន្តរជាតិ
អន្តរជាតិ
អា​ហ្ស​ង់​ទីន​បញ្ចប់​តំណែង​គ្រូបង្វឹក​លោក Bauza
11, Apr 2017 , 11:55 am        
រូបភាព
 
​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បានបញ្ចប់​តំណែង​លោក Edgardo Bauza ជា​គ្រូបង្វឹក​ហើយ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ក្នុង​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ​មិន​បានល្អ​។​


​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៥៩​ឆ្នាំ​រូបនេះ​ត្រូវបាន​ដកចេញ​ពី​តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្រោយពី​ដឹកនាំ​ក្រុម​នៅ​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ​ឈ្នះ​តែ​៣​ប្រកួត​ប៉ុណ្ណោះ​ក្នុង​វគ្គ​ជម្រុះ World Cup ចំនួន​៨​ប្រកួត ។ 
 
​ការប្រកួត​កន្លងមក អា​ហ្ស​ង់​ទីន​មាន​២២​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥ នាំ​មុន​អេក្វាទ័រ​២​ពិន្ទុ និង​នៅក្រោម​ក្រុម​ចំណាត់ថ្នាក​លេខ​៤&៣ ចំនួន​១​ពិន្ទុ​ប៉ុណ្ណោះ​នៃ​វគ្គ​ជម្រុះ​នេះ​។ អា​ហ្ស​ង់​ទីន អាច​មិនបាន​ទៅ​រុស្ស៊ី​ដោយ​ស្វ័យប្រវត្តិ បើ​មិនអាច​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​បានទេ​នោះ​។ ក្នុងករណី​បាន​ចំណាត់​ទី​៥ អា​ហ្ស​ង់​ទីន អាច​លេង​វគ្គ​ខ្វែង​ជាមួយ​ទ្វីបអូសេអានី​បន្តទៀត ដើម្បី​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ។ 
 
​បើ​ក្រុម​ជម្រើសជាតិ​មកពី​អាមេរិក​ឡាទីន​មួយ​នេះ ធ្លាក់​ទៅដល់​លេខ​៦​នោះ អា​ស្សង់​ទីន​នឹង​មិនអាច​ឈានទៅ​ប្រកួត​ពានរង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨​នៅ​រុស្ស៊ី​ឡើយ​។ លោក Edgardo Bauza បាន​ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​កាលពី​ខែសីហា ជំនួស​លោក Gerardo Martino ដែល​លាលែង​ពី​តំណែង​ក្រោយ​ដឹកនាំ​ចាញ់​ក្រុម​ស៊ី​លី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa America​។ សម្រាប់​តំណែង​ថ្មី គេ​រំពឹងថា​អ្នកចាត់ការ​ទូទៅ​ក្រុម Sevilla លោក Jorge Sampaoli ជា​បេក្ខភាព​នាំ​មុនគេ​ដើម្បី​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទីន​នេះ​។​
  
 
​សូមបញ្ជាក់ថា​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នៅសល់​៤​ប្រកួត​ទៀត​ក្នុង​វគ្គ​ជម្រុះ​នៅ​តំបន់​អាមេរិក​ខាងត្បូង ដើម្បី​ឈានទៅ​លេង World Cup នៅ​រុស្ស៊ី ដែល​ត្រូវ​ជួប​ក្រុម​អ៊ុយ​រូ​ហ្គា​យ  វេ​ណេ​ស៊ុយ​អេ​ឡា ប៉េ​រូ និង​អេក្វាទ័រ​៕



Tag:
 បាល់ទាត់​
  អា​ហ្ស​ង់​ទីន​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com