កីឡាអន្តរជាតិ
អន្តរជាតិ
Claudio Ranieri ថា មាន​អ្នក​នៅ​ពីក្រោយ​ការបញ្ឈប់​តំណែង​លោក​ពី Leicester
12, Apr 2017 , 8:39 am        
រូបភាព

​អតីត​គ្រូបង្វឹក​ក្រុម Leicester City លោក Claudio Ranieri ជឿជាក់ថា​មាន​នរណាម្នាក់​នៅក្នុង​ក្លិប​នេះ​ប្រឆាំងនឹង​លោក​ដើម្បី​ឲ្យ​លោក​ចាកចេញ  ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មិនបាន​គិតថា អ្នក​ទាំងនោះ​ជា​កីឡាករ​ឡើយ​។​



​លោក Claudio Ranieri បាន​ដឹកនាំ Leicester លើក​ពាន​កំពូល​អង់គ្លេស Premier League ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​លោក​ត្រូវបាន​ក្រុម​កញ្ជ្រោង​ខៀវ​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រោយ​ដឹកនាំ​មិនបាន​ល្អ​នៅ​រដូវ​កាល​នេះ​។​

«​ខ្ញុំ​មិន​ជឿថា​កូនក្រុម​របស់ខ្ញុំ​ក្បត់​ខ្ញុំ​នោះទេ ទេ​! ទេ​! ខ្ញុំ​មិន​ជឿ​ដាច់ខាត​»​។ នេះ​ជាស​ម្តី​របស់​អ្នកចាត់ការ​វ័យ​៦៥​ឆ្នាំ​ប្រាប់ Sky Sports យ៉ាង​ដូច្នេះ​។ លោក​បន្ថែមថា​៖«​ម្នាក់​នោះ​ប្រហែលជា​អ្នក​ដែល​នៅ​ពីក្រោយ​ខ្ញុំ​។ ខ្ញុំ​មាន​បញ្ហា​តិចតួច​កាលពី​ឆ្នាំមុន មុនពេល​យើង​បានឈ្នះ​ពានរង្វាន់​នេះ​។ រហូតមកដល់​រដូវ​កាល​ថ្មី​នេះ នៅពេលដែល​យើង​តែងតែ​បរាជ័យ​ក្នុងការ​ប្រកួត​នោះ អ្នកនោះ​កាន់តែ​ជំរុញ​ឱ្យ​ខ្ញុំ​ចាកចេញ​បន្ថែមទៀត​»​។​



​នៅពេល​លោក Ranieri ត្រូវបាន​បញ្ឈប់​ពី​តំណែង​អ្នកចាត់ការ​ក្នុង​ទឹកដី King Power​នោះ ក្រុម​ការពារ​តំណែង​ជើងឯក Leicester មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​នៅ​ពីលើ​ក្រុម​ដែល​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ​កំពូល Premier League​។​

​ក្រោយ​បញ្ចប់​តំណែង​អតីត​គ្រូបង្វឹក Chelsea និង Juventus នេះ ក្រុម​កញ្ជ្រោង​ខៀវ Leicester បាន​ឲ្យ​លោក Craig Shakespeare ដែលជា​ជំនួយការ​លោក Ranieri ទទួលបន្ទុក​ដឹកនាំ​ក្រុម​នេះ​បណ្តោះអាសន្ន​។ ៥​ប្រកួត​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៥៣​ឆ្នាំនេះ Shakespeare បាន​ជួយ​ឲ្យ Leicester ឈ្នះ​ទាំ​៥​ប្រកួត​ឡើងទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១១​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស និង​ជួយ​ឲ្យ​ក្រុម​នេះ​ឆ្លង​ទៅលេង​វគ្គ​១៦​ក្រុម​ចុងក្រោយ រហូត​បន្តទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ Champions League ថែម​ទៀតផង​។​



​បន្ទាប់ពី​ការចាកចេញ​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ី​តា​នេះ ក្លិប​ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ថៃ ហាក់​លេង​ឡើង​ជើង​វិញ​គួរ​ឲ្យ​គត់​សម្គាល់ ដែល​ធ្វើ​ឲ្យ​លោក Ranieri បកស្រាយ​ទៅកាន់​សារ​ព័ត​មាន​មួយចំនួន​ថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​លោក​ដែល​ចង់​ឲ្យ​លោក​ចាកចេញ ខណៈ​ក្រុម​ក៏​កំពុងតែ​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​នោះ​។​



​សូមបញ្ជាក់ថា លោក Claudio Ranieri ត្រូវ​ក្លិប Leicester City បញ្ឈប់​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ខែកុម្ភៈ ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​ក្នុង​រយៈពេល​៩​ខែ​ចុងក្រោយ ហើយ​ក្លិប​ការពារ​តំណែង​ជើងឯក​នេះ បាន​ធ្លាក់​ចេញពី​ពានរង្វាន់​ជាច្រើន ដូចជា​ធ្លាក់​ចេញពី​ពាន FA ក្រោយ​ចាញ់​ក្រុម​លំដាប់​ទី​២ Millwall និង​ចុងក្រោយ​ចាញ់​ក្រុម​អេ​ស្ប៉ា​ញ Sevilla នៅ​ក្របខណ្ឌ Champion League កាលពី​លោក​នៅ​ដឹកនាំ​នោះ​៕


Tag:
 បាល់ទាត់​
  Leicester City
  Claudio Ranieri
  Craig Shakespeare
© រក្សាសិទ្ធិដោយ thmeythmey.com