កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Leicester អះអាងថា​លោក​មិន​ជាប់ទាក់ទង​នឹង​ការដក​មេ​ចាស់​របស់ខ្លួន​ឡើយ​
12, Apr 2017 , 3:50 pm        
រូបភាព
 
«​ខ្ញុំ​មិនដែល​ឈ្លោះប្រកែក​គ្នា​ជាមួយ អតីត​អ្នកចាត់ការ​ក្រុម​កញ្ជ្រោង​ខៀវ​លោក Claudio Ranieri ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Craig Shakespeare ដែលជា​អ្នកចាត់ការ​ទូទៅ​ក្លិប Leicester City បន្ទាប់ពី​លោក Claudio Ranieri ប្រាប់​សារព័ត៌មាន Sky Sports ថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​លោក ហើយ​ចង់​ប្រឆាំងនឹង​លោក ដើម្បី​ឲ្យ​លោក​ចាក​ចេញពី​ក្រុម​នេះ​។


​លោក Claudio Ranieri ដែល​ត្រូវបាន​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​ក្របខណ្ឌ Premier League បញ្ឈប់​តំណែង​កាលពី​ខែកុម្ភៈ​នោះ បាន​ប្រ​លយ​ពាក្យ​ថា​មាន​បញ្ហា​ជាមួយ​មនុស្ស​មួយចំនួន​នៅក្នុង​ក្លិប Leicester ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឈ្មោះថា​ជា​អ្នកណា​នោះទេ​។ 
 
​ការលើកឡើង​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ បានធ្វើ​ឲ្យ​គេ​ដាក់​ការសង្ស័យ​ទៅលើ​លោក Craig Shakespeare ដែល​កំពុង​ដឹកនាំ​ក្រុម Leicester City ប្រកួត​ជាមួយ Atletico Madrid ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន UEFA Champions League យប់​ថ្ងៃ​អង្គារ​នេះ​។ «​ខ្ញុំ​មិន​ចង់​និយាយថា​អ្នកនោះ​ជា​អ្នកណា​នោះទេ​។ ខ្ញុំ​ជាម​នុស្ស​ស្មោះត្រង់​។ អ្វីដែល​ខ្ញុំ​បាន​និយាយ គឺ​ខ្ញុំ​និយាយ​ទល់មុខ​គ្នា​រួចហើយ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Ranieri​។​
 
 
​ក្រោយ​ការលើកឡើង​របស់​អ្នកចាត់ការ​វ័យ​៦៥​ឆ្នាំ ដែល​ប្រាប់ Sky Sports កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មេសា ថា​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​លោក ហើយ​ជំរុញ​ឲ្យ​ក្លិប​ដក​លោក​ចេញ​នោះ អតីត​ជំនួយការ​របស់លោក Ranieri និង​អ្នកចាត់ការ​របស់ Leicester បច្ចុប្បន្ន​លោក Craig Shakespeare បាន​បកស្រាយ​ដោយ​បដិសេធថា លោក​មិន​ធ្លាប់មាន​ការទាស់ទែង​គ្នា​ជាមួយ​លោក Ranieri ឡើយ​។​
 
 អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៥៣​ឆ្នាំ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនដែល​ឈ្លោះប្រកែក​គ្នា ឬ​មាន​អារម្មណ៍​តឹងតែង​ជាមួយ​អតីត​អ្នកចាត់ការ​ក្រុម​កញ្ជ្រោង​ខៀវ​លោក Claudio Ranieri នោះទេ​។ Claudio ជា​មនុស្ស​ល្អ​និង​ពូកែ​កំប្លែង​ថែមទៀត​ផង​»​។​
 
​សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់ Shakespeare បាន​ជួយ​ឲ្យ Leicester ឈ្នះ​៥​ប្រកួត​ជាប់​គ្នា និង​ចាញ់​មួយ​ប្រ​កូត​ប៉ុណ្ណោះ ហើយ​ជួយ​ឲ្យ​ក្រុម​នេះ​អាច​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ត្រូវ​ជួប Atletico Madrid ជើង​ទី​១​ពានរង្វាន់ Champions League ថែម​ទៀតផង​៕
 
 
 

Tag:
 បាល់ទាត់​
  Claudio Ranieri
  Leicester
  Craig Shakespeare
© រក្សាសិទ្ធិដោយ thmeythmey.com