ឈ្វេងយល់​ពី​ប្រវត្តិ​ចាប៉ីដងវែង​
ជាតិ
ឈ្វេងយល់​ពី​ប្រវត្តិ​ចាប៉ីដងវែង​
30, Nov 2019 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​តើ​ចាប៉ី​មាន​ប្រភព​តាំងពី​ពេលណា​ដែរ​? យើង​នៅ​មិនទាន់​បានកំណត់​ឲ្យ​ច្បាស់លាស់​ថា ចាប៉ី​មាន​វត្តមាន​តាំងពី​ពេលណា​មក​ទេ​។ ទោះបី​ជាមាន​ប្រាសាទបុរាណ​រាប់ពាន់​ក្នុង​ទឹកដី​យើង បាន​ឆ្លាក់​ពី​ទិដ្ឋភាព​រស់នៅ ជំនឿ​សាសនា រឿងរ៉ាវ​ប្រវត្តិសាស្ត្រ សិល្បៈ ។​ល​។ ក៏ដោយ តែ​យើង​មិន​បានឃើញ​រូបរាង​ឧបករណ៍​ណាមួយ​ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​ចាប៉ីដងវែង​ដូច​យើង​បានឃើញ​សព្វថ្ងៃនេះ​ទេ​។ ឧបករណ៍​ភ្លេង​ដែល​ឃើញ​ញឹកញាប់​ជាងគេ​តាម​ជញ្ជាំង​ប្រាសាទ​នោះ គឺ​ឧបករណ៍ពិណ​។​

 
​យើង​បាន​រកឃើញ​ការបកស្រាយ​ខ្លះៗ ជា​សំណេរ តែ​ពុំមាន​លក្ខណៈ​លម្អិត​ឡើយ ជាហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុងការ​កំណត់​បាន​អំពី​ប្រភព​ពាក្យ​ចាប៉ី និង​ដើមកំណើត​ឧបករណ៍​នេះ​។ បើតាម​ការពន្យល់​ពាក្យ ពិណ ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ព​ក្នុង​ព​.​ស ២៥១១ ទំព័រ ៧៥១ មាន​សេចក្ដី​ដូច្នេះ​ថា ពិណ (​ពិន ឬ ត​.​ស​.​ស្រ​) ន (​សំ​. បា​. វី​ណា​) ចាប៉ី​៖ ដេញ​ពិណ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ យើង​ក៏​នៅ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ចាប៉ី គឺជា​ពិណ ឬ​ពិណ គឺជា​ចាប៉ី​នោះទេ​។ ដោយហេតុថា ទាំង​រូបរាង និង​តួនាទី​មាន​ភាពខុស​គ្នាច្រើន​។ បើ​យើង​ពិនិត្យ​លើ​រូបរាង​ចាប៉ី យើង​នឹង​ឃើញថា ចាប៉ី​ជា​ប្រភេទ​ឧបករណ៍​តន្ត្រី​មាន​ខ្ទង់ ហើយ​ការផ្លាស់ប្ដូរ​ពី​សម្លេង​មួយ​ប្រែប្រួល​តាម​គម្លាត​ខ្ទង់​ដែល​យើង​ចាប់​។ ខុសប្លែក​ពី​ឧបករណ៍ ពិណ ដែល​សម្លេង​អាស្រ័យ​លើ​ខ្សែ​នីមួយៗ​។ ប្រសិនបើ​ពិណ​មួយ​មាន​១៦​ខ្សែ នោះ វា​មាន​១៦​សម្លេង​ដែរ​។ ហើយ​បើ​យើង​មើល​ឲ្យ​កាន់តែ​ឆ្ងាយ​ដល់​ប្រភេទ​ឧបករណ៍​វី​ណា របស់​ឥណ្ឌា​វិញ ក៏​ភាគច្រើន​ជា​ប្រភេទ​ឧបករណ៍​មាន​ខ្ទង់​ដែរ​។ ប៉ុន្តែ​យើង​ប្រើប្រាស់​ពាក្យ​នេះ វី​ណា (​ពិណ​) ហៅ​ឧបករណ៍​តន្ត្រី​ពី​បុរាណកាល​មាន​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រសាទ​ថា ជា​ពិណ​។ តាម​ការយល់ឃើញ​រប​ស់​អ្នកនិពន្ធ ពិណ គួរតែ​ចាត់ទុកជា​ឧបករណ៍​មួយ​ដាច់ដោយឡែក​ពី​ចាប៉ី ហើយ​ពិណ​ប្រហែល​ជាមាន​ដើមកំណើត​មុន​ចាប៉ី​ដោយហេតុថា យើង​អាច​មើលឃើញ​ឧបករណ៍​ស្រដៀង​នឹង​ពិណ​របស់​យើង​មាន​លើ​ជញ្ជាំង​ប្រសាទ​បុរាណ​នៅ​អេ​ហ្ស៊ី​ប​ជាទី​អរិយធម៌​មនុស្សជាតិ​ដ៏​ចំណាស់ និង​អាច​រកឃើញ​ឧបករណ៍​ពិណ​នេះ នៅតាម​កុលសម្ព័ន្ធ​ជនជាតិដើម​មួយ​ចំនូ​ន​ផងដែរ​លើ​ពិភពលោក​យើង​នេះ​។​
 
​បើ​យោងតាម​ការបកស្រាយរ​បស់​ឧកញ៉ា​ទេព​ពិ​ទូរ ក្រ​សេម គ​ន្ថ​បណ្ឌិត អំពី​ប្រវត្តិ​វង់ភ្លេង​មហោរី ដូច្នេះ​ថា “​ភ្លេង ១ វង់​ដែល​ហៅថា “​មហោរី​” ជា​ភ្លេងខ្មែរ ១ យ៉ាង​ដែល​មានមក​អំពី​បុរាណកាល ដោយ​ខ្មែរ​បាន​ផ្ដើម​បង្កើតឡើង​ដោយ​គំនិត​ខ្លួនឯង​ជាដំបូង ក្នុង​វេលា​ដែល​ខ្មែរ​ចុះមក​នៅក្នុង​ប្រទេស​កម្ពុ​ជា​នេះហើយ​.......”​។ ក្នុងការ​រៀបរាប់​បន្ទា​ប់ ក៏មាន​ការពណ៌នា​អំពី​គ្រឿង​ភ្លេង​មហោរី​ជាន់​ដើម ក្នុងនោះ​ក៏មាន “​ចាប៉ី​” ផងដែរ​។  បើ​យើង​សង្កេត​ឃ្លា​ថា “​ចុះមក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នេះ​......” និង​ពាក្យ​ថា “​ចាប៉ី​” ព្រមទាំង​ផ្អែកលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​ដូនតា​យើង​មក​តាំង​រាជធានី​ថ្មី​នៅ​ភ្នំពេញ​ក្នុង​គ​.​ស ១៤៣២​នោះ យើង​អាច​សន្និដ្ឋានបានថា វត្តមាន ចាប៉ី ក្នុង​វប្បធម៌​ខ្មែរ​គឺ​កើតមានឡើង​មុន​ឆ្នាំ ១៤៣២ (​សតវត្សរ៍​ទី ១៥) ទៅទៀត​។​
​ចំពោះ​តួនាទី​វិញ ពិណ ជា​ឧបករណ៍​តន្ត្រី​សម្រាប់​លទ្ធិ​ទេវ​និយម ប្រើ​ប្រគំ​ក្នុង​វង់ភ្លេង​ពិណពាទ្យ​ថ្វាយ​អាទិទេព ខុសស្រឡះ​ពី ចាប៉ី ដែលជា​ឧបករណ៍​តន្ត្រី​ដែល​ទទួល​ឥទ្ធិពល​ពី​ពុទ្ធសាសនា និង​សម្រាប់​ជីវភាព​ខ្មែរ​ផង​ដូចជា ការសម្ដែង​ចាប៉ី​ក្នុងន័យ​អប់រំ និង​សម្ដែង​ក្នុង​ភ្លេង​ការ អារក្ស និង​មហោរី​។​
 
​ចាប៉ីដងវែង​ចែកចេញជា ៣ ផ្នែក​គឺ តួ ខ្សែ និង​ក្រចក ដូចតទៅ​៖
១.​ ​ស្នូក (​ប្រអប់​សូរ​) រាង​ស្ទើរ​មូល​ស្ទើរ​ជ្រុង​ធ្វើ​ពី​ឈើ​ខ្នុរ ឬ​បេង​។​
២.​ ​សន្ទះ​មុខ ធ្វើ​ពី​ឈើ​ស្រាល ដូចជា​ស្រល់ ឬ​រលួស​។ 
៣.​ ​ដង ធ្វើ​ពី​ដើម​ក្រសាំង​។ 
៤.​ ​ខ្ទង់ មាន​ចំនួន​ដប់​ពីរ ធ្វើ​ពី​ឈើ ឬ​ភ្លុក​។ 
៥.​ ​ខ្សែ មាន​ចំនួន ២​។ ខ្សែ​ឯក សម្រាប់​រត់​សាច់​បទ និង​ខ្សែគ សម្រាប់​បន្ទរ​។ ខ្សែ​ទី​៣ សម្រាប់​ទប់​ខ្ទង់​មិន​ឲ្យ​ជ្រុះ​។ 
៦.​ ​ព្រ​លួត ឬ បង្គាន មាន​ចំនួន ៣​។​
៧.​ ​ធរណី សម្រាប់​កល់​ខ្សែ​ផុតពី​ខ្ទង់​។​
៨.​ ​ក្រាញ ឬ គីង្គក់​។​
៩.​ ​ក្រចក សម្រាប់​ត្រេះ ធ្វើ​ពី​ឆ្អឹង ឬ​ខ្សែ​នីឡុង​។​
​ចាប៉ី​ដែលមាន​សំឡេង​ពីរោះ គឺ​ធ្វើតាម​ពាក្យ​ពោលថា “​ស្នូក​រាំង ដង​ក្រសាំង  សន្ទះ​ខ្ទុម្ព  គីង្គក់​ធ្នង់  ខ្ទង់​ឆ្អឹង​”​។​
​តាម​គំនិត​ចាស់​បុរាណ បានឱ្យ​និ​មិ​ត្ដ​រូប​លើ ឧបករណ៍​នេះ​ថា “​ស្នូក​តំណាង​ក្បាល​នាគ ដង​តំណាង​ខ្លួន​នាគ ប្រ​ពែ​តំណាង​កន្ទុយ​នាគ​” ៕
 
 ការប្រើប្រាស់​ឧបករណ៍​ចាប៉ីដងវែង​
​ឧបករណ៍​ចាប៉ីដងវែង ត្រូវបាន​ប្រើប្រាស់​ក្នុង​ទម្រង់​សិល្បៈ​ចំនួន​៤ ដូចជា​៖
១. មុខងារ​ក្នុង​វង់ភ្លេង​អារក្ស​
​ក្នុង​ជំនឿ​ខ្មែរ ប្រសិនបើ​អ្នកណាម្នាក់​មាន​ជំងឺ ក៏​ព្រោះតែ​ធាតុ​ណាមួយ​ក្នុងចំណោម​ធាតុ​ទាំង ៤ គឺ ធាតុទឹក ធាតុដី ធាតុភ្លើង ធាតុខ្យល់ ក្នុង​ខ្លួន​អ្នកជំងឺ (​កូនចាប​) ដើរ​មិនត្រូវ​ប្រក្រតី ។ ដូច្នេះ គេ​ត្រូវ​ប្រគុំ​ភ្លេងអារក្ស ដើម្បី​ជួយ​សម្រួល​ធាតុ​ទាំង ៤ ក្នុង​រាងកាយ​អ្នកជំងឺ​ឲ្យ​មានដំណើរ​ជា​ប្រក្រតី​ឡើងវិញ​។​
 
​ឈ្មោះ​ឧបករណ៍​ពីឆ្វេង​ទៅ​ស្ដាំ​៖ ស្គរអារក្ស (​ចំនួន ៤) ទ្រខ្មែរ សាយដៀវ ប៉ីបបុស ទ្រអ៊ូ ចាប៉ីដងវែង​
២. មុខងារ​ក្នុង​វង់ភ្លេង​ការ​បុរាណ​
​វង់ភ្លេង​ការ មាន​សារសំខាន់​ណាស់​សម្រាប់​ការរៀបចំ​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ និង​កូនកំលោះ កូនក្រមុំ ពីព្រោះ​ទំនុកច្រៀង​វង់ភ្លេង​ការ សុទ្ធតែ​បង្កប់​អត្ថន័យ​អប់រំ​ឲ្យ​មនុស្ស​ស្រឡាញ់​ស​ម្ប​តិ្ត​ធម្មជាតិ ស្រឡាញ់​ជំនឿ ស្រឡាញ់​មនុស្ស អប់រំ​ឲ្យ​មនុស្ស​ចេះ​អត់ធ្មត់ ចេះ​ទទួលខុសត្រូវ​ក្នុង​ជីវិត ចេះ​ស៊ូទ្រាំ​នឹង​ការលំបាក មានការ​រស់នៅ​ថ្លៃថ្នូរ ប្រកបដោយ​គុណធម៌​សុចរិតធម៌ និង​សច្ចៈ​ធម៌ ។​
​វង់ភ្លេង​ការចែក​ជា ២ វង់ គឺ​វង់ភ្លេង​ការ​បុរាណ និង​ភ្លេង​ការ​សម័យ​កណ្ដាល​។   ចាប៉ីដងវែង​មាន​វត្ត​មានតែ​ក្នុង​វង់ភ្លេង​ការ​បុរាណ​ប៉ុណ្ណោះ​។ 
 
 
 
 
 
 
 
 
 
​ឈ្មោះ​ឧបករណ៍​ពីឆ្វេង​ទៅ​ស្ដាំ​៖ ស្គរ ទ្រអ៊ូ សាយដៀវ ទ្រខ្មែរ ឆឺង ប៉ីបបុស ចាប៉ីដងវែង ស្គរ​
​ក្នុងការ​ប្រគំ​ជាមួយ​វង់ភ្លេង​ការ និង​វង់ភ្លេង​អារក្ស ចាប៉ី​ត្រូវ​រឹត​តាម​ប៉ីបបុស​។​
 
 
៣. មុខងារ​ក្នុង​វង់ភ្លេង​មហោរី​
​វង់ភ្លេង​មហោរី ត្រូវបាន​បែងចែក​ជា ២ ក្រុម គឺ​មហោរី​គ្រឿង​ពិណពាទ្យ ឬ​មហោរី​គ្រឿង​ធំ (​វង់​ធំ​) និង​មហោរី​គ្រឿង​ខ្សែ​។ ក្នុង​មួយក្រុម មាន​ឧបករណ៍​តន្ត្រី ១២​មុខ ហើយ​ចាប៉ីដងវែង គឺ​ស្ថិតក្នុង​វង់ភ្លេង​មហោរី​គ្រឿង​ខ្សែ​។ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន ចាប៉ីដងវែង មិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​វង់ភ្លេង​មហោរី​ទៀត​ទេ​។​
 
(​វង់ភ្លេង​មហោរី​ថត​ក្នុងសម័យ​បារាំង​ចូល​ស្រុក​?)
​ឈ្មោះ​ឧបករណ៍​ពីឆ្វេង​ទៅ​ស្ដាំ​៖ ស្គរ ចាប៉ីដងវែង គង ទ្រខ្មែរ រនាតឯក​
 
​ឈ្មោះ​ឧបករណ៍​ពីឆ្វេង​ទៅ​ស្ដាំ​៖ ស្គរ រម​នា រនាតធុង ទ្រអ៊ូ ឈឹង រនាតឯក ទ្រសោ ខ្លុយ ក្រពើ (​តាខេ​)
 
៤. មុខងារ​ក្នុង​ចម្រៀង​ចាប៉ីដងវែង​
​ចាប៉ីដងវែង ជា​ឧបករណ៍​សម្រាប់​ប្រគុំ​ពេល​ច្រៀង ហើយ​ការ​ច្រៀង​នេះ​ទៀតសោត គឺ​ប្រើប្រាស់​ជា​ពាក្យកាព្យ ឬ​កម្រងកែវ​ដែល​រំលឹក​ពី​ក្បួន​សាស្ត្រា​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ដូនតា ពី​សីលធម៌​ក្នុងការ​រស់នៅ ពី​សុភាសិត ឬ​រៀបរាប់​ពី​រឿងព្រេង​និទាន​ផ្សេងៗ​។ ការ​ច្រៀង​ច្រើន​ប្រកបដោយ​សិល្ប​វិធី​ពិ​រោះ​ស្ងប់ ហើយ​សិល្បករ​អាច​ជ្រើសរើស​សម្ដែង​ច្រៀង​ទោល ឬ​ឆ្លងឆ្លើយ​។ អ្នក​ច្រៀង​ត្រេះ​ផង ច្រៀង​ផង​។ នៅក្នុង​ទម្រង់​ចម្រៀង​ចាប៉ីដងវែង ចាប៉ីដងវែង ត្រូវ​រឹត​តាម​សំឡេង​អ្នកចម្រៀង​។​
 
 
 សាច់ភ្លេង​ធំៗ​ទាំង ៤ សម្រាប់​លេង​កំដរ​ពេល​ច្រៀង​ទោល និង​ឆ្លើយឆ្លង​រួមមាន​៖ 
១ បទ​ផាត់ជាយ​៖ ប្រើ​សម្រាប់​នមស្សកា (​គុណព្រះរតនត្រ័យ​)​រំលឹក​គុណគ្រូ មាតា បិតា​)​។​
២ បទ​សំពោង​៖ ប្រើ​សម្រាប់​បង្ហាញ​អារម្មណ៍​កំសត់ និរាស​ព្រាត់ប្រាស​។​
៣ បទ​ផាត់ជាយក្លាយ​៖ ប្រើ​សម្រាប់​រៀបរាប់​ដំណើររឿង​វែង​អន្លាយ​។​
៤ បទ​នគររាជ​៖ ប្រើ​សម្រាប់​ជូនពរជ័យ​។​
 
​ក្រៅ​ពីបទ​ធំ​ទាំង​៤​នេះ ចាប៉ីដងវែង​ប្រើប្រាស់​សាច់ភ្លេង​ជាច្រើន​ទៀត​ដែល​តម្រូវ​តាម​បរិយាកាស​សាច់រឿង និង​ទេពកោសល្យ​របស់​សិល្បក​រ​។ សាច់ភ្លេង​ទាំងនោះ​រួមមាន បទ​បំពេរ  សា​រោម​មេ សា​រោម​មេជើង​ព្រៃ នគររាជជើងព្រៃ ។​ល​។​
 
​ស្រាវជ្រាវ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​សហគមន៍​ចាប៉ី​អមតៈ​
​ផ្តល់​សិទ្ធិ ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​
 


© រក្សាសិទ្ធិដោយ thmeythmey.com