ជាតិ
រថយន្ត
ក្រសួង ផ្ដល់​សិទ្ធិ​ឲ្យ​ហាង​លក់​យានយន្ត ចុះបញ្ជី​រថយន្ត​ជូន​អតិថិជន ចាប់ពី​ខែកក្កដា​តទៅ​
12, Apr 2017 , 5:23 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុញ្ញាត​ឲ្យ​ហាង​លក់​យានយន្ត មាន​សិទ្ធិ​ចុះបញ្ជី​រថយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផ្ដល់​បណ្ណ​សម្គាល់ និង​បំពាក់​ស្លាក​លេខ​ជូន​អតិថិជន​របស់ខ្លួន​នៅ​ហាង​តែម្ដង​។ ចាប់ពី​ថ្ងៃទី​១​ខែកក្កដា​ខាងមុខនេះ ការចុះបញ្ជី​រថយន្ត​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី ខេត្ត ឬ​ទីតាំង​ផ្ដល់​សេវាសាធារណៈ​ដទៃទៀត មិនត្រូវ​បានអនុញ្ញាត​ឡើយ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង នៅ​ថ្ងៃទី​៧​ខែមេសា​។​



​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ ក្រសួង​សាធារណការ​បានអនុញ្ញាត​ឲ្យ​ហាង​លក់​យានយន្ត​ទាំងអស់​មាន​សិទ្ធិ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផ្ដល់​បណ្ណ​សម្គាល់ និង​បំពាក់​ស្លាក​លេខ ជូន​អតិថិជន​របស់ខ្លួន​នៅ​ហាង​តែម្ដង​។

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សាធារណៈការ ហាង​នីមួយៗ​ត្រូវមាន​លិខិតអនុញ្ញាត​បំពេញបែបបទ​ចុះបញ្ជី​យានយន្ត​ពី​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៧ ហើយ​ត្រូវ​ធានាថា យានយន្ត​ដែល​បាន​លក់​ជូន​អតិថិជន​ពី​ហាង​របស់ខ្លួន​ត្រូវមាន​បណ្ណ​សម្គាល់ និង​បំពាក់​ស្លាក់​លេខ ដើម្បី​អាចធ្វើ​ចរាចរណ៍​លើផ្លូវ​ថ្នល់​បាន​។​

​សេចក្ដីជូនដំណឹង​ដដែល​បាន​បន្តថា ម្ចាស់​យានយន្ត​ត្រូវ​ស្នើសុំ​ចុះបញ្ជី​យានយន្ត​របស់ខ្លួន​នៅ​ហាង​លក់​យានយន្ត​។ ក្រសួង​សាធារណៈការ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការចុះបញ្ជី​យានយន្ត​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រា​ធានី ខេត្ត ឬ​ទីតាំង​ផ្ដល់​សេវាសាធារណៈ​ដទៃទៀត​មិនត្រូវ​បានអនុញ្ញាត​ឡើយ ចាប់ពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៧ »​។​

​កាលពី​ថ្ងៃទី​៥​ខែមេសា ក្រសួង​បានចេញ​សេចក្ដីណែនាំ​មួយ ដើម្បី​បញ្ឈប់​ការចុះបញ្ជី​ទោចក្រយានយន្ត (​ម៉ូតូ​) នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ដោយ​ប្រគល់​សិទ្ធិ​នេះ​ទៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​ខ​ណ្ឌ​នៃ​រាជធានី និង​ខេត្ត អនុវត្ត​សាកល្បង​មុខងារ​ចុះបញ្ជី​តាម​អន​ឡាញ​នេះ​។ ចំពោះ​ការិយាល័យ​ច្រកចេញចូល​នៅតាម​រាជធានី ខេត្ត​ណា​ដែល​មិនទាន់​ត្រៀមលក្ខណៈ​រួចរាល់ មន្ទីរ​សាធារណការ​នៅតែ​បន្ត​ផ្ដល់​សេវា​ចុះបញ្ជី​ទោចក្រយានយន្ត​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​លោក ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការចុះបញ្ជី​ទាំង​រថយន្ត និង​ម៉ូតូ អាចធ្វើ​បាន​នៅ​ហាង​លក់​យានយន្ត​។ ប៉ុន្តែ​ករណី​មួយទៀត​នោះ គឺ​ម្ចាស់​ម៉ូតូ​ក៏​អាច​សុំ​ចុះបញ្ជី​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​បានដែរ​។

​សូមបញ្ជាក់ថា ក្រសួង​សាធារណការ បាន​បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​តាម​អន​ឡាញ ចាប់ពី​ថ្ងៃទី​៣០​ខែមករា​ឆ្នាំនេះ​។ ហើយ​ក្រសួង​បាន​ដាក់ចេញ​ផែនការ​ឲ្យ​មានការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ​យ​ប្រវត្តិ​កម្មនេះ នៅ​គ្រប់​ហាង​លក់​យានយន្ត​នៅ​ទូទាំងប្រទេស​៕


Tag:
 ចុះបញ្ជី​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com