បទយកការណ៍ / បទសម្ភាសន៍
កម្ពុជាត្រៀមចុះបញ្ជីល្បែងអុកចត្រង្គក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ
× សៀមរាប៖ ពីខេត្តសៀមរាបក្នុងពិធីអង្គរសង្ក្រាន្ត លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិយាយថា ស្ថាប័នលោកបាន និងកំពុងត្រៀមចុះបញ្ជីល្បែងអុកចត្រង្គទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅក្នុងអង្គការយូណេស្កូ។ ការប្រកាសរបស់លោក បានធ្វើឡើងនៅក្នុងខេត្តសៀមរាបក្នុងខណៈពេលដែលលោកបានដឹកនាំក្រុមកីឡាករ កីឡាការិនីល្បុកតោ និងល្បែងអុកចត្រង្គឲ្យចូលរួមប្រកួត និងសម្តែងនៅក្នុងពិធីអង្គរសង្ក្រាន្តខេត្តសៀមរាប។
សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដូចតទៅ៖
អស់រយៈពេលប្រមាណជា៥ឆ្នាំមកហើយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំការប្រកួតល្បែងអុកចត្រង្គនៅក្នុងខេត្តសៀមរាបក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ហើយកាលពេលថ្មីៗកន្លងមកនេះ លោក វ៉ាត់ ចំរើន បានចូលរួមចំណែកបង្កើតសហព័ន្ធល្បែងអុកចត្រង្គរួចរាល់ហើយ។
ចេញពីលទ្ធផលទាំងពីរខាងលើនេះ លោក វ៉ាត់ ចំរើន ត្រូវការរយៈពេលប្រមាណជាជិតពីរឆ្នាំដើម្បីរៀបចំឯកសារនានា មុននឹងស្នើការចុះបញ្ជីទៅក្នុងអង្គរការយូណេស្កូ។ លោកថា ពីពេលឥឡូវនេះទៅដល់ឆ្នាំ២០១៨ លោកត្រូវរៀបចំឯកសារឲ្យបានចប់ពី៩០ទៅ១០០ភាគរយ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន រំពឹងទុកថា លោកនឹងស្នើការចុះបញ្ជីល្បែងអុកចត្រង្គនេះទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅក្នុងអង្គការយូណេស្កូនៅឆ្នាំ២០១៩ខាងមុខនេះ ពោល គឺឲ្យបានមុនព្រឹត្តិការណ៍ការប្រកួតស៊ីហ្គែមឆ្នាំ២០២៣នៅក្នុងប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com