ជាតិ
សង្គមជាតិ
អង្គរ​សង្ក្រាន្ត ជា​ឱកាស​ដែល​សម្បត្តិ​វប្បធម៌​រូបី និង​អរូបី​ជួបគ្នា​
14, Apr 2017 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៥​កំពុងតែ​ប្រព្រឹត្តទៅ​នៅក្នុង​ខេត្តសៀមរាប​។ សម្តេចនាយក​ក​រដ្ឋមន្ត្រី​ហ៊ុន សែន បានធ្វើ​អធិបតី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ព្រឹក​ថ្ងៃទី​១៤​មេសា​នេះ​នៅក្នុង​បរិវេណ​ប្រាសាទបាយ័ន​។ អភិបាលខេត្ត​សៀមរាប ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​នាយករដ្ឋមន្ត្រី សុទ្ធតែ​ទទួលស្គាល់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ទាក់ទាញ​ទេសចរ និង​ជា​ឱកាស​នៃ​ការបង្ហាញ​ទម្រង់​វប្បធម៌​ខ្មែរ​ដ៏​ច្រើន​សម្បូរបែប​។​



​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថា អង្គរ​សង្ក្រាន្ត​បាន​ទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​ក្នុងពេល​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​កាន់តែ​កើន​រៀងរាល់ឆ្នាំ​។ លោក​បន្តទៀតថា អ្នក​មក​ទស្សនា​នៅ​អង្គរ​សង្ក្រាន្ត​គឺជា​ឃោសនិក​ទេសចរណ៍​យ៉ាងសំខាន់​។​



​រីឯ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី ដែលជា​អ្នកដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​៥​ឆ្នាំ​មកហើយ​នោះ បាន​អះអាងថា ក្រៅពី​ជោគជ័យ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ អង្គរ​សង្ក្រាន្ត​បាន​បង្កើត​បរិយាកាស​ស​ប្បាយ​រីករាយ​សម្រាប់​ព​ល​រដ្ឋ​ខ្មែរ និង​មិត្តភក្តិ​បរទេស ក៏ដូចជា​ការលើកតម្កើង​មុខមាត់ និង​បង្ហាញ​កិត្យានុភាព​កម្ពុជា​ទៅកាន់​ពិភពលោក​ដែរ​។​



​សម្រាប់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​វិញ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានគាស់​កកាយ​នូវ​នូវ​សម្បត្តិ​វប្បធម៌​អរូបី​មក​បង្ហាញ​នៅលើ​ទីតាំង​នៃ​ប្រវត្តិសាស្ត្រ​រូបី ហើយ​ដែល​បាន​ក្លាយទៅជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​ទៀតផង​។ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​រម្លឹក​ដឹងគុណ​ដល់​ដូនតា​ខ្មែរ និង​អតីតព្រះមហាក្សត្រ និង​ព្រះមហាក្សត្រ​យា​នី​ដែល​បាន​យក​ព្រះទ័យ​ទុកដាក់​ក្នុង​ការកសាង​ប្រសាទ​បុរាណ​ខ្មែរ ហើយ​ដែល​ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​អាចមាន​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​អង្គរ​សង្ក្រាន្ត​នៅពេលនេះ​។​
​សម្តេច​ក៏បាន​រម្លឹក​ផងដែរ​ដល់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះ​នរោត្តម សីហនុ ដែល​រាល់ពេល​នៃ​ការចរចា​សន្តិភាព​បាន​គិតគូរ​ជាមួយ​សម្តេច​អំពី​សុវត្ថិភាព​នៃ​តំបន់​អង្គរ​៕


Tag:
 អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com