កីឡាជាតិ
ជាតិ
កីឡា​ទាញព្រ័ត្រ​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព​
14, Apr 2017 , 6:03 pm        
រូបភាព
​សៀមរាប​៖ ជា​រៀងរាល់ឆ្នាំ នៅក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​គឺ​តែង​លើកយក​កីឡា​ចម្រុះ​មកលេង​សប្បាយរីករាយ ក្នុងនោះ​ក៏មាន​កីឡា​ទាញព្រ័ត្រ​ផងដែរ​។ ដូច​ឆ្នាំនេះ ពិធី​ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត បាន​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​ថ្ងៃទី​១៤ មេសា ក្រោម​វត្តមាន​សម្តេច ហ៊ុន សែន និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជាច្រើន​នាក់​។ កីឡា​ទាញព្រ័ត្រ គឺជា​កីឡា​មួយ ដែល​បង្ហាញ​ពី​កម្លាំង​សាមគ្គី​រវាង​គ្នា​ទៅវិញទៅមក​។​



​លោក អ៊ុំ វុទ្ធី សាស្ត្រាចារ្យ​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​ភ្នំពេញ​ផ្នែក​នាថ​សាស្ត្រ​មានប្រសាសន៍ថា កីឡា​ទាញព្រ័ត្រ​នេះ​ខ្មែរ​មាន​រាប់ពាន់​ឆ្នាំ​មកហើយ​។ លោក​បន្ថែមថា  មាន​ចម្លាក់​មួយចំនួន​នៅក្នុង​ប្រាសាទ​អង្គរ ដែល​ទាក់ទង​នឹង​កីឡា​ទាញព្រ័ត្រ ក្នុងនោះ​រួមមាន រឿង​កូរ​សមុទ្រ​ទឹកដោះ រាមកេរ្តិ៍ និង​មហា​ភារត​។​

​លោក​សាស្ត្រាចារ្យ​បន្ថែមទៀតថា ពាក្យ «​ព្រ័ត្រ​»​មានន័យថា កម្លាំង​មហា​សាមគ្គី​រវាង​ទេវ និង​អាសូរ ហើយ​ជាការ​កកើត​ភោគផល​ដំណាំ​ផ្សេងៗ ដែល​កើតចេញពី​ការ​កូរ​សមុទ្រ​ទឹកដោះ​។ «​ហើយ​រាល់​ពិធីបុណ្យ​ចូលឆ្នាំ​ម្តងៗ ខ្មែរ​មិនដែល​ភ្លេច​កីឡា​ទាញព្រ័ត្រ​នេះ​ទេ ព្រោះ​វា​ជា​កីឡា​ល្បងប្រាជ្ញា ល្បង​កម្លាំង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​សាស្ត្រាចារ្យ អ៊ុំ វុទ្ធី​។​

​គួរ​បញ្ជាក់ថា កីឡា​ទាញព្រ័ត្រ​របស់​ខ្មែរ ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៥៕

​សូម​ទស្សនាការ​ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត ដែល​ចូលរួម​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី និង​លោកជំទាវ នៅមុខ​ប្រាសាទអង្គរវត្ត​ដូចតទៅ​៖
































Tag:
 ទាញព្រ័ត្រ​
  អង្គរ​សង្ក្រាន្ត​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com