ជាតិ
សង្គមជាតិ
៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» មាន​មនុស្ស​ចូលរួម​ជិត ១០​ម៉ឺន​នាក់​
17, Apr 2017 , 2:40 pm        
រូបភាព
ភ្នំពេញ​៖​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ថ្ងៃនេះ នៅ​រាជធានី​ភ្នំពេញ មាន​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​»  ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ពលរដ្ឋ ដែល​មិនបាន​ចាក​ចេញពី​ភ្នំពេញ​។ រយៈពេល ៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ជិត ១០​ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​សង្ក្រាន្ត​វត្តភ្នំ មាន​ភាព​អ៊ូអរ​។​

 
​បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី រយៈពេល ៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» នេះ មាន​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ជិត ១០​ម៉ឺន​នាក់​។ លោក ម៉េ​ត មាស​ភក្ដី លើកឡើងថា វត្តមាន ស្នាមញញឹម ប្រជាជន​ជិត ១០ ម៉ឺន​នាក់ បានធ្វើ​ឲ្យ​វត្តភ្នំ​មាន​មោទកភាព​ខ្លាំង​។ រីឯ​ក្រុមការងារ​វិញ ក៏​បាត់ភាព​នឿយហត់ ដែល​ទទួល​មកវិញ​នូវ​កម្លាំងចិត្ត​ពិបាក​ពណ៌នា​។​
 
 ​អ្នកនាំពាក្យ​រូបនេះ លើកឡើងថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​សប្បាយរីករាយ និង​មោទកភាព​ខ្លាំងណាស់ ដោយ​ឆ្នាំនេះ បានរៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ធំ​ជាង​មុន  ដែលមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​។ លោក ម៉េត មាស​ភក្ដី បញ្ជាក់ទៀតថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​នេះ ជា​មោទកភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​រៀបចំ​សម្រាប់​ពលរដ្ឋ​ដែល​មិន​ចាក​ចេញពី​ក្រុង ឲ្យ​មាន​ភាពសប្បាយ​រីករាយ​។​
 
​ចំពោះ​បញ្ហា​សន្តិសុខ សុវត្ថិភាព​វិញ អាជ្ញាធរ បាន​ថែ​រក្សាសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដោយ​មិនមាន​បញ្ហា​អសកម្ម​អ្វី​ឡើយ​ ​។ នេះជាការអះអាងរបស់លោក មាសភក្តី មុននឹងអះអាងថា ​«សង្ក្រាន្តវត្តភ្នំ» នឹងមានវត្តមាននៅនៅ​ឆ្នាំក្រោយបន្តទៀត ថែមទាំងរៀបចំ​ធំ​ជាង​នេះទៅទៀត​។

​«​សង្ក្រាន្ត​វត្តភ្នំ​» រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សំណាក់​ខណ្ឌ​ទាំង​១២ ។ ក្នុងកម្មវិធីនេះមានកម្ម​វិធី​តាំង​បង្ហាញ​ផលិតផល​កសិករ ការតាំង​បង្ហាញ​ផ្ទះ​បុរាណ និង​ល្បែង​ប្រជាប្រិយ​ចំនួន ​១៦​ប្រភេទ​៕

 
 
 
 
 
 

Tag:
 សង្ក្រាន្ត​វត្តភ្នំ​
  ចូលឆ្នាំ​
 ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com