ជាតិ
សង្គមជាតិ
ទស្សនាវដ្តី Forbes បញ្ចូលឈ្មោះយុវជនខ្មែរបីរូបក្នុងបញ្ជីសហគ្រិនឆ្នើម 30 Under 30 Asia 
រូបពីឆ្វេងទៅស្តាំ៖ លោក ផាវ ដារ័ត្ន លោក សុខ សុភមង្គល និងកញ្ញា កែវ គូនីឡា។ ប្រភពទស្សនាវដ្តី Forbes
×![]()
យុវជនកម្ពុជា៣រូបដែលក្នុងនោះ មាន លោក ផាវ ដារ័ត្ន កញ្ញា កែវ គូនីឡា និងលោក សុខ សុភមង្គល ត្រូវបានទស្សនាវដ្តី Forbes បញ្ចូលឈ្មោះក្នុងបញ្ជីយុវសហគ្រិនឆ្នើមប្រចាំអាស៊ី ដែលមានអាយុក្រោម៣០ឆ្នាំ (Forbes 30 Under 30 Asia) សម្រាប់ឆ្នាំ២០១៧នេះ។
ទស្សនាវដ្តី Forbes បានចេញផ្សាយបញ្ជី 30 Under 30 Asia ប្រចាំឆ្នាំ២០១៧ ក្នុងនោះមានយុវជន ៨០០នាក់ ឬក្រុម ដែលមានសក្តានុពលខ្ពស់ផ្នែកសហគ្រិនភាព ជាពិសេសការបង្កើតថ្មី។ ក្នុងបញ្ជីនេះ Forbes បែកចេញជា១០ផ្នែកដោយក្នុង១ផ្នែកៗ មានសហគ្រិន ឬក្រុមចំនួន៣០ ។ យុវជនទាំងនោះមកពីបណ្តាប្រទេសចំនួន២៤មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក គិតទាំងម្ចាស់ស្រុក និងអាណិកជន ដោយជាង៦៥ភាគរយបានបង្កើតក្រុមហ៊ុនដោយខ្លួនឯង។
ផ្នែកទាំង១០នោះ មាន សិល្បៈ (The Arts) កម្សាន្ត និងកីឡា (Entertainment & Sports) ហិរញ្ញវត្ថុ និងការបណ្តាក់ទុន (Finance & Venture Capital) ឧស្សាហកម្ម កម្មន្តសាល និងថាមពល (Industry, Manufacturing & Energy) ប្រព័ន្ធផ្សព្វផ្សាយ ទីផ្សារ និងពាណិជ្ជកម្ម (Media, Marketing & Advertising) លក់ដូរ និងពាណិជ្ជកម្មអេឡិចត្រូនិក (Retail & Ecommerce) ការថែទាំសុខភាព និងវិទ្យាសាស្ត្រ (Healthcare & Science) សហគ្រិនសង្គម (Social Entrepreneurs) បច្ចេកវិទ្យាសហគ្រាស (Enterprise Technology) និង សេវាកម្មបច្ចេកវិទ្យា (Consumer Technology)។
លោក ផាវ ដារ័ត្ន អាយុ២៨ឆ្នាំ ជានាយកប្រតិបត្តិអង្គការ WaterSHED ។ លោកមានឈ្មោះក្នុងបញ្ជីសហគ្រិនសង្គមឆ្នើម។ លោក ដារ័ត្ន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យគ្រួសារជនបទប្រើប្រាស់ទឹក និងបង្គន់អនាម័យ ដែលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខភាពសាធារណ។
លោក សុខ សុភមង្គល អាយុ២៨ឆ្នាំ ជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Codingate ។លោកស្ថិតក្នុងបញ្ជីបច្ចេកវិទ្យាសហគ្រាស។ ក្រុមហ៊ុនរបស់លោក ជួយសម្រួល និងផ្តល់សេវាកម្មដល់ម្ចាស់អាជីវកម្មគ្រប់ខ្នាតក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។ កាលពីឆ្នាំ២០១៦ លោកបានទទួលពានរង្វាន់ Smart Technology Entrepreneur Award។
កញ្ញា កែវ គូនីឡា អាយុ២៩ឆ្នាំ ទីប្រឹក្សាផ្នែកសារព័ត៌មាន និងជាស្ថាបនិកគេហទំព័រ WhenInPhnompenh.com ។ When In Phnom Penh ជាមគ្គុទេសក្ក៍័អនឡាញដែលផ្តល់ឱកាសដល់យុវជនកម្ពុជាចែករំលែកការយល់ដឹង និងការមើលឃើញរបស់ខ្លួនទាក់ទងនឹងរាជធានីភ្នំពេញ។ គូនីឡា មានបទពិសោធន៍ការងារនៅតាមបណ្តាញផ្សព្វផ្សាយ និងអង្គការធំៗជាច្រើន។សម្រាប់បញ្ជី 30 Under 30 Asia គាត់មានឈ្មោះក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទីផ្សារ និងពាណិជ្ជកម្ម។
ក្នុងចំណោមយុវជន៣០០នាក់/ក្រុម កុមារីអូស្ត្រាលី Anvitha Vijay ជាសហគ្រិនដែលមានអាយុតិចជាងគេ ពោលគឺត្រឹម១០ឆ្នាំប៉ុណ្ណោះ។ កាលពីអាយុ៧ឆ្នាំ នាងបានមើល Youtube ហើយកើតចេញគំនិតបង្កើត App មួយដែលមានឈ្មោះថា Smartkins Animals ក្នុងគោលបំណងជួយក្មេងៗឲ្យយល់ដឹងអំពីសត្វព្រៃ។ កីឡាករបាល់ទាត់កូរ៉េខាងត្បូង Son Heungmin អាយុ២៤ឆ្នាំ ដែលកំពុងលេងឲ្យក្លិប Tottenham Hotspur ក៏មានឈ្មោះនៅក្នុងបញ្ជីផ្នែកកីឡាផងដែរ៕
Tag:
Forbes
ផាវ ដារ័ត្ន
សុខ សុភមង្គល
កែវ គូនីឡា
© រក្សាសិទ្ធិដោយ thmeythmey.com