ជាតិ
សេដ្ឋកិច្ច
World Bank៖ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាពិសេសកម្ពុជា មានកំណើនសេដ្ឋកិច្ចរឹងមាំ
× ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានព្យាករថា ប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា នៅតែរក្សា កំណើនសេដ្ឋកិច្ចល្អប្រសើរ រយៈពេលបីឆ្នាំ ខាងមុខ។ ធនាគារដែលមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនមួយនេះ បានបញ្ជាក់ថា កត្តាដែលរក្សាកំណើនសេដ្ឋកិច្ច គឺការរក្សាបរិមាណតម្រូវការក្នុងស្រុកមានភាពល្អប្រសើរ និងការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក រួមទាំងតម្លៃទំនិញ។
របាយការណ៍ដែលមានចំណងជើងថា បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលទើបតែនឹងចេញផ្សាយថ្មីៗនេះ បានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងកើនឡើងដល់ ៦,២ភាគរយនៅក្នុងឆ្នាំ ២០១៧ និងចំនួន ៦,១ភាគរយក្នុងឆ្នាំ ២០១៨។ ធនាគារពិភពលោក បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនឹងជួយកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់នេះថែមទៀតរ។
អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី វិចតូរៀ ក្វាក្វា បានឲ្យយោបល់ថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឲ្យមានភាពរឹងមាំយូរអង្វែង ប្រទេសនានាត្រូវកាត់បន្ថយភាពងាយរងគ្រោះនៃសារពើពន្ធ ស្របពេលពួកគេកំពុងតែកែលម្អគុណភាពនៃចំណាយសាធារណៈ និងជំរុញសមាហរណកម្មលើពិភពលោក និងក្នុងតំបន់។
លោកស្រីបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកថា ហ្វ៊ីលីពីននឹងមានកំណើនវិនិយោគលើវិស័យវិនិយោគឯកជន ការពង្រីកឥណទាន និងកំណើននៃការផ្ទេរឬទូទាត់ប្រាក់ ស្របពេលកំណើនសេដ្ឋកិច្ចមានត្រឹម ៦,៩ភាគរយនៅក្នុងឆ្នាំ២០១៧ និង ២០១៨។ ដោយឡែក ប្រទេសម៉ាឡេស៊ី មានកំណើនសេដ្ឋកិច្ចត្រឹម ៤,៣ភាគរយនៅក្នុងឆ្នាំ២០១៧ និង ៤,៥ភាគរយនៅក្នុងឆ្នាំ ២០១៨ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់ឧបត្ថម្ភធនកាន់តែច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញនាំចេញ។
រីឯ ប្រទេសឥណ្ឌូណេស៊ីវិញ ការពង្រីកឥណទាន និងតម្លៃប្រេងឥន្ធនៈដែលកាន់តែខ្ពស់ជាងមុន នឹងជួយឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើង ៥,២ភាគរយនៅក្នុងឆ្នាំ ២០១៧ ធៀបទៅនឹងឆ្នាំ ២០១៦ មានចំនួន ៥ភាគរយ។ ចំពោះប្រទេសវៀតណាម កំណើនសេដ្ឋកិច្ចនឹងកើនឡើងដល់ ៦,៣ភាគរយនៅក្នុងឆ្នាំ ២០១៧ ស្របគ្នាជាមួយនឹងទំនោរទីផ្សារ និងវិនិយោគផ្ទាល់ពីបរទេសនៅតែរឹងមាំ។
លោកស្រីបន្តថា ប្រទេសមានសេដ្ឋកិច្ចតូចតាចនៅក្នុងតំបន់ នឹងទទួលបានអត្ថប្រយោជន៍ពីឥទ្ធិពលសេដ្ឋកិច្ចធំនៅជិតខាងផងដែរ។ លោកស្រីលើកឡើងជាក់ស្តែងក្នុងប្រទេសមីយ៉ាន់ម៉ាកំណើនសេដ្ឋកិច្ចនឹងកើនឡើងពី ៦,៥ភាគរយក្នុងឆ្នាំ ២០១៦ ដល់ ៦,៩ភាគរយនៅក្នុងឆ្នាំ ២០១៧ និង ៧,២ភាគរយនៅក្នុងឆ្នាំ ២០១៨ ស្របពេលគេចំណាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធមានការកើនឡើង និងកំណែទម្រង់រចនាសម្ព័ន្ធបានទាក់ទាញវិនិយោគទុនបរទេសបានកាន់តែច្រើនជាងមុន។ ជាមួយគ្នានេះ សេដ្ឋកិច្ចរបស់ប្រទេសប៉ាពូញូហ្គីនី នឹងវិលរកភាពប្រសើរវិញបន្តិចម្តងៗ ដោយសារគម្រោងរុករករ៉ែ និងប្រេងថ្មីៗមួយចំនួន។ យ៉ាងណា សេដ្ឋកិច្ចរបស់ប្រទេសម៉ុងហ្គោលី នឹងមិនមានការកើនឡើងនៅក្នុងឆ្នាំ ២០១៧ទេ ស្របពេលរដ្ឋាភិបាលកំពុងដោះបំណុលឲ្យនៅកម្រិតមួយដែលអាចទ្រទ្រង់បាន ប៉ុន្តែគេរំពឹងសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងវិលមករកភាពធម្មតាវិញនៅក្នុងឆ្នាំ ២០១៨។
ដោយឡែក ប្រទេសកម្ពុជា កំណើនសេដ្ឋកិច្ចបន្តមានភាពរឹងមាំក្នុងអត្រា ៦,៩ភាគរយសម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៥ មានចំនួន ៧,០ភាគរយ។ វិស័យដែលជំរុញកំណើនសេដ្ឋកិច្ចគឺ វិស័យសំណង់។ តែ ការនាំចេញផ្នែកសម្លៀកបំពាក់បានថយចុះ ដោយសារការប្រកួតប្រជែងនៅក្រៅប្រទេសមួយចំនួន ក្នុងនោះ រួមមាន បញ្ហាប្រឈមការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក, ការកើនឡើងនៃចំណាយថ្លៃដើមពលកម្មនិងការប្រកួតប្រជែងពីបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ដែលផ្តល់ប្រាក់ឈ្នួលទាប។ យ៉ាងណា លក្ខខណ្ឌអាកាសធាតុអំណោយផលល្អប្រសើរជាងមុន នឹងជំរុញផលិតកម្មកសិកម្មឲ្យកើនឡើងប្រសើរជាងមុនក្នុងឆ្នាំ២០១៧នេះ។ រីឯ កំណើនអ្នកទេសចរណ៍ ទាបជាមុនបន្តិចមានអត្រាចំនួន ៥ភាគរយក្នុងឆ្នាំ២០១៦ ដោយសារការពង្រីកតំបន់ទាក់ទាញសម្រាប់អ្នកទេសចរក្រៅពីតំបន់អង្គរវត្ត នៅមានកម្រិតនៅឡើយ។ «កំណើននៅកម្ពុជាត្រូវប៉ាន់ប្រមាណថានឹងនៅតែមានភាពរឹងមាំ គឺ៦,៩ភាគរយសម្រាប់ឆ្នាំ២០១៧ និង២០១៨ ដោយសារតែមានការចំណាយសាធារណៈខ្ពស់ និងការពង្រីកវិស័យកសិកម្ម និងទេសចរណ៍ដែលវាអាចជំនួសនៃការធ្លាក់ចុះវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់»។ នេះបើតាមរបាយការណ៍ធនាគារពិភពលោក៕
ដើម្បីទាញយករបាយការណ៍ លោកអ្នកអាចចូលទៅកាន់គេហទំព័រធនាគារពិភពលោក គឺ http://www.worldbank.org/en/region/eap/publication/east-asia-pacific-economic-update ៕
© រក្សាសិទ្ធិដោយ thmeythmey.com