ជាតិ
សង្គមជាតិ
ឆក់​ខ្សែភ្លើង​នៅ​Pub Street៖​តុលាការ​សម្រេច​ឃុំខ្លួន​ម្ចាស់​ហាង​ម៉ាស្សា​បណ្តោះអាសន្ន​
19, Apr 2017 , 10:32 am        
រូបភាព
 
​តុលាការ​បាន​ចោទប្រកាន់​ស្ត្រី​ជា​ម្ចាស់​ហាង​ម៉ាស្សា Baray Spa នៅ​តំបន់ Pub Street ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា បន្ទាប់ពី​យុវតី​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នៅមុខ​ហាង​របស់ខ្លួន​។ បច្ចុប្បន្ន ជន​ចាប់​ចោទ​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តសៀមរាប​។​


​តុលាការ​សាលាដំបូង​ខេត្តសៀមរាប បាន​ចោទប្រកាន់​ស្ត្រី​ដែលជា​ម្ចាស់​ហាង​ម៉ាស្សា ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា​ទី​២០៧ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តសៀមរាប​។ លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញារង​ខេត្តសៀមរាប បានបញ្ជាក់​តាម​ទូរ​សព្ទ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ នៅ​ថ្ងៃទី​១៩ ខែមេសា​នេះ​។ 
 
​ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​យុវតី លី មុនី​រដ្ឋា​នី អាយុ​១៤ ប្អូន​ស្រីរបស់​តារា​សម្តែង លី​ មុនីនាថ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅមុខ​ហាង​របស់​ជនជាប់ចោទ នៅ​តំបន់ Pub Street ទី​រួម​ខេត្តសៀមរាប កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​១៦ ខែមេសា ដែលជា​ថ្ងៃ​បង្ហើយ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។  
 
​យោងតាម​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចែង​ពីបទ​ល្មើស​មនុស្សឃាត​ដោយ​អ​ចេត​នា ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ពី    ១ ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល ទៅ ៦​លាន​រៀល​៕ 
 
 
 
 

Tag:
 Pub Street
 ​ ឆក់​ខ្សែភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com