កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រតែង​តាំង​អតីត​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​លោក Oriol Mohedano ជា​គ្រូ​បង្គោល​
19, Apr 2017 , 3:30 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​បានប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន លោក Oriol Mohedano ជា​គ្រូ​បង្គោល​ជំនួស​លោក Kenichi Yatsuhashi គ្រូបង្វឹក​ជនជាតិ​ជប៉ុន ដែល​បាន​លាឈប់​ពី​តំណែង​ក្រោម​ហេតុផល​មាន​បញ្ហា​ផ្ទាល់ខ្លួន​កាលពី​ម្សិលមិញ​។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​បាន​ចូល​ដឹកនាំ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​បានតែ​២​ខែ​ប៉ុណ្ណោះ​។



​ក្លិប​បាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្រោយ​ប្រកាស​ពី​ការចាកចេញ​របស់លោក Kenichi Yatsuhashi ពី​តំណែង​គ្រូបង្វឹក​កាលពី​ថ្ងៃទី​១៨ ខែមេសា ម្សិលមិញ​។ ក្នុង​ថ្ងៃ​ដដែល​នេះ ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បានប្រកាស​តែងតាំង​លោក Oriol Mohedano អតីត​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​ជា​គ្រូ​បង្គោល​ជំនួស​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ខាងលើ​វិញ​ម្តង​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។

​លោក Oriol Mohedano មាន​ស្រុកកំណើត​នៅ​ទីក្រុង Bacelona ប្រទេស​អេ​ស្ប៉ា​ញ​។ គ្រូបង្វឹក​រូបនេះ ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​តែងតាំង​ជា​គ្រូបង្វឹក​ឈុត​ធំ​ជំនួស​លោក Sam Schweingruber ក្នុងអំឡុង​ពេលដែល​លោក Sam មិនទាន់​ជាសះស្បើយ​ពីរ​បួស​ក្រោយ​ជួប​គ្រោះថ្នាក់​ចរ​ចរណ៍​កាលពី​ខែមករា ឆ្នាំ​២០១៦​។ ក្រោយ​ដឹកនាំ​បាន​រយៈពេល​ប្រមាណ​ជា​៤​ខែ លោក Oriol បាន​ចាក​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន​ទៅធ្វើជា​គ្រូ​ជំនួយ​នៅ​ក្លិប​បាល់ទាត់ SJK Seinäjoki នៅ​ប្រទេស​ហ្វាំ​ង​ឡង់​។



​ក្រៅពី​បទពិសោធន៍​ដឹកនាំ​ក្លិប​នៅ​តំបន់​អាស៊ី គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ធ្លាប់​ដឹកនាំ​ក្លិប​ជាច្រើន​ទៀត​ដូចជា​នៅ​ប្រទេស​ស្វី​ស​, អេ​ស្ប៉ា​ញ និង​ហ្វាំ​ង​ឡង់​ជាដើម​។ បច្ចុប្បន្ន លោក Oriol Mohedano មាន​អាយុ​៣០​ឆ្នាំ ជា​គ្រូបង្វឹក​កាន់​អាជ្ញាប័ណ្ណ UEFA A-License​។

​ពាក់ព័ន្ធ​ទៅនឹង​ការលាឈប់​ពី​តំណែង​គ្រូបង្វឹក​របស់ លោក Kenichi Yatsuhashi ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​រៀបរាប់ថា​៖«​លោក Kenichi Yatsuhashi បានមក​ដឹកនាំ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​អស់​រយៈពេល​ពីរ​ខែ​គឺ​ចាប់ពី​ខែកុម្ភៈ​រហូតដល់​ខែមេសា​ឆ្នាំ ២០១៧ ហើយ​ក្នុង​ខែមេសា​នេះ គាត់​បាន​ស្នើសុំ​ទៅកាន់​ក្លិប ដើម្បី​លាឈប់​ពី​ដំណែង​គ្រូបង្វឹក​ដោយសារតែ​បញ្ហា​ផ្ទាល់ខ្លួន​ក្លិប​ក៏បាន​យល់ព្រម​សំណើរ​សុំ​ឈប់​របស់គាត់​»៕


Tag:
 បាល់ទាត់​
  Oriol Mohedano
  Kenichi Yatsuhashi
© រក្សាសិទ្ធិដោយ thmeythmey.com