កីឡាជាតិ
ជាតិ
ខេមបូឌានថាយហ្គឺរតែងតាំងអតីតគ្រូបង្វឹកភ្នំពេញក្រោនលោក Oriol Mohedano ជាគ្រូបង្គោល
× ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរបានប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក Oriol Mohedano ជាគ្រូបង្គោលជំនួសលោក Kenichi Yatsuhashi គ្រូបង្វឹកជនជាតិជប៉ុន ដែលបានលាឈប់ពីតំណែងក្រោមហេតុផលមានបញ្ហាផ្ទាល់ខ្លួនកាលពីម្សិលមិញ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានចូលដឹកនាំក្រុមខេមបូឌានថាយហ្គឺរបានតែ២ខែប៉ុណ្ណោះ។
ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ ក្រោយប្រកាសពីការចាកចេញរបស់លោក Kenichi Yatsuhashi ពីតំណែងគ្រូបង្វឹកកាលពីថ្ងៃទី១៨ ខែមេសា ម្សិលមិញ។ ក្នុងថ្ងៃដដែលនេះ ក្លិបខេមបូឌានថាយហ្គឺរ បានប្រកាសតែងតាំងលោក Oriol Mohedano អតីតគ្រូបង្វឹកក្លិបភ្នំពេញក្រោនជាគ្រូបង្គោលជំនួសគ្រូបង្វឹកជនជាតិជប៉ុនខាងលើវិញម្តង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្លិបខេមបូឌានថាយហ្គឺរ។
លោក Oriol Mohedano មានស្រុកកំណើតនៅទីក្រុង Bacelona ប្រទេសអេស្ប៉ាញ។ គ្រូបង្វឹករូបនេះ ត្រូវបានក្លិបភ្នំពេញក្រោនតែងតាំងជាគ្រូបង្វឹកឈុតធំជំនួសលោក Sam Schweingruber ក្នុងអំឡុងពេលដែលលោក Sam មិនទាន់ជាសះស្បើយពីរបួសក្រោយជួបគ្រោះថ្នាក់ចរចរណ៍កាលពីខែមករា ឆ្នាំ២០១៦។ ក្រោយដឹកនាំបានរយៈពេលប្រមាណជា៤ខែ លោក Oriol បានចាកចេញពីក្លិបភ្នំពេញក្រោនទៅធ្វើជាគ្រូជំនួយនៅក្លិបបាល់ទាត់ SJK Seinäjoki នៅប្រទេសហ្វាំងឡង់។
ក្រៅពីបទពិសោធន៍ដឹកនាំក្លិបនៅតំបន់អាស៊ី គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ ធ្លាប់ដឹកនាំក្លិបជាច្រើនទៀតដូចជានៅប្រទេសស្វីស, អេស្ប៉ាញ និងហ្វាំងឡង់ជាដើម។ បច្ចុប្បន្ន លោក Oriol Mohedano មានអាយុ៣០ឆ្នាំ ជាគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ UEFA A-License។
ពាក់ព័ន្ធទៅនឹងការលាឈប់ពីតំណែងគ្រូបង្វឹករបស់ លោក Kenichi Yatsuhashi ទំព័រហ្វេសប៊ុកខាងលើបានរៀបរាប់ថា៖«លោក Kenichi Yatsuhashi បានមកដឹកនាំក្លិបខេមបូឌានថាយហ្គឺរអស់រយៈពេលពីរខែគឺចាប់ពីខែកុម្ភៈរហូតដល់ខែមេសាឆ្នាំ ២០១៧ ហើយក្នុងខែមេសានេះ គាត់បានស្នើសុំទៅកាន់ក្លិប ដើម្បីលាឈប់ពីដំណែងគ្រូបង្វឹកដោយសារតែបញ្ហាផ្ទាល់ខ្លួនក្លិបក៏បានយល់ព្រមសំណើរសុំឈប់របស់គាត់»៕
Tag:
បាល់ទាត់
Oriol Mohedano
Kenichi Yatsuhashi
© រក្សាសិទ្ធិដោយ thmeythmey.com