ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍​៖​ភ្ញៀវទេសចរ​ចំណាយ​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ
19, Apr 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ជាង​៤​លាន ២​សែន​នាក់ ចេញ​ដើរ​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​។ អំឡុង​បុណ្យចូលឆ្នាំ​នេះ​ក្រសួងទេសចរណ៍​ប៉ាន​ស្មានថា ភ្ញៀវទេសចរ​ទាំងអស់ បាន​ចំណាយ​ប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​។​



​នៅក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​កន្លងទៅ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ជាង​៤​លាន ២​សែន​នាក់ ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​ព័ត៌មាន​ស្ថិតិ​ទេសចរណ៍​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៧ របស់​ក្រសួងទេសចរណ៍​។

​ក្រសួងទេសចរណ៍​ប៉ាន​ស្មានថា ភ្ញៀវទេសចរ​ទាំងអស់ បាន​ចំណាយ​ប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក ក្នុងអំឡុង​បុណ្យចូលឆ្នាំ​នេះ​។

​បើតាម​ព័ត៌មាន​ស្ថិតិ​ទេសចរណ៍ ក្នុងចំណោម​ភ្ញៀវ​ទាំង​ជាង ៤​លាន ២​សែន​នាក់​នោះ មាន​ភ្ញៀវទេសចរ​ជាតិ ជាង​៤​លាន​១​សែន​នាក់ និង​ទេសចរ​អន្តរជាតិ ជាង​៦​ម៉ឺន​៥ ពាន់​នាក់​នាក់​។ តួលេខ​នៃ​ការដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ជាតិ កើនឡើង​ចំនួន ៣៣.៦​ភាគរយ ខណៈ​ភ្ញៀវ​អន្តរជាតិ ដែល​ដើរ​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ កើន​ចំនួន​៦.៦​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ។​



​ព័ត៌មាន​ស្ថិតិ​ទេសចរណ៍​ដដែល ក៏​បង្ហាញ​ពី​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​ធំៗ​មួយចំនួន​ដែរ ក្នុងនោះ រាជធានី​ភ្នំពេញ​ទទួលបាន​ភ្ញៀវទេសចរ ជាង​២​ម៉ឺន​៦​ពាន់​នាក់  ។ ខេត្តសៀមរាប និង​ខេត្ត​ជុំវិញ​ទទួលបាន​ភ្ញៀវទេសចរ ជាង​១​លាន​១៨​ម៉ឺន​នាក់​។ ខេត្ត​ជាប់​សមុទ្រ ទទួលបាន​ភ្ញៀវទេសចរ ជាង​២២​ម៉ឺន​នាក់​។  ខេត្ត​ភាគ​ខាងជើង ទទួលបាន​ភ្ញៀវ ទេសចរ​ជាង ១៨​ម៉ឺន​នាក់​។ ខេត្តបាត់ដំបង និង​ខេត្ត​ជុំវិញ​ទទួលបាន​ភ្ញៀវទេសចរ ជាង ៤៩​ម៉ឺន​នាក់ រីឯ​បណ្តា​ខេត្ត​ផ្សេងទៀត ទទួលបាន​ភ្ញៀវទេសចរ ជាង​៨០​ម៉ឺន​នាក់​៕


Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com