ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៧នេះ បានកើនឡើងតិចតួច។ ប៉ុន្តែការនាំចេញនេះបានចាប់ផ្ដើមធ្លាក់ចុះក្នុងខែមីនាចុងត្រីមាសទី១នេះ ។អ្នកជំនាញថាជាសញ្ញាមិនល្អដល់ការនាំចេញអង្ករនៅពេលខាងមុខទៀត ខណៈការនាំចេញអង្កររបស់កម្ពុជា រងការរឹតត្បិតលើគុណភាពពីទីផ្សារធំៗ គឺប្រទេសចិន និងសហភាពអឺរ៉ុប។
ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៧នេះ សម្រេចបាន ១៦,៦ម៉ឺនតោន កើនឡើង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។ របាយការណ៍នេះបង្ហាញថា ការនាំចេញអង្ករក្នុងខែមីនាធ្លាក់ចុះ ១៦ភាគរយធៀបនឹងខែមីនាឆ្នាំមុន ខណៈការនាំចេញនៅខែមករាកើនឡើង ១១ភាគរយ និងខែកុម្ភៈកើនឡើង ១៧ភាគរយ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការនាំចេញអង្កររបស់កម្ពុជានៅខែមករា និងខែកុម្ភៈបានកើនឡើង ដោយសារតែការនាំចេញក្នុងអំឡុងពេលនោះ គឺស្ថិតក្នុងកិច្ចសន្យាចាស់ ដែលក្រុមហ៊ុននាំចេញបានចុះហត្ថលេខាជាមួយទីផ្សារខាងក្រៅ ។
ដោយឡែកការនាំចេញអង្ករក្នុងខែមីនាបានធ្លាក់ចុះនោះ ត្រូវបានលោក ហ៊ុន ឡាក់ មើលឃើញមូលហេតុមកពីកត្តាប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង និងការរឹតត្បតិរបស់ប្រទេសចិនលើក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា។
អនុប្រធាន CRF រូបនេះ បានឲ្យដឹងថា ប្រទេសចិនអនុញ្ញាតឲ្យក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជាតែចំនួន ២៦ ក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចនាំចូលទៅទីផ្សារចិនបាន ខណៈក្រុមហ៊ុនរាប់សិបទៀតពុំទទួលការអនុញ្ញាតនេះឡើយ។ លោកបញ្ជាក់ដូច្នេះថា៖«ភាគីចិនគេដាក់កំហិតមកដូចនេះ គឺអនុញ្ញាតឲ្យតែរោងម៉ាស៊ីនណាចូលក្នុងស្ដង់ដាររបស់គេ។ លទ្ធភាពនេះ ភ្លាមៗគឺកម្ពុជាមិនទាន់អាចឆ្លើយតបបានទេ ខ្ញុំជឿថាខ្វះខាតតិចតួច។ លោកបន្តថា៖«កន្លងមកយើងកែច្នៃ វេចខ្ចប់នាំចេញទៅបាន ដល់ពេលរឹតបន្តឹងបែបនេះ គេថារោងម៉ាស៊ីនទាំងនោះអត់ទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ គឺត្រូវការអភិវឌ្ឍន៍បន្ថែមទៀត»។
លោក ហ៊ុន ឡាក់ មានប្រសាសន៍ថា ការរឹតបន្តឹងពីភាគីចិននេះ នឹងអាចធ្វើឲ្យការនាំចេញអង្កររបស់កម្ពុជា បន្តធ្លាក់ចុះនៅខែបន្ទាប់ទៀត ។ ហើយវាក៏ក្លាយជាឧបសគ្គដល់ការនាំចេញអង្ករក្នុងកូតា ២០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលជាការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា -ចិន ប្រសិនបើគ្មានដំណោះស្រាយលើស្ថានភាពនេះ។ លោកបន្ថែមថា សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់សំណើរទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យជួយចរចារជាមួយភាគីចិន ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនពីកម្ពុជាអាចនាំចេញអង្ករទៅប្រទេសចិនដូចស្ថានភាពដើមវិញ។
ទន្ទឹមនឹងការរឹតត្បិតរបស់ចិន កម្ពុជាក៏ជួបបញ្ហាប្រឈមនៅទីផ្សារសហភាពអឺរ៉ុបផងដែរ។ សហភាពអឺរ៉ុប នឹងហាមឃាត់អង្ករនាំចូលទីផ្សារខ្លួន ដែលមានសារធាតុថ្នាំកសិកម្ម TRICYCLAZOLE លើសពី ០,០១មីលីក្រាមក្នុងអង្ករមួយគីឡូក្រាម ពីកម្រិតបច្ចុប្បន្ន ១មីលីក្រាម ក្នុងខែកក្កដា ខាងមុខនេះ ។ លោក ហ៊ុន ឡាក់ ចាត់ទុកការអនុវត្តច្បាប់ថ្មីរបស់សហភាពអឺរ៉ុបហាក់លឿនពេក ខណៈកសិករខ្មែរមួយចំនួនកំពុងប្រើប្រាស់ថ្នាំប្រភេទនេះតាមទម្លាប់របស់ខ្លួន។ លោកអះអាងថា ការកំហិតរបស់សហភាពអឺរ៉ុបនេះ នឹងបន្ថយបរិមាណនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារមួយនេះ។
សហភាពអឺរ៉ុប និងប្រទេសចិនជាទីផ្សារធំបំផុតរបស់កម្ពុជា ដោយក្នុងរយៈពេលបីខែដើមឆ្នាំនេះសហភាពអឺរ៉ុបទិញអង្ករពីកម្ពុជាចំនួន ៨,៤ម៉ឺនតោន ស្មើពាក់កណ្ដាលនៃបរិមាណនាំចេញសរុប ខណៈចិនទិញអង្ករចំនួន ៦,៧ម៉ឺនតោនស្មើនឹង ៤០ភាគរយនៃចំនួនសរុប៕