សេដ្ឋកិច្ច
ការនាំចេញ​អង្ករ​របស់​កម្ពុជា រង​ការ​រឹត​ត្បិត
19, Apr 2017 , 7:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៧​នេះ បាន​កើនឡើង​តិចតួច​។ ប៉ុន្តែ​ការនាំចេញ​នេះ​បានចាប់ផ្ដើម​ធ្លាក់ចុះ​ក្នុង​ខែមីនា​ចុង​ត្រីមាស​ទី​១​នេះ  ។​អ្នកជំនាញ​ថា​ជា​សញ្ញា​មិនល្អ​ដល់​ការនាំចេញ​អង្ករ​នៅពេល​ខាងមុខ​ទៀត ខណៈ​ការនាំចេញ​អង្ករ​របស់​កម្ពុជា រង​ការ​រឹត​ត្បិត​លើ​គុណភាព​ពី​ទីផ្សារ​ធំៗ គឺ​ប្រទេស​ចិន និង​សហភាព​អឺរ៉ុប​។​


 
​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៧​នេះ សម្រេចបាន ១៦,៦​ម៉ឺន​តោន កើនឡើង ៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។ របាយការណ៍​នេះ​បង្ហាញថា ការនាំចេញ​អង្ករ​ក្នុង​ខែមីនា​ធ្លាក់ចុះ ១៦​ភាគរយ​ធៀប​នឹង​ខែមីនា​ឆ្នាំមុន ខណៈ​ការនាំចេញ​នៅ​ខែមករា​កើនឡើង ១១​ភាគរយ និង​ខែកុម្ភៈ​កើនឡើង ១៧​ភាគរយ​។​
 
​លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​នៅ​ខែមករា និង​ខែកុម្ភៈ​បាន​កើនឡើង ដោយសារតែ​ការនាំចេញ​ក្នុងអំឡុង​ពេលនោះ គឺ​ស្ថិតក្នុង​កិច្ចសន្យា​ចាស់ ដែល​ក្រុមហ៊ុននាំចេញ​បាន​ចុះហត្ថលេខា​ជាមួយ​ទីផ្សារ​ខាងក្រៅ ។​
 
​ដោយឡែក​ការនាំចេញ​អង្ករ​ក្នុង​ខែមីនា​បាន​ធ្លាក់ចុះ​នោះ ត្រូវបាន​លោក ហ៊ុន ឡាក់ មើលឃើញ​មូលហេតុ​មកពី​កត្តា​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ប្រទេសជិតខាង និង​ការ​រឹត​ត្បតិរបស់​ប្រទេស​ចិន​លើ​ក្រុមហ៊ុននាំចេញ​អង្ករ​របស់​កម្ពុជា​។ 
 
​អនុប្រធាន CRF រូបនេះ បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​តែ​ចំនួន ២៦ ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​អាច​នាំ​ចូលទៅ​ទីផ្សារ​ចិន​បាន ខណៈ​ក្រុមហ៊ុន​រាប់សិប​ទៀត​ពុំ​ទទួល​ការអនុញ្ញាត​នេះឡើយ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ភាគី​ចិន​គេ​ដាក់​កំហិត​មក​ដូចនេះ គឺ​អនុញ្ញាត​ឲ្យ​តែ​រោង​ម៉ាស៊ីន​ណា​ចូលក្នុង​ស្ដង់ដារ​របស់គេ​។ លទ្ធភាព​នេះ ភ្លាមៗ​គឺ​កម្ពុជា​មិនទាន់​អាចឆ្លើយតប​បានទេ ខ្ញុំ​ជឿថា​ខ្វះខាត​តិចតួច​។ លោក​បន្តថា​៖«​កន្លងមក​យើង​កែច្នៃ វេច​ខ្ចប់​នាំចេញ​ទៅបាន ដល់ពេល​រឹតបន្តឹង​បែបនេះ គេ​ថា​រោង​ម៉ាស៊ីន​ទាំងនោះ​អត់​ទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ទេ គឺ​ត្រូវការ​អភិវឌ្ឍន៍​បន្ថែម​ទៀត​»​។​
 
​លោក ហ៊ុន ឡាក់ មានប្រសាសន៍ថា ការ​រឹតបន្តឹង​ពី​ភាគី​ចិន​នេះ នឹង​អាចធ្វើ​ឲ្យ​ការនាំចេញ​អង្ករ​របស់​កម្ពុជា បន្ត​ធ្លាក់ចុះ​នៅ​ខែ​បន្ទាប់​ទៀត ។ ហើយ​វា​ក៏​ក្លាយជា​ឧបសគ្គ​ដល់​ការនាំចេញ​អង្ករ​ក្នុង​កូតា ២០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដែលជា​ការព្រមព្រៀងរ​វាង​រដ្ឋាភិបាល​កម្ពុជា -​ចិន ប្រសិនបើ​គ្មាន​ដំណោះស្រាយ​លើ​ស្ថានភាព​នេះ​។  លោក​បន្ថែមថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានដាក់​សំណើរ​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ជួយ​ចរចារ​ជាមួយ​ភាគី​ចិន ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ពី​កម្ពុជា​អាច​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ដូច​ស្ថានភាព​ដើម​វិញ​។​
 
​ទន្ទឹមនឹង​ការ​រឹត​ត្បិត​របស់​ចិន កម្ពុជា​ក៏​ជួប​បញ្ហា​ប្រឈម​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ផងដែរ​។ សហភាព​អឺរ៉ុប  នឹង​ហាមឃាត់​អង្ករ​នាំចូល​ទីផ្សារ​ខ្លួន ដែលមាន​សារធាតុ​ថ្នាំ​កសិកម្ម TRICYCLAZOLE លើសពី ០,០១​មី​លី​ក្រាម​ក្នុង​អង្ករ​មួយ​គីឡូក្រាម ពី​កម្រិត​បច្ចុប្បន្ន ១​មី​លី​ក្រាម ក្នុង​ខែកក្កដា ខាងមុខនេះ ។ លោក ហ៊ុន ឡាក់ ចាត់ទុក​ការអនុវត្ត​ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប​ហាក់​លឿន​ពេក ខណៈ​កសិករ​ខ្មែរ​មួយចំនួន​កំពុង​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​តាម​ទម្លាប់​របស់ខ្លួន​។ លោក​អះអាងថា ការ​កំហិត​របស់​សហ​ភាព​អឺរ៉ុប​នេះ នឹង​បន្ថយ​បរិមាណ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​មួយ​នេះ​។​
 
​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​បំផុត​របស់​កម្ពុជា ដោយ​ក្នុង​រយៈពេល​បី​ខែ​ដើម​ឆ្នាំនេះ​សហភាព​អឺរ៉ុប​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៨,៤​ម៉ឺន​តោន  ស្មើ​ពាក់កណ្ដាល​នៃ​បរិមាណ​នាំចេញ​សរុប  ខណៈ​ចិន​ទិញ​អង្ករ​ចំនួន ៦,៧​ម៉ឺន​តោន​ស្មើនឹង ៤០​ភាគរយ​នៃ​ចំនួន​សរុប​៕

Tag:
 អង្ករ​
  ហ៊ុន ឡាក់
© រក្សាសិទ្ធិដោយ thmeythmey.com