ពីនេះ ពីនោះ
មិនយល់? ហេតុអ្វីគេលក់ទំនិញ ឬសេវាកម្មឲ្យជនបរទេសថ្លៃជាងខ្មែរ?
× នៅក្នុងប្រទេសខ្លះ អាជីវករលក់ទំនិញ ឬសេវាកម្មឲ្យភ្ញៀវទេសចរបរទេសថ្លៃជាងជនជាតិខ្លួនឯង។ តែក្នុងប្រទេសខ្លះ គេលក់ក្នុងតម្លៃដូចគ្នា។ លក់ក្នុងតម្លៃខុសគ្នា(ថ្លៃជាង)ព្រោះ គេគិតថា ជនបរទេសមានថវិកាច្រើនជាងពលរដ្ឋក្នុងស្រុក។ លក់ក្នុងតម្លៃដូចគ្នា ព្រោះ គេយល់ថា ឯកតានៃទំនិញ ឬសេវាកម្មដូចគ្នា ដូច្នេះ លក់ឲ្យជនជាតិណាក៏ត្រូវលក់ក្នុងតម្លៃដូចគ្នាដែរ។
ករណីនៅកម្ពុជា, អាជីវករខ្លះ មើលឃើញជនបរទេសជាសាច់ជ្រូក ដែលអាច កោបាន។ ឧទាហរណ៍ ទឹកសុទ្ធដបធំមួយដបតម្លៃ២ពាន់រៀលលក់ឲ្យខ្មែរ។ តែបើលក់ឲ្យជនបរទេសគឺតម្លៃ១ដុល្លារ។ តើមានហេតុផលអ្វីដែលត្រូវលក់ឲ្យជនបរទេសក្នុងតម្លៃមួយដុល្លារ បើទឹកមួយដបមានបរិមាណដូចគ្នាសោះនោះ? ហេតុផលថា ជនបរទេសមានលុយជាងខ្មែរ? មិនប្រាកដទេ។ សូមបញ្ជាក់ថា បរទេសមួយចំនួនក្រជាងខ្មែរទៅទៀត។ ជនបរទេសទិញកៅអីជិះរថយន្តមួយកន្លែងដូចនឹងជនជាតិ ខ្មែរដែរ(កន្លែងទំហំដូចគ្នា) តែគេគិតតម្លៃខុសគ្នា។ ពិសាគុយទាវមួយចានដូចគ្នា បរិមាណគុយទាវប្រហែលគ្នា ទឹកស៊ុបប្រហែលគ្នា តែពេលគិតលុយ ជនស្បែកសត្រូវចំណាយច្រើនជាង? ហេតុអ្វីដូច្នេះ មិនយល់…?
អ្នកមិនយល់អត្ថាធិប្បាយទៀតថា ប្រសិនបើអ្នកជំនួញខ្មែរលក់ទំនិញ ឬសេវាកម្មជូនជនបរទេសនូវតម្លៃដូចជនជាតិខ្មែរដែរនោះ គេរំពឹងថា វិស័យទេសចរណ៍នឹងរីកធំធាត់កាន់តែលឿន ពីព្រោះ ជនបរទេសសប្បាយចិត្តនឹងតម្លៃស្មើគ្នាដែលមិនមានចរិតរើសអើង។ ផ្ទុយទៅវិញ ការរើសអើងតម្លៃរវាងជនបរទេស និងខ្មែរ គឺជាការសម្លាប់វិស័យទេសចរណ៍ខ្មែរទៅវិញ។ សូមបញ្ជាក់ថា គេអាចយកតម្លៃខុសគ្នាក្នុងករណី ដូចជា ការទស្សនាប្រាសាទអង្គរវត្ត ព្រោះប្រាសាទ ជារបស់ខ្មែរ ដូច្នេះ ខ្មែរអាចចូលមើលដោយមិនយកកម្រៃ ឬយកកម្រៃតិចតួច តែបើជនបរទេសវិញ ត្រូវតែយកតម្លៃក្នុងកម្រិតមួយសមរម្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com