ជាតិ
សង្គមជាតិ
កម្ពុ​ជាមាន​កុមារ​ជាង ២ ម៉ឺន​នាក់ កំពុង​រស់នៅក្នុង​កន្លែង​ថែទាំ​ចំនួន ៦៣៩ ទីតាំង​
20, Apr 2017 , 1:46 pm        
រូបភាព
លោក វង សូត
លោក វង សូត
​ភ្នំពេញ​៖ នៅ​កម្ពុ​ជាមាន​កុមារ​ចំនួន ២៦១៨៧ នាក់ កំពុង​រស់នៅ​កន្លែង​ថែទាំ​ចំនួន ៦៣៩ ទីតាំង​ទូទាំងប្រទេស​។   ក្នុងចំណោម​កន្លែង​ថែទាំ​ទាំងអស់ មាន​មណ្ឌល​ថែទាំ​កុមារ​ចំនួន ៤០៦ មណ្ឌល ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន​ចំនួន ២៧ កន្លែង ផ្ទះ​ជា​ក្រុម​មាន​ចំនួន ៧១ កន្លែង វត្ត​អារាម ឬ​អាគារ​សាសនា​ចំនួន ៦៥​កន្លែង និង​អន្តេវាសិកដ្ឋាន​ចំនួន ៧២ កន្លែង​។ សម្រាប់​មណ្ឌល​ថែទាំ​កុមារ​ទាំង ៤០៦ មណ្ឌល មាន​មណ្ឌល​ថែទាំ​ពាក់កណ្ដាល ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ។



​លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើងថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​កុមារ​ចំនួន ២៦១៨៧ នាក់ កំពុង​រស់នៅ​កន្លែង​ថែទាំ​ចំនួន ៦៣៩ ទីតាំង​ទូទាំងប្រទេស​។  លោក​បន្តថា ទិន្នន័យ​នេះ បានបង្ហាញ ក្រោយពី​មានការ​កំណត់​ទីតាំង​ក​ន្លែ​ង​ថែទាំ​កុមារ​នៅ​កម្ពុជា​របស់​ក្រសួង​។ លោក តូច ចាន់នី បញ្ជាក់ទៀតថា កន្លែង​ថែទាំ​កុមារ​ទាំងនោះ មាន​បែង​ចែកជា ០៥ ប្រភេទ​ផ្សេងៗ​គ្នា រួមមាន មណ្ឌល​ថែទាំ​កុមារ​ចំនួន ៤០៦​មណ្ឌល ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន​, ផ្ទះ​ជា​ក្រុម​មាន​, វត្ត​អារាម ឬ​អាគារ​សាសនា និង​អន្តេវាសិកដ្ឋាន​។ លោក ចាន់នី មានប្រសាសន៍​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​ការកំណត់​ទីតាំង​កន្លែង​ថែទាំ​កុមារ​នៅ​ប្រទេស​កម្ពុជា និង​ផែនការ​ពង្រឹង ការថែទាំ​កុមារ និង​សមាហរណកម្ម​កុមារ ចំនួន ៣០ ភាគរយ​ពី​មណ្ឌល​ថែទាំ​កុមារ ទៅ​គ្រួសារ​ប្រកបដោយ​សុវត្ថិភាព​ត្រឹម​ឆ្នាំ​២០១៨ នា​ទីស្ដីការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃទី​២០ មេសា​នេះ​។​

​ដោយឡែក មណ្ឌល​ថែទាំ​កុមារ​ទាំង ៤០៦ មណ្ឌល  មាន​កុមារ​ចំនួន ១៦៥៧៩ នាក់ បាននិងកំពុង​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​។ មណ្ឌល​ថែទាំ​កុមារ​ទាំង ៤០៦ នេះ មាន​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​កំពុង​រស់នៅ​។ បន្ថែម​លើ​នេះ ក្នុងចំណោម ៨០ ភាគរយ នៃ​កុមារ​រស់នៅ​មណ្ឌល​ថែទាំ​នេះ ពួកគេ​នៅមាន​ឪពុក ឬ​ម្ដាយ នៅរស់​នៅឡើយ​។​

​លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មានប្រសាសន៍​ទាក់ទង​នឹង​មណ្ឌល​ថែទាំ​កុមារ​ដូច្នេះ​ថា​៖« នៅ​ឆ្នាំ​២០១៥ កន្លងទៅ ក្រសួង​បានកំណត់​ទីតាំង​មណ្ឌល​ថែទាំ​កុមារ​នៅ​ទូទាំងប្រទេស ដោយបាន​រកឃើញ​កុមារ​ចំនួន ១៦៥៧៩ នាក់ នៅក្នុង​មណ្ឌល​ថែទាំ​ចំនួន ៤០៦​មណ្ឌល​»​។

​លោក​រដ្ឋមន្ត្រី​បន្តថា  ក្នុងចំណោម​មណ្ឌល​ទាំង ៤០៦ នេះ មាន​មណ្ឌល​ចំនួន ២៦៧ កន្លែង មាន​កុមារ​ស្នាក់នៅ​ចំនួន ១១៧៨៨ នាក់ នៅ​រាជធានី​ភ្នំពេញ បាត់ដំបង សៀមរាប កណ្ដាល និង​ព្រះសីហនុ​។  ក្នុង​មណ្ឌល​ថែទាំ​ទាំងអស់ មាន​ពាក់កណ្ដាល ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​៕


Tag:
 កុមារ​
  កន្លែង​ថែទាំ
© រក្សាសិទ្ធិដោយ thmeythmey.com