កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Monaco, At.Madrid, Real Madrid និង Juventus អ៊ុតមើលលទ្ធផលចាប់ឆ្នោតនាល្ងាចនេះ
× ក្លិបកីឡាបាល់ទាត់នៃក្របខណ្ឌកំពូលអេស្ប៉ាញ La Liga មានវត្តមាននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ស្ទើគ្រប់រដូវកាលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ នៅរដូវកាលនេះ Real Madrid, Atletico Madrid ត្រូវរួមដំណើរជាមួយក្លិបអ៊ីតាលី Juventus និងក្លិបបារាំង Monaco នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនាវេលាម៉ោង៥ល្ងាច [ម៉ោងនៅកម្ពុជា] ថ្ងៃសុក្រ ទី២១ ខែមេសា នេះ។
ក្រុមមកពីអេស្ប៉ាញពីរ Real Madrid និង Atletico Madrid រួមជាមួយនឹង ក្រុមមកពីក្របខណ្ឌអ៊ីតាលីសេរីA Juventus និង Manaco មកពីក្របខណ្ឌកំពូលបារាំង បានឈានមកកាន់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានកំពូលទ្វីបអឺរ៉ុប Champions League សម្រាប់រដូវកាលនេះ។ ក្នុងចំណោមក្រុមមកពីលីកល្បីៗនៅតំបន់អឺរ៉ុប គេឃើញក្រុមមកពីលីកកំពូលអេស្ប៉ាញរួមមាន Real Madrid, Atletico Madrid និងBarcelona គឺតែងតែឡើងមកដល់វគ្គនេះស្ទើគ្រប់រដូវកាលក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។
សម្រាប់៤ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុបនេះ ម្ចាស់ជើងឯកចាស់ Real Madrid ធ្លាប់ឈ្នះពាននេះច្រើនជាងគេរហូតដល់ទៅ១១ដង ខណៈ Juventus ២ដង AS Monaco ១ដង ចំណែក Atletico Madrid ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្របីលើក ដោយកាលពីឆ្នាំមុនពួកគេបានខកឱកាសលើកពាន ដោយចាញ់ Real Madrid ដោយការទាត់បាល់ប៉េណាល់ទីសម្រេចសេចក្តី។
ក្រុមទាំង៤ខាងលើ នឹងត្រូវជួបគ្នាក្នុងវគ្គនេះក្រោយការចាប់ឆ្នោតម្តងទៀតនៅថ្ងៃសុក្រ ទី២១ ខែមេសា ស្អែកនេះនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ដែលស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស វេលាម៉ោង៥ល្ងាច [ម៉ោងនៅកម្ពុជា]។
ការប្រកួតជើងទីមួយនឹងប្រព្រឹត្តទៅថ្ងៃទី២ និងទី៣ ខែឧសភា ហើយជើងទីពីរ ដំណើរការនៅថ្ងៃទី៩ និងទី១០ ខែឧសភា។ ក្រុមដែលមានប្រៀបទាំងពីរជើង នឹងទទួលបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី៣ ខែមិថុនា នៅកីឡដ្ឋាន Millennium Stadium ក្រុង Cardiff ប្រទេសវេលស៍៕
Tag:
បាល់ទាត់
Champions League
© រក្សាសិទ្ធិដោយ thmeythmey.com