ជាតិ
សេដ្ឋកិច្ច
កម្ពុជាជាប់បំណុលសាធារណៈចំនួន ៥,៨ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០១៦
× ភ្នំពេញ៖ កម្ពុជាជំពាក់បំណុលសាធារណៈសរុប ៥,៨៦ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១៦ កើនឡើងជាង ២០០ លានដុល្លារ បើធៀបនឹងឆ្នាំ២០១៥ ដែលមានតែ ៥,៦៤ ពាន់លានដុល្លារប៉ុណ្ណោះ។ ទំហំបំណុលនេះ គឺស្មើ ២២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ នេះបើតាមព្រឹត្តិបត្រព័ត៌មានបំណុលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ខែមេសា។
ព្រឹត្តិបត្រដដែលបន្តថា បំណុលសាធារណៈរបស់កម្ពុជា ត្រូវបានបែងចែកជាបំណុលសាធារណៈក្នុងប្រទេសចំនួន ០,០៥ ភាគរយ ស្មើ ២,៧៤ លានដុល្លារ និងបំណុលសាធារណៈក្រៅប្រទេសចំនួន ៩៩,៩៥ភាគរយ ស្មើនឹង ៥,៨៣ ពាន់លានដុល្លារ។
ក្នុងចំណោមបំណុលសាធារណៈបរទេសរបស់កម្ពុជា ការខ្ចីក្នុងក្របខណ្ឌទ្វេភាគីមានចំនួនដល់ ៧០ភាគរយ។ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ប្រទេសចិន ជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាគិតត្រឹមឆ្នាំ២០១៦ ដែលមានទំហំ ២៨១៨ លានដុល្លារ បន្ទាប់មកប្រទេសកូរ៉េខាងត្បូងចំនួន ២៨០លានដុល្លារ នាំមុខប្រទេសជប៉ុន ដែលកម្ពុជាជំពាក់ជប៉ុនចំនួន ២០៨ លានដុល្លារ និងប្រទេសផ្សេងៗទៀត។ ដោយឡែកកម្ពុជាជាប់បំណុលដៃគូអភិវឌ្ឍន៍ក្របខណ្ឌពហុភាគីចំនួន ៣០ ភាគរយនៃបំណុលក្រៅប្រទេសសរុប ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ១១២៨លានដុល្លារ, ធនាគារពិភពលោក ៥១៨ លានដុល្លារ និងអង្គការមូលនិធិមួយចំនួនទៀត។
នៅក្នុងឆ្នាំ២០១៦ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ពីក្រៅប្រទេសចំនួន ៨០២លានដុល្លារ។ បើគិតពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ កម្ពុជាបានខ្ចីប្រាក់ពីក្រៅប្រទេសចំនួន ៨,៣ពាន់លានដុល្លារ ដែលថវិកាទាំងនេះត្រូវបានយកទៅអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដល់ទៅ ៨៦ ភាគរយ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងព្រឹត្តិបត្ររបស់ខ្លួនបានបន្តលើកឡើងថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្នមានចីរភាព និងហានិភ័យកម្រិតទាប ដោយរដ្ឋាភិបាលខ្ចីបុលគេ ដោយឈរលើគោលការណ៍ ខ្ចីក្នុងទំហំសមស្របដែលស្ថានភាពសេដ្ឋកិច្ចអាចទ្រាំទ្របាន, ខ្ចីឥណទានដែលមានកម្រិតសម្បទានខ្ពស់, ខ្ចីសម្រាប់តែវិស័យអាទិភាព និងប្រើប្រាស់ឥណទានដោយតម្លាភាព និងប្រសិទ្ធភាព។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ច ត្រូវបានស្រង់សំដីដោយការសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៩ខែមេសាថា បំណុលបច្ចុប្បន្នរបស់កម្ពុជាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ លើសពីនេះ លោកធ្លាប់មានប្រសាសន៍ក្នុងវេទិកាមួយ កាលពីចុងឆ្នាំ២០១៦ ថា ការខ្ចីឥណទានរបស់រដ្ឋាភិបាល ស្ថិតក្នុងកម្រិតអាចទទួលយកបាន បើធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ប៉ុន្តែលោកស្នើឲ្យអ្នកពាក់ព័ន្ធ ពិសេសពលរដ្ឋជួយតាមដានពីការប្រើប្រាស់កម្ចីទាំងនោះ ថាតើការការចាយវាយថវិកាបានពីកម្ចីទាំងនោះ មានប្រសិទ្ធភាព និងតម្លាភាពកម្រិតណា?៕
© រក្សាសិទ្ធិដោយ thmeythmey.com