ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ជាប់បំណុល​សាធារណៈ​ចំនួន ៥,៨ ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៦
20, Apr 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​ជំពាក់​បំណុល​សាធារណៈ​សរុប ៥,៨៦ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៦ កើនឡើង​ជាង ២០០ លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មានតែ ៥,៦៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ទំហំ​បំណុល​នេះ គឺ​ស្មើ ២២,៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ នេះ​បើតាម​ព្រឹត្តិបត្រ​ព័ត៌មាន​បំណុល​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១២​ខែមេសា​។



​ព្រឹត្តិបត្រ​ដដែល​បន្តថា បំណុល​សាធារណៈ​របស់​កម្ពុជា ត្រូវបាន​បែងចែក​ជា​បំណុល​សាធារណៈ​ក្នុងប្រទេស​ចំនួន ០,០៥ ភាគរយ ស្មើ ២,៧៤ លាន​ដុល្លារ និង​បំណុល​សាធារណៈ​ក្រៅប្រទេស​ចំនួន ៩៩,៩៥​ភាគរយ ស្មើនឹង ៥,៨៣ ពាន់​លាន​ដុល្លារ​។

​ក្នុងចំណោម​បំណុល​សាធារណៈ​បរទេស​របស់​កម្ពុជា ការខ្ចី​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​មាន​ចំនួន​ដល់ ៧០​ភាគរយ​។ ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា ប្រទេស​ចិន ជា​ម្ចាស់បំណុល​ធំជាងគេ​របស់​កម្ពុជា​គិត​ត្រឹម​ឆ្នាំ​២០១៦ ដែលមាន​ទំហំ ២៨១៨ លាន​ដុល្លារ បន្ទាប់មក​ប្រទេស​កូរ៉េខាងត្បូង​ចំនួន ២៨០​លាន​ដុល្លារ នាំមុខ​ប្រទេស​ជប៉ុន ដែល​កម្ពុជា​ជំពាក់​ជប៉ុន​ចំនួន ២០៨ លាន​ដុល្លារ និង​ប្រទេស​ផ្សេងៗ​ទៀត​។ ដោយឡែក​កម្ពុជា​ជាប់បំណុល​ដៃគូ​អភិវឌ្ឍន៍​ក្របខណ្ឌ​ពហុភាគី​ចំនួន ៣០ ភាគរយ​នៃ​បំណុល​ក្រៅប្រទេស​សរុប ក្នុងនោះ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ១១២៨​លាន​ដុល្លារ​, ធនាគារពិភពលោក ៥១៨ លាន​ដុល្លារ និង​អង្គការ​មូលនិធិ​មួយចំនួនទៀត​។​

​នៅក្នុង​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចីប្រាក់​ពី​ក្រៅប្រទេស​ចំនួន ៨០២​លាន​ដុល្លារ​។ បើ​គិតពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៦ កម្ពុជា​បាន​ខ្ចីប្រាក់​ពី​ក្រៅប្រទេស​ចំនួន ៨,៣​ពាន់​លាន​ដុល្លារ ដែល​ថវិកា​ទាំងនេះ​ត្រូវបាន​យកទៅ​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ទៅ ៨៦ ភាគរយ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​ព្រឹត្តិបត្រ​របស់ខ្លួន​បាន​បន្ត​លើកឡើងថា ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុ​ជាប​ច្ចុ​ប្បន្ន​មាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប ដោយ​រដ្ឋាភិបាល​ខ្ចីបុល​គេ ដោយ​ឈរលើ​គោលការណ៍ ខ្ចី​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​, ខ្ចី​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​ខ្ពស់​, ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព និង​ប្រើប្រាស់​ឥណទាន​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។​

​លោក ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ច ត្រូវបាន​ស្រង់​សំដី​ដោយ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៩​ខែមេសា​ថា បំណុល​បច្ចុប្បន្ន​របស់​កម្ពុជា​ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​។ លើសពីនេះ លោក​ធ្លាប់មាន​ប្រសាសន៍​ក្នុង​វេទិកា​មួយ កាលពី​ចុងឆ្នាំ​២០១៦ ថា ការខ្ចី​ឥណទាន​របស់​រដ្ឋាភិបាល ស្ថិតក្នុង​កម្រិត​អាច​ទទួលយកបាន បើ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP)  ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ ពិសេស​ពលរដ្ឋ​ជួយ​តាមដាន​ពី​ការប្រើប្រាស់​កម្ចី​ទាំងនោះ ថា​តើ​ការ​ការចាយវាយ​ថវិកា​បាន​ពី​កម្ចី​ទាំងនោះ មាន​ប្រសិទ្ធភាព និង​តម្លាភាព​កម្រិតណា​?៕


Tag:
 បំណុល​សាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com