កីឡាជាតិ
ជាតិ
វរ​កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាករ ញ៉ែម បូរ៉ា ត្រូវបាន​តំឡើង​ឋានន្តរស័ក្តិ​ជា​វរសេនីយត្រី​
20, Apr 2017 , 5:39 pm         13724
រូបភាព
​វរ​កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស និង​កីឡាករ ញ៉ែម បូរ៉ា ម្ចាស់​មេដាយប្រាក់​ពិភពលោក​ដែល​ដណ្តើមបាន​ពី​ប្រទេស​បែលហ្ស៊ិក ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​តំឡើង​ឋានន្តរស័ក្តិ​ពី​អនុ​វរសេនីយឯក​មក​បវ​រ​សេនីយ​ត្រី​។ ការប្រកាស​នេះ ធ្វើឡើង​នា​ពិធី​ជួបជុំ​អបអរ​ម្ចាស់​មេដាយមាស​ពិភពលោក អ៊ុក ស្រីមុំ នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី​២០ ខែមេសា​។


​ដើម្បី​ជាការ​អបអរ​ក៏ដូចជា​តបស្នង​ដល់​ការកសាង​កេ​រិ៍​ឈ្មោះ​ជូន​មាតុភូមិ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​តំឡើង​ឋានន្តរស័ក្តិ​ជូន​វរ​កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​ពិភពលោក​ដែល​ដណ្តើមបាន​ពី​ទីក្រុង Ghent ប្រទេស​បែលហ្ស៊ិក ពី​អនុសេនីយឯក​ទៅជា​វរសេនីយត្រី​។ ជាមួយគ្នានេះ កីឡាករ ញ៉ែម បូរ៉ា ម្ចាស់​មេដាយប្រាក់​ពិភពលោក​ក៏ត្រូវ​បាន​តំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយឯក​ទៅជា​វរសេនីយត្រី​ផងដែរ​។ ចំណែក​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ម្ចាស់​មេដាយប្រាក់​ទទួល​បាន​អាហារូបករណ៍​រៀន​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​រហូត​ចប់​ថ្នាក់​បរិញ្ញាបត្រ​។



​ក្រៅពី​ការតំឡើង​ឋានន្តរស័ក្តិ​ម្ចាស់​មេដាយមាស​ពិភពលោក អ៊ុក ស្រីមុំ តាម​អនុ​ក្រិ​ត្យរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​១២០​លាន​រៀល បន្ថែម​លើ​នោះ​សម្តេច ហ៊ុន សែន បាន​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​១​ម៉ឺន​ដុ​លា្ល​រ​បន្ថែម​។ រីឯ​លោក សុខ ម៉ុង ដែលជា​គ្រូបង្វឹក​កីឡាការិនី អ៊ុក ស្រីមុំ តាម​អនុ​ក្រិ​ត្យ​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​១២០​លាន​រៀល ហើយ​សម្តេច ហ៊ុន សែន បាន​ឧបត្ថម្ភ​បន្ថែមចំនួន​៣​ពាន់​ដុល្លារ​។ 



​ចំណែក​ម្ចាស់​មេដាយប្រាក់ ញ៉ែម បូរ៉ា និង ស្រ៊ាង សុរ៉ា​ឃីម តាម​អនុក្រឹត្យ ទទួលបាន​៨០​លាន​រៀល និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពីស​ម្តេច ហ៊ុន សែន ម្នាក់​២​ពាន់​ដុ​លា្ល​រ​។ ចំណែក លោក អ៊ឹម ផាត ដែលជា​គ្រូបង្វឹក​កីឡាករ ញ៉ែម បូរ៉ា ទទួលបាន​ប្រាក់រង្វាន់​លើក​ទឺ​ក​ចិត្ត​៨០​លាន​រៀល និង​ប្រាក់រង្វាន់​ពីស​ម្តេច ហ៊ុន សែន ចំនួន​២​ពាន់​ដុ​លា្ល​រ​។



​ជាមួយគ្នានេះ លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​កីឡាករ​ឲ្យ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​បែលហ្ស៊ិក​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពីស​ម្តេច ហ៊ុន សែន ចំនួន​២​ពាន់​ដុល្លារ ខណៈ​លោក ហ៊ុន សាមុត អនុ​ប្រតិភូ និង​កីឡាករ សុខ ចាន់​មាន ដែល​មិនបាន​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពីស​ម្តេច ហ៊ុន សែន ម្នាក់​១​ពាន់​ដុល្លារ​៕      

Tag:
 ប៉េតង់​
  អ៊ុក ស្រីមុំ​
  ញ៉ែម បូរ៉ា​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ