អន្តរជាតិ
អនុ​ប្រធានាធិបតី​អាមេរិក​មក​ឥណ្ឌូណេស៊ី អាច​បង្ហាញថា​អាមេរិក​មិន​បោះបង់​តំបន់​អាស៊ី​
20, Apr 2017 , 10:39 pm         905
រូបភាព
រូបភាព៖ Fox News
រូបភាព៖ Fox News
ដោយ: ថ្មីៗ
​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី​បន្ទាប់ពី​បញ្ចប់​ដំណើរ​សួរសុខទុក្ខ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​និង​ជប៉ុន​សប្តាហ៍​នេ​ហ​។ វត្តមាន​មេដឹកនាំ​អាមេរិក​រូបនេះ​នៅ​ឥណ្ឌូណេស៊ី បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន និង​ការប្រឹងប្រែង​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​ជាមួយ​ប្រទេស​ម៉ូ​ស្លី​ម ស្រប​ពេលដែល​មានការ​បារម្ភ​ថា រដ្ឋបាល ដូ​ណា​ល់ ត្រាំ មាន​និន្នាការ​រើសអើង​ប្រជាជន​ម៉ូ​ស្លី​ម​ផង​។​


​បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​ជប៉ុន អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បន្តដំណើរ​មកកាន់​ប្រទេស​ម៉ូ​ស្លី​ម​ធំ​បំផុត​លើ​ពិភពលោក​គឺ ឥណ្ឌូណេស៊ី ថ្ងៃ​ព្រហស្បតិ៍ ទី ២០ មេសា នេះ​។ វា​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់បំផុត​មួយ​របស់​មេដឹកនាំ​អាមេរិក មកកាន់​ប្រទេស​នេះ​ចាប់តាំងពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ឡើងកាន់តំណែង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អនុ​ប្រធានាធិបតី​អាមេរិក Mike Pence ត្រូវ​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ និង អនុ​ប្រធានាធិបតី Jusuf Kalla ដោយ​ផ្តោតលើ​ប្រធានបទ​ជាច្រើន​ជាពិសេស​បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច​។ ក្រៅពីនេះ លោក Mike Pence នឹងចូលរួម​ប្រារព្ធ​ខួប​លើក​ទី ៥០​នៃ​ការបង្កើត​អាស៊ាន​និង​ខួប​លើក​ទី ៤០​ដែល​អាមេរិក​និង​អាស៊ាន​បង្កើត​ទំនាក់ទំនង​ជាមួយគ្នា​ដែរ​។​

១.​វត្តមាន Mike Pence នៅ​អាស៊ាន​បញ្ជាក់ថា រដ្ឋបាល ត្រាំ មិន​បោះបង់​អាស៊ាន​

​តាំងពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​រហូតដល់​លោក​ឡើងកាន់​អំណាច គេ​នៅតែ​មិនដឹង​ច្បាស់​ពី​គោលនយោបាយ​អាមេរិក​មកកាន់​តំបន់​អាស៊ាន​ឬ​អាស៊ី​ទាំងមូល​ឡើយ​។ មានការ​បារម្ភ​ថា រដ្ឋបាល​ថ្មី​នឹង​បោះបង់​ចូល​តំបន់​នេះ ព្រោះ​រដ្ឋបាល​នេះ​គាំទ្រ​នយោបាយ​គាំពារ​និយម និង​ប្រឆាំង​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ផងដែរ​។  ដូច​ឃើញស្រាប់ លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដក​សមាជិក​ភាព​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ភ្លាមៗ ក្រោយ​លោក​ឡើងកាន់តំណែង​។​

​យ៉ាងណាមិញ ការបារម្ភ​និង​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​លើ​នយោបាយ​ការបរទេស​អាមេរិក​ម​ក​កាន់​តំបន់​អាស៊ាន​ហាក់​រសាយ​បន្តិច ដោយសារ​វត្តមាន​អនុ​ប្រធានាធិបតី Mike Pence នៅ​ឥណ្ឌូណេស៊ី​។ នេះ​ក៏ដោយ​សារ វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋបាល​អាមេរិក​ចំពោះ​តំបន់​អាស៊ាន​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ឥណ្ឌូណេស៊ី លោក Mike Pence ជជែក​ជាមួយ​មេដឹកនាំ​ឥណ្ឌូណេស៊ី​ពី​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ជាពិសេស​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។ មន្ត្រីជាន់ខ្ពស់​លំដាប់​ទី​ពីរ​ក្នុងគណ​រដ្ឋមន្ត្រី​លោក ដូ​ណា​ល់ ត្រាំ​ក៏​ចង់​ផ្ញើ​សារ​មួយ​ទៅកាន់​តំបន់​ទាំងមូល​ផង​ថា រដ្ឋបាល​អាមេរិក​នៅតែ​បើកចំហ​ទ្វារ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​តំបន់​អាស៊ី​ទាំងមូល ថ្វីបើ​អាមេរិក​បោះបង់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ក៏ដោយ​។​

​បន្ថែម​ពីលើ​រឿង​សេដ្ឋកិច្ច មេដឹកនាំ​អាមេរិក​ក៏​នឹង​ពិភាក្សា​ផ្លាស់ប្តូរ​មតិយោបល់​ជាមួយ​មេដឹកនាំ​ឥណ្ឌូណេស៊ី​ជុំវិញ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ដូចជា​ការប្រឆាំង​ភេរវជន និង​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​ជាដើម​ថែមទៀត​។ បន្ទាប់ពី​ចាកចេញ​ពី​ឥណ្ឌូណេស៊ី លោក Pence នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។​

​ដោយឡែក គេ​រំពឹង​ផងដែរ​ថា អាមេរិក​នៅតែ​បន្ត​ភ្ជាប់​ទំនង​នាក់​ទំនង​ជាមួយ​តំបន់​អាស៊ី ហើយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ប្រហែលជា​នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ដោយ​លោក​មក​ចូលរួម​ប្រជុំ​កំពូល​មួយចំនួន​ក្រោម​ក្របខណ្ឌ​អាស៊ាន​ដែរ​។​

២.Mike Pence ទស្សនកិច្ច​ឥណ្ឌូណេស៊ី​បង្ហាញថា រដ្ឋបាល​ត្រាំ មិន​រើសអើង​ប្រជាជន​មូស្លីម​

​ដំណើរ​ទស្សនកិច្ច​រប​ស់​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​មក​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​ម៉ូ​ស្លី​ម​ធំ​បំផុត​លើ​ពិភពលោក (៩០​ភាគរយ​នៃ​ប្រជាជន​សរុប ២៥៥​លាន​នាក់​) ក៏ត្រូវ​បាន​គេ​ចាត់ទុកថា ជា​គោលនយោបាយ​របស់​អាមេរិក ក្នុង​ផ្លាស់ប្តូរ​ការគិត​ថា លោក ដូ​ណា​ល់ ត្រាំ បង្កើត​ឲ្យ​មានការ​ស្អប់ខ្ពើម​ឬ​រើសអើង​ប្រជាជន​ឥស្លាម​។​

​បើ​យោងតាម​ទីភ្នាក់ងារ AFP ដដែល លោក Mike pence នឹង​ទៅ​ទស្សនកិច្ច​នៅ​វិហារ​ឥស្លាម​ធំ​បំផុត Istiqlal នៅ​ឥណ្ឌូណេស៊ី​ផង​។ ការអញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​វិហារ​ឥស្លាម​ជា​សារ​មួយ​សម្រាប់​ពិភពលោក រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​មិនមាន​គោលជំហរ​ណាមួយ​ប្រឆាំង​ឥស្លាម​ឡើយ​។ ហើយ​រដ្ឋបាល​អាមេរិក​មាន​ឆន្ទៈ​ក្នុងការ​ភ្ជាប់​ទំនងជា​មួយ​បងប្អូន​ប្រជាជន​ម៉ូ​ស្លី​ម​ទូទាំង​ពិភពលោក ដូច​កាលដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី Michelle បានធ្វើ​នៅ​ពី​ឆ្នាំ ២០១០​នោះ​។​

​តាមពិតទៅ លោក ដូ​ណា​ល់ ត្រាំ រង​ការរិះគន់​និង​ថ្កោលទោស​ខ្លាំង​កន្លងមក​ដោយសារ​លោក ប្រើប្រាស់​ពាក្យសម្តី​រើសអើង​សាសនា​និង​បង្កប់​អត្ថន័យ​ស្អប់ខ្ពើម​ប្រជាជន​ម៉ូ​ស្លី​ម​។ ហើយ​ក្រោយ​ឡើងកាន់​អំណាច លោក ថែមទាំង​ចេញ​ក្រឹត្យ​ហាមប្រាម​ប្រជាជន​ម៉ូ​ស្លី​ម​នៅ​ប្រទេស​មួយចំនួន​ចូល​ទឹកដី​អាមេរិក​ថែមទៀត​។​

​យ៉ាងណាមិញ ចាប់ពី​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​បាន​ជិត​១០០​ថ្ងៃ មកនេះ លោក​បាន​ព្យាយាម​ផ្លាស់ប្តូរ​ឥរិយាបថ​លោក​ចំពោះ​ប្រជាជន​ម៉ូ​ស្លី​ម ដោយ​លោក​ងាក​ទៅ​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​មេដឹកនាំ​ប្រទេស​ម៉ូ​ស្លី​ម​ទូទាំង​ពិភពលោក​។ ដូច​ឃើញស្រាប់​លោក​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​ហ្ស៊​កដា​នី​, អ៊ីរ៉ាក់​, អេ​ហ្ស៊ី​ប និង​អា​រ៉ា​ប៊ី​សា​អូឌីត​ជាដើម​។​

​ទាក់ទិន​វត្តមាន​លោក Mike Pence នៅ​វិហារ​ឥស្លាម ប្រធាន​ក្រុមប្រឹក្សា​សា​សាសនា​ឥស្លាម​ឥណ្ឌូណេស៊ី Maruf Amin បានបង្ហាញ​ការយល់ឃើញ​បែប​សុទិដ្ឋិនិយម​ដែរ​។ លោក​ពឹង​ថា ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច លោក ដូ​ណា​ល់ ត្រាំ ពិតជា​ផ្លាស់ប្តូរ​ការគិត​អវិជ្ជមាន​និង​ឥរិយាបថ​មិន​សមរម្យ​ដាក់​អ្នក​កាន់សាសនា​ឥស្លាម​៕

Tag:
 អាមេរិក​
 Mike Pence
  ដូ​ណា​ល់ ត្រាំ​
  ចូ​កូ វី​ដូ​ដូ​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12next