សៀមរាប៖ អ្នកបុរាណវិទូបានរៀបរាប់ពីប្រវត្តិនៃការកកើតភូមិករខ្មែរសម័យដើម។ ជាអ្វីដែលខុសប្លែកគ្នាពីសម័យបច្ចុប្បន្ន គឺអ្នកបុរាណវិទូពន្យល់ថា ភូមិករដែលនៅប្រប ឫក្បែរមាត់ផ្លូវ មិនមែនជាទំនៀមខ្មែរទេ តែវាទើបនឹងបង្កើតនៅសម័យទំនើបនេះតែប៉ុណ្ណោះ។ ព័ត៌មានលម្អិត សូមអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាអ្នកស្រាវជ្រាវ ដូចតទៅ។
អ៊ីសា រ៉ហានី៖ តើលោកអាចរៀបរាប់ពីការកកើតនៃភូមិកររបស់ខ្មែរបានដែរឬទេ?
អ៊ឹម សុខរិទ្ធី៖ គេដឹងហើយថា ដើមឡើយមនុស្សរស់នៅតាមរូងភ្នំ។ ក្រោយមកបានវិវត្តន៍ទៅរស់នៅផ្ដុំគ្នាជាក្រុមៗ ទើបកកើតជាភូមិអាករ។ ក្នុងករណីការវិវត្តន៍នៃភូមិខ្មែរ ពេលមិនទាន់មានអរិយធម៌ឥណ្ឌាចូលមក នៅស្រុកខ្មែរទំនងមានជនជាតិច្រើននៅផ្ដុំគ្នាអាចពី២០ ទៅ៣០ក្រុម ហើយនិយាយភាសាស្រដៀងៗគ្នា។ ក្រោយមកទៀតអ្នកស្រាវជ្រាវបានហៅពួកគេទាំងនោះជា «អំបូរខ្មែរមន»។
អំបូរទាំងនោះរស់នៅជាក្រុមៗ ហើយគេអាចស្គាល់មានដូចជាខ្មែរ កួយ សំរែ ស្ទៀង រដែ បាណា ពណ៌។ល។ ពេលអរិយធម៌ឥណ្ឌាចូលមកតាមរយៈការធ្វើជំនួញ ផ្សព្វផ្សាយសាសនា ស្វែងរកកំណប់-ល- ពួកគេបានប្រទះនឹងជនជាតិច្រើនក្រុមដែលកំពុងរស់នៅលើទឹកដីខ្មែរ។ ពេលនោះ មានតែជនជាតិខ្មែរតែប៉ុណ្ណោះ ដែលចេញមុខធ្វើជំនួញ និងព្រមទទួលឥទ្ធិពលពីឥណ្ឌា ក្រៅពីនោះជនជាតិដទៃ ពួកគេបានដកថយ មិនព្រមទទួលអរិយធម៌ថ្មី ហើយពេលនោះហើយ ដែលការកកើតរដ្ឋត្រូវបានចាប់ផ្តើម។
អ៊ីសា រ៉ហានី៖ តើសណ្ឋាន ឬរូបរាងនៃកកើតភូមិដំបូងមានរូបរាងបែបណា?
អ៊ឹម សុខរិទ្ធី៖ យើងដឹងហើយ ដើមឡើយប្រជាជនរស់នៅផ្ដុំគ្នានៅភូមិឋានមួយ ដែលមានរាងមូល មានកំពែងព័ទ្ធជុំវិញ។ ដល់ពេលក្លាយជារដ្ឋ និងទទួលឥទ្ធិពលថ្មី គឺមានក្រុង រៀបចំភូមិឋានទៅតាមឥណ្ឌា។ មនុស្សរស់នៅជាក្រុម ក្នុងភូមិស្រុក ហើយភូមិនោះមានរាងជាធរណីមាត្របួនជ្រុងទ្រវែង បួនជ្រុងស្មើ រាងមូល និងមានកំពែងព័ទ្ធជុំវិញ មានផ្លូវ មានប្រាសាទនៅកណ្តាល មានប្រាសាទនៅជ្រុង មានទីអារាម មានបណ្តាញគមនាគមន៍-ល- ការទទួលឥទ្ធិពលនេះ គឺជាការវិវត្តន៍ទៅជាក្រុងស៊ីវិល័យ។
ចំណែកសហគមន៍ដែលមិនព្រមទទួលឥទ្ធិពលពីឥណ្ឌា ពួកគេរស់នៅប្រមូលផ្ដុំគ្នាដែរ ប៉ុន្តែការរៀបចំភូមិអាករមិនមានភាពត្រឹមត្រូវទេ មានតែភូមិអាករខ្មែរដែលទទួលអរិយធម៌ឥណ្ឌាប៉ុណ្ណោះ ដែលមានទ្រង់ទ្រាយត្រឹមត្រូវ តាមក្បួនខ្នាតទៅតាមឥណ្ឌា ហើយការរៀបចំនេះតរហូតដល់សម័យក្រោយអង្គរ និងបន្តដល់សម័យក្រោយទៀត។
ក្រុមជនជាតិដទៃ ពួកគេរស់នៅជាសហគមន៍ដែរ តែពួកគេគ្មានចំណេះលើកផ្លូវទេ។ ពួកគេរស់បែបធម្មជាតិ តែខ្មែរ (ដែលទទួលអរិយធម៌ឥណ្ឌា) ប្រើធម្មជាតិមកបម្រើ គឺមានលើកថ្នល់ ពូនផ្លូវតពីសហគមន៍មួយទៅសហគមន៍មួយ លើកផ្លូវតូចតភ្ជាប់ទៅផ្លូវធំ។ល។
អ៊ីសា រ៉ហានី៖ ចំណែកការដាក់ឈ្មោះភូមិករវិញ តើការដាក់ឈ្មោះនៅសម័យបុរាណ គេដាក់យោងលើអ្វីខ្លះ?
អ៊ឹម សុខរិទ្ធី៖ ពីដើម គេអាស្រ័យលើរាជការអ្នកដាក់ ឬរាជការដាក់ទៅតាមព្រះដែលតម្កល់នៅតាមសហគមន៍នោះ។ មានន័យថា ចំណុចសំខាន់របស់ភូមិ គឺកកើតពីការរាយសាយចេញពីមណ្ឌលមួយ ដែលជាចំណុចកណ្តាលរបស់ភូមិ ជាផ្ចិតរបស់ភូមិ ហើយជាអ្នកថែរក្សាភូមិ ដែលមុនដំបូងជាអ្នកតា ចេញពីអ្នកតាក្លាយជាព្រះរបស់ព្រហ្មណ៍សាសនា ហើយព្រះនោះគេធ្វើប្រាសាទនៅកណ្តាល ហើយប្រាសាទនោះទៀតសោតមានឈ្មោះព្រះមួយៗ ហើយឈ្មោះព្រះនោះជាឈ្មោះរបស់ភូមិមួយៗ។
ក្រៅពីនេះ គេដាក់ឈ្មោះភូមិយោងតាមធម្មជាតិ ដូចជាភូមិនោះនៅក្បែរទន្លេ ភ្នំ ថ្នល់ (ថ្នល់បត់ ថ្នល់ទទឹង...) ភូមិនោះមានឈ្មោះតាមហ្នឹង។ បើរាជការអ្នកដាក់ គឺយោងតាមព្រះ តែបើកើតចេញពីរាស្ត្រ ច្រើនទាក់ទងនឹងធម្មជាតិ ហើយប្រវត្តិនេះរហូតមកដល់សម័យទំនើប។
អ៊ីសា រ៉ហានី៖ មកដល់សម័យទំនើប តើបាតុភូតកកើតភូមិនៅដដែល ឬមានការផ្លាស់ប្តូរ?
អ៊ឹម សុខរិទ្ធី៖ បាតុភូតនៃការកកើតភូមិនៅសម័យទំនើប មានការប្រែប្រួល។ តួយ៉ាង នៅសម័យអាណានិគមបារាំង ពេលបារាំងធ្វើផ្លូវភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ពេលនោះតាមផ្លូវស្ងាត់ អសន្តិសុខ-ល- ពេលនោះ អាជ្ញាធរខ្លះលើកទឹកចិត្ត ខ្លះបង្ខំ ឲ្យអ្នកស្រុកមករស់នៅប្របមាត់ថ្នល់។ សព្វថ្ងៃយើងឃើញភូមិនៅបណ្តោយថ្នល់ ឬផ្លូវ វាមិនមែនជាទំនៀមរបស់ខ្មែរទេ។
នៅស.វទី២០ ចាប់ផ្តើមមានចលនាផ្សេងទៀត។ នៅតំបន់អង្គរ នៅស.វទី២០ មានចលនាប្រជាជន ដែលចុះពីខ្មែរលើពីខាងជើងភ្នំដងរែកសព្វថ្ងៃ នៅក្នុងទឹកដីរបស់សៀម ខេត្តសុរិន ដែលពួកគេជាខ្មែរផង ជាកួយផង បានធ្វើដំណើរចុះមកក្រោម ដើម្បីរកដីធ្វើស្រែ។ ព្រោះពេលនោះនៅតំបន់ខ្ពស់ អាជ្ញាធរសៀមមិនទាន់រៀបចំប្រព័ន្ធធារាសាស្ត្រនៅឡើយ ប្រជាជនក្រ មានជំងឺអាសន្នរោគផង បានចេញមកខាងក្រោមជាក្រុមៗ រកដីធ្វើស្រែ នៅជាប់មាត់ទន្លេ។ ហេតុដូច្នេះហើយ ទើបនៅដើមស.វទី២០ មានចលនាធំចឹង បើគិតទៅពួកគេចុះមកដល់ខេត្តឧត្តរមានជ័យ សៀមរាប កំពង់ធំ ខ្លះមកពីស៊ីសាកេត សុរិន បុរីរាម។ល។
នៅតំបន់អង្គរក៏មានដែរ។ នៅដើមស.វទី២០ អ្នកទាំងនោះមកដល់អង្គរ មានកួយមួយក្រុមធំមកដល់អង្គរ មករៀបចំភូមិនៅបារាយណ៍ទឹកថ្លា ក្រោយមកគេបញ្ចូលទឹកវិញ ក៏ជម្លៀសប្រជាជនទៅខាងលើ មានដូចជាភូមិគោកត្នោត គោកបេង គឺជាអ្នកដែលរៀបចំរានដី ធ្វើភូមិនៅម្តុំហ្នឹងមុនគេ គឺកួយ ក្រោយមកកើតជាខ្មែររហូតមក។
អ៊ីសា រ៉ហានី៖ ទាក់ទងនឹងការដាក់ឈ្មោះនេះដែរ កាលពីពេលថ្មីៗនេះ មានព្រះសង្ឃមួយអង្គចេញមកបកស្រាយថា ភូមិ «គិរីមានន្ទ» ដែលជាភូមិស្ថិតនៅសង្កាត់អំពិល ក្រុងសៀមរាប ឈ្មោះដើម «មានីមានន្ទ» ទៅវិញ។ លោកមានសង្ឃដីការថា មានីមានន្ទ ជាឈ្មោះអ្នកដែលមកតាំងទីដំបូងនៅភូមិឋាននោះ ទើបអ្នកស្រុកដាក់ទៅតាមហ្នឹង។ តើករណីនេះ លោកបកស្រាយបែបណា?
អ៊ឹម សុខរិទ្ធី៖ រឿងហ្នឹងអត់ខុសទេ។ ដូចខ្ញុំនិយាយចឹង ឈ្មោះខ្លះវាទាក់ទងនឹងធម្មជាតិ ខ្លះកកើតដោយអ្នកទីមួយដែលគេមករៀបចំទៅ មិនដឹងហៅអី ក៏ដាក់ឈ្មោះហ្នឹងទៅ។ ករណីវាច្រើន ឈ្មោះខ្លះទាក់ទងនឹងដើមឈើ។ បើយើងមើលករណីភូមិ គិរីមានន្ទ យើងអាចបកស្រាយក្នុងរឿងទូទៅរបស់ប្រពៃណីខ្មែរ គេតែងមានការបកស្រាយ ដោយយករឿងព្រេងមកនិយាយ។ យើងត្រូវនិយាយឲ្យច្បាស់ថា នេះជារឿងព្រេងដែលនិយាយតៗគ្នា។ រឿងព្រេងជារឿងព្រេង ប្រវត្តិសាស្ត្រជាប្រវត្តិសាស្ត្រ វប្បធម៌ជារឿងវប្បធម៌ ត្រូវចែកដាច់ពីគ្នា។ យើងមិនបដិសេធទេ ព្រោះនេះគេហៅថា ភាពសម្បូរបែបនៃវប្បធម៌ ភាពចម្រុះនៃវប្បធម៌របស់ខ្មែរ។ យើងមិនត្រូវបំបាត់មួយទេ។ «គិរីមានន្ទ» ជាឈ្មោះគម្ពីរសូត្រមួយនៅក្នុងពុទ្ធសាសនា... ប៉ុន្តែបើយើងមើលពីទ្រង់ទ្រាយរបស់ភូមិ ភូមិនេះមិនមែនបុរាណពេកទេ។ ភូមិហ្នឹង ទំនងកើតនៅក្រោយសតវត្សរ៍ទី២០មក ពីព្រោះអី ភូមិនៅបណ្តោយថ្នល់។
សរុបមកវិញ តាមទំនៀមខ្មែរ ប្រពៃណីខ្មែរ ទម្លាប់ខ្មែរ មិនរស់នៅប្របថ្នល់ទេ។ តាមក្បួននគោរូបនីយកម្មឥណ្ឌា គេរៀបចំភូមិនៅទីតាំងណាដែលមានជ័យ តាមក្បួនតារាសាស្ត្រ។ កន្លែងជ័យ មិននៅជិតថ្នល់ទេ ហើយទំនៀមខ្មែរក៏មិនហ៊ាននៅប្របថ្នល់ដែរ គេខ្លាច គេគោរព ព្រោះផ្លូវនោះជាផ្លូវរបស់ស្ដេច គេមិនហ៊ានទន្ទ្រាននៅទេ៕