កីឡាជាតិ
ជាតិ
កីឡា​ទោចក្រយាន​រៀបចំ​ការប្រកួតប្រណាំង​កង់​អន្តរជាតិ​កម្រិត​អាជីព​លើកដំបូង​នៅ​ភ្នំ​បូកគោ​
22, Apr 2017 , 8:21 am        
រូបភាព
ដោយ:
​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នឹង​រៀប​ចំការ​ប្រ​កួ​ប្រណាំង​កង់​អន្តរជាតិ​កម្រិត​អាជីព​លើកដំបូង​នៅ​កម្ពុជា ដើម្បី​ដកស្រង់​បទពិសោធន៍ បច្ចេកទេស សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ម្យ៉ាងទៀត ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​កីឡាករ​ជម្រើសជាតិ​ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​នា​ខែសីហា ខាងមុខ​។


 
​លោក វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កី​ឡ​ទោចក្រយាន​នឹង​រៀបចំ​ការប្រកួតប្រណាំង​កង់​អន្តរជាតិ​កម្រិត​អាជីព​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៦-៧ ខែឧសភា ឆ្នាំ​២០១៧ នៅលើ​កំពូលភ្នំ​បូកគោ​។ ការប្រកួត​នេះ ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ដែល​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី នា​ខែសីហា ខាងមុខនេះ​។


​ម្យ៉ាងទៀត ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ដកស្រង់​ជា​បទពិសោធន៍ ក៏ដូចជា​បច្ចេកទេស​ស​ម្រា​ប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ព្រោះ​ព្រឹត្តិការណ៍​នេះ​ជាការ​ប្រកួត​កម្រិត​អាជីព​ដែល​រៀបចំ​បច្ចេកទេស​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​ម៉ាឡេស៊ី​។
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ក៏ដូចជា​អភិវឌ្ឍន៍​សមត្ថភាព បច្ចេកទេស​របស់​កីឡាករ​ឲ្យ​ឈានទៅរក​កម្រិត​ជំនាញ​។ ហើយ លោក បាន​ទុក​ការរៀបចំ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រ​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​សហព័ន្ធ​ដទៃៗ​ទៀត​។ 
 
«​នេះ​ជា​ព្រឹត្តិការណ៍​ទី​១ និង​ជា​ផែនការ​ការងារ​ទី​១​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ក្នុងការ​អភិវឌ្ឍន៍​កីឡា​ជំនាញ កាលណា​យើង​មានការ​ប្រកួត​កីឡា​ជំនាញ​ជា​អន្តរជាតិ​នៅ​ស្រុក​យើង នោះ​កីឡាករ​កីឡាការិនី​ថ្នាក់ជាតិ​របស់​យើង នឹង​ទទួលបាន​បទពិសោធន៍​ល្អៗ ជាពិសេស​តាមរយៈ​ការប្រកួតប្រជែង​ជាមួយ​កីឡាករ​បរទេស​ធ្វើ​ឲ្យ​សមត្ថភាព​កីឡាករ​កាន់តែ​ល្អប្រសើរ​»​។ នេះ​ជាស​ម្តី​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។


 
​បើ​យោងតាម លោក វង្ស ខាន់​ពៅ ការប្រកួតប្រណាំង​កង់​អន្តរជាតិ​ជា​លើកដំបូង​នេះ មាន​កីឡាករ​កីឡាការិនី​ជំនាញ​ខាង​ផ្នែក​ជិះ​កង់​ដែល​មកពី​តាម​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក​ជាច្រើនរូប​ចូលរួម​។ បច្ចុប្បន្ន មាន​អត្ត​ព​លិ​ក​ប្រមាណ​ជាជាង​៣០០​នាក់​បាន​ចុះឈ្មោះ​ចូលរួម ក្នុងនោះ​អត្ត​ព​លិ​ក​បរទេស​ជាង​២០០​នាក់ ដែល​មកពី​ប្រទេស​បារាំង​, អូស្ត្រាលី​, សិង្ហ​បុរី​, ណូ​វែ​ល​សេ​ឡង់​, ឡាវ​, ថៃ​, វៀតណាម និង​ម៉ាឡេស៊ី​ជាដើម​។ លោក រំពឹងថា​អត្ត​ព​លិ​ក​នឹង​កើនឡើង​ជិត​ដល់​៤០០​នាក់​ទម្រាំ​ការប្រកួត​ចាប់ផ្តើម​។
 
​អត្ត​ព​លិ​ក​ទាំងនេះ ត្រូវ​ប្រកួតប្រជែង​លើ​៥​ប្រភេទ​វិញ្ញាសា​រួមមាន វិញ្ញាសា Pro Rider ៨៥​គីឡូម៉ែត្រ​, Men Open អាយុ​ក្រោម​៣៥​ឆ្នាំ​ចម្ងាយ​៨៥​គីឡូម៉ែត្រ​, Men Junior Masters អាយុ​ពី​៣៥​ឆ្នាំ​ដល់​៤៥​ឆ្នាំ​ចម្ងាយ​៦៦​គីឡូម៉ែត្រ​, Men Senior Masters ចម្ងាយ​៥១​គីឡូម៉ែត្រ និង Women Senior Masters ចម្ងាយ​៥១​គីឡូម៉ែត្រ​៕

Tag:
 ប្រណាំង​កង់​អន្តរជាតិ​
  វ៉ា​ត់ ចំរើន​
  វង្ស ខាន់​ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com