ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម នឹងពិនិត្យស្រូវគ្រប់ឃ្លាំងស្តុក និងមិនឲ្យនាំចេញទៅអឺរ៉ុបបើរកឃើញថ្នាំ Tricyclazole
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នឹងស្កេនស្រូវនៅតាមបណ្ដាឃ្លាំងស្តុកទាំងអស់ទូទាំងប្រទេស ចាប់ពីខែមេសា ដល់ខែកក្កដាឆ្នាំនេះ ដើម្បីទប់ស្កាត់ការនាំអង្ករមានសារធាតុថ្នាំ Tricyclazole ចូលទៅទីផ្សារសហភាពអឺរ៉ុប។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីជាន់ក្រសួងកសិកម្ម។
សហភាពអឺរ៉ុប (EU) នឹងចាប់ផ្ដើមអនុវត្តបទបញ្ញត្តថ្មី ចាប់ពីខែកក្កដាឆ្នាំនេះតទៅ ដោយហាមឃាត់ ការនាំចូលទៅទីផ្សារខ្លួន ចំពោះអង្ករដែលមានសារធាតុថ្នាំផ្សិត Tricyclazole លើសពី ០,០១មីលីក្រាម ក្នុងអង្ករមួយគីឡូក្រាម ពីកម្រិតបច្ចុប្បន្ន ១មីលីក្រាម។
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានឲ្យដឹងថា អគ្គនាយកដ្ឋានកសិកម្ម នឹងស្កេនស្រូវរកសារធាតុ Tricyclazole នៅតាមឃ្លាំងស្តុកទាំងអស់ ដើម្បីបញ្ចៀសការបាត់បង់ទីផ្សារ EU ដ៏ធំរបស់កម្ពុជា។ នៅក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់បន្លែសុវត្ថិភាពនៅកម្ពុជា នៅថ្ងៃទី២១ខែមេសាលោក ហ៊ាន វណ្ណហន បញ្ជាក់បន្ថែមដូច្នេះថា៖«យើងយកសំណាកធ្វើវិភាគ ថាតើឃ្លាំងណាខ្លះ មិនគួរអនុញ្ញាតឲ្យនាំចេញទៅអឺរ៉ុប ដោយហេតុផលថា បើអ្នកនាំចេញមួយណា នាំចេញមានបញ្ហា គឺមិនប៉ះពាល់តែមួយនោះទេ គឺ (EU) បិទទាំងអស់»។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ គូសបញ្ជាក់ថា នេះជាចំណាត់ការបន្ទាន់ ចំពោះស្រូវដែលប្រមូលផលរួចរាល់ ហើយដែលក្រុមហ៊ុននឹងផលិតនាំចេញ ស្របពេលមានបម្រាមថ្មីរបស់ EU ។ លោក វណ្ណហន បញ្ជាក់ទៀតថា៖«ចាប់ពីពេលនេះដល់ខែកក្កដា អ្នកនាំចេញនៅតែកិនស្រូវនៅក្នុងស្តុក ដែលប្រមូលផលរួចហើយ (ស្រូវចាស់ដែលអាចមានសារធាតុ Tricyclazole ) មិនមែនស្រូវដែលផលិតថ្មីគ្មានប្រើថ្នាំ Tricyclazole នោះទេ»។
សហភាពអឺរ៉ុប គឺជាទីផ្សារទិញអង្ករធំជាងគេរបស់កម្ពុជា។ ក្នុងឆ្នាំ២០១៦ EU បានកាន់កាប់ទីផ្សារអង្ករកម្ពុជា ដល់ទៅ៦៣ភាគរយ នៃអង្ករនាំចេញសរុប ៥៤ម៉ឺនតោន។
ចាប់ពីពេលទទួលបម្រាមថ្មីរបស់ EU ក្រសួងកសិកម្ម បានចាត់វិធានការជាបន្តបន្ទាប់ ចំពោះការប្រើប្រាស់ថ្នាំ Tricyclazole ក្នុងការដាំដុះដំណាំស្រូវ។ កាលពីចុងខែមីនាកន្លងទៅ ក្រសួង បានប្រកាសឲ្យបញ្ឈប់ការលក់ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុ Tricyclazole នេះ៕
Tag:
ស្រូវ
អង្ករ
Tricyclazole
ហ៊ាន វណ្ណហន
© រក្សាសិទ្ធិដោយ thmeythmey.com