អន្តរជាតិ
រដ្ឋបាលត្រាំរៀបចំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ នៅវ៉ាស៊ីនតោនខែក្រោយ
× រដ្ឋមន្ត្រីការបទេសអាមេរិកនឹងស្វាគមន៍បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ នៅថ្ងៃទី ៤ខែឧសភាខាងមុខនេះនៅក្រុងវ៉ាស៊ីនតោន។ ការអញ្ជើញរដ្ឋមន្ត្រីអាស៊ានទាំងអស់ទៅចូលរួមប្រជុំនៅអាមេរិកនេះជាឆន្ទៈរដ្ឋបាលអាមេរិកថ្មីក្នុងការបន្តរឹតបន្តឹងទំនាក់ទំនងជាមួយអាស៊ាន។ កិច្ចប្រជុំនេះ កើតឡើងមុនកិច្ចប្រជុំសំខាន់ៗថ្នាក់តំបន់ជាច្រើននឹងត្រូវរៀបចំឡើងនៅហ្វីលីពីនចន្លោះពីខែសីហាដល់ខែវិច្ឆិកាខាងមុខ។
ក្នុងសន្និសីទសារព័ត៌មានជុំវិញទំនាក់ទំនងរវាងអាមេរិក និងអាស៊ាននាថ្ងៃ ២០មេសា ឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ Patrick Murphy បានថ្លែងថា រដ្ឋមន្ត្រីការបរទេសអាមេរិកត្រៀមទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនៅក្រុងវ៉ាស៊ីនតោនថ្ងៃ ៤ ឧសភាខាងមុខ។
លោក Patrick Murphy បានបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាមេរិករៀបចំកិច្ចប្រជុំជាមួយប្រមុខការទូតអាស៊ានទាំង១០ បង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បន្តភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ទៀត។
បើតាមមន្ត្រីក្រសួងការបរទេសអាមេរិកដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson រៀបចំកិច្ចប្រជុំនេះតាមសំណើររបស់ប្រទេសអាស៊ានកន្លងមក។ លោក Rex Tillerson ពិតជារីករាយដែលលោកនឹងជួបពិភាក្សាជាមួយប្រមុខការទូតអាស៊ានទាំងអស់ ព្រោះវាក៏ជាពេលវេលាដែលអាស៊ាននិងអាមេរិកត្រូវពិភាក្សាគ្នាពីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីទៅពេលអនាគតទៀត។
«លោក Tillerson បានទទួលសំណើរពីរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយពួកគេត្រៀមខ្លួនធ្វើដំណើរមកក្រុងវ៉ាស៊ីនតោនដើម្បីមកជួបជាមួយលោក Tillerson តាំងពីដើមឆ្នាំនេះម្ល៉េះ។ ពោល គឺមុនពេលដែលកិច្ចប្រជុំពហុភាគីជាច្រើនត្រូវរៀបចំឡើងនៅហ្វីលីពីនខែសីហាខាងមុខ។ ដូច្នេះហើយ លោក Tillerson ឯកភាពរៀបចំកិច្ចប្រជុំពិសេសនៅថ្ងៃ ៤ ខែឧសភា»។
លោក Murphy បានបកស្រាយផងដែរ កិច្ចប្រជុំនៅពេលខាងមុខនោះនឹងក្លាយជាពេលវេលាសំខាន់សម្រាប់ការពិភាក្សាពីបញ្ហាប្រឈម ក៏ដូចជាកំណត់យុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិការក្នុងតំបន់។
«យើងពិតជារីករាយដែលមានវត្តមានរដ្ឋមន្ត្រីអាស៊ានទាំងអស់នៅអាមេរិក។រដ្ឋមន្ត្រីការបរទេសអាស៊ានខ្លះត្រូវត្រឡប់មកវិញព្រោះពួកគេបានមកកាន់ក្រុងវ៉ាស៊ីនតោនរួចហើយកាលពីប៉ុន្មានសប្តាហ៍មុននោះ។ កិច្ចប្រជុំនេះ ផ្តល់ឱកាសឲ្យភាគីទាំងសងខាងជជែកពិភាក្សាពីបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាព និង កិច្ចប្រតិបត្តិការទ្វេភាគីក្នុងតំបន់ផងដែរ មុនពេលដែលកិច្ចប្រជុំផ្លូវការជាច្រើនក្នុងនោះមានទាំងវេទិកាតំបន់អាស៊ាន មកដល់នៅខែសីហានៅហ្វីលីពីន»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏សន្យាអញ្ជើញមកចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកនៅវៀតណាម និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន នៅខែវិច្ឆិកាផងដែរ។
Tag:
Patrick Murphy
Rex Tillerson
អាស៊ាន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com