ជាតិ
ព័ត៍មានសុខភាព
អាកាសធាតុ​ក្តៅ​ខ្លាំង នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង បង្ហាញ​របៀប​ថែទាំ​សុខភាព    
22, Apr 2017 , 2:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​(CDC) បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព ជាពិសេស​ត្រូវ​តាមដាន​ជំងឺ​ទាំងឡាយ ដែល​កើតឡើង​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​។ លើសពីនេះ CDC ក៏បាន​បង្ហាញ​សារ​អប់រំ​មួយចំនួន​ផងដែរ ដើម្បី​បញ្ចៀស​ជំងឺ​ទាំងពួង​។



​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង ប្រកាស​ឲ្យ​ពលរដ្ឋ​ការពារ​ខ្លួន​ពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ដើម្បី​ចៀសវាង​ជំងឺ​ទាំងឡាយ ដែល​អាច​កើតមានឡើង​។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ចេញផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​២០ ខែមេសា​កន្លងមក​។

​ក្រៅពីនេះ CDC បាន​ណែនាំ​ពលរដ្ឋ​នូវ​វិធីសាស្ត្រ​មួយចំនួន ដើម្បី​គេចផុត​ពី​ជំងឺ បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ​ផងដែរ​។ វិធី​ទាំងនោះ រួមមាន​៖

១. រក្សាខ្លួន​ឲ្យ​ត្រជាក់​ដើម្បី​ចៀសវាង​ជំងឺ ដូចជា​៖ ជ្រក​ក្រោម​ម្លប់​ឲ្យ​បាន​ច្រើន កុំ​ជ្រើសរើស​កង្ហារ​ជា​អាទិភាព ទី​១ ជៀសវាង​នៅក្រោម​ថ្ងៃ​ផ្ទាល់ ស្លៀកពាក់​សំលៀកបំពាក់ ស្តើង ស្រាល និង​មាន​ពណ៌​ភ្លឺ (​ស លឿង បៃតងខ្ចី​) ងូតទឹក​ត្រជាក់ ឬ​ទឹក​ធម្មតា​ឲ្យ​បាន​ញឹកញាប់ តាមដាន​ក្រុមមនុស្ស​ងាយ​រងគ្រោះ​២​ដង​ក្នុង​មួយថ្ងៃ (​មនុស្ស​វ័យ​៥​ឆ្នាំ​ចុះក្រោម និង​វ័យ​៦៥​ឆ្នាំ​ឡើងទៅ ស្ត្រី​មាន​ផ្ទៃពោះ ជន​មាន​ជំងឺ​រ៉ាំរ៉ៃ​)​។

២. ត្រូវមាន​ជាតិ​ទឹកជា​និច្ច ព្រោះ ពេល​ក្តៅ​ខ្លាំង អ្នកនឹង​បែកញើស​ច្រើន ធ្វើខ្លួន​ប្រាណ​ខ្សោះ​ជាតិ​ទឹក​។ ដូច្នេះ ត្រូវ​ផឹកទឹក​ឲ្យ​លើស​ពេល​ធម្មតា ដោយ​មិនចាំបាច់​ដល់ពេល​ស្រេកទឹក​នោះទេ​។ លើសពីនេះ ត្រូវ​ជៀសវាង​ពិសា​ស្រា និង​ទឹក​ដែលមាន​កំហាប់​ស្ករ​ខ្ពស់​។ ជួយ​រម្លឹក​អ្នកដទៃ​ផ្សេងទៀត ឲ្យ​ឧស្សាហ៍​ផឹកទឹក ។ ទឹក​ត្រូវតែ​ដាំ​ពុះ​ជានិច្ច ដើម្បី​ការពារ​ជំងឺរាក​មួល ឬ​អាសន្នរោគ​។ 

៣. តាមដាន​ព័ត៌មាន​ដែលមាន​ប្រភព​ច្បាស់លាស់ ទាក់ទង​នឹង​អាកាសធាតុ និង​សុខភាព ដើម្បី​ត្រៀមខ្លួន សម្រាប់​ការការពារ និង​ថែ​ទាំង​សុខភាព​របស់ខ្លួន​។

​រោគសញ្ញា​ជំងឺ ដែល​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំង មានដូចជា​៖ រមូល​ក្រពើ វិវត្តន៍​ទៅជា​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ និង​ការដួលសន្លប់ គឺ​សុទ្ធសឹង​ជា​រោគសញ្ញា​ជំងឺ ដែល​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំង​។ ១. ជំងឺ​ល្ហិតល្ហៃ​អស់កម្លាំង កើត​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​៖ បែកញើស​ខ្លាំង ខ្សោយកម្លាំង ខ្លួន​ត្រជាក់ ស្លេក ស្បែក​ស្អិត ចីប​ចរ​ដើរ​ញាប់ ចង្អោរ ឬ​ក្អួត ដួល​។

​វិធីសាស្ត្រ​ដែល​ត្រូវធ្វើ​៖ ប្តូរ​ទៅ​កន្លែង​ត្រជាក់ ដាក់ខ្លួន​ដេក និង​ដោះ​សំលៀកបំពាក់ ជូត​កន្សែង​ត្រជាក់​លើ​ខ្លួនប្រាណ​ជុំវិញ ក្រេបទឹក​សន្សឹមៗ បើ​ក្អួត​បន្ត​រហូត ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។

២.​ជំងឺ​ដួលសន្លប់​ដោយសារ​កម្តៅ​ខ្លាំង​៖ សីតុណ្ហភាព​ក្នុង​ខ្លួន​លើសពី ៣៩.៥ អង្សា​សេ ស្បែក​ក្រហម ឬ​ស្ងួត ចីប​ចរ​ដើរ​ញាប់ អាច​បាត់បង់​ស្មារតី​។​

​វិធី​ដែល​ត្រូវធ្វើ​៖ ប្តូរ​អ្នកជំងឺ​ទៅ​កន្លែង​ត្រជាក់ បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន តាមរយៈ​កន្សែង​ជូត​ខ្លួន ឬ​ងូតទឹក មិនត្រូវ​ផ្តល់​ទឹក និង​បញ្ជូនទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ជាដើម​។  

​លើសពីនេះ នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង បានប្រកាស​លេខ​ទូរស័ព្ទ​លេខ ១១៥ ដើម្បី​ឲ្យ​ពលរដ្ឋ​ទាក់ទង​ជុំវិញ​ព័ត៌មាន​បន្ថែម​ផងដែរ​៕ 

Tag:
 CDC
 ​ អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com