បទយកការណ៍ / បទសម្ភាសន៍
 លោក​វេជ្ជ​. ឡូ​វ កែ​៖ ជំងឺ​ឆ្កែឆ្កួត​គ្រោះថ្នាក់ ហើយ​កុមារ​គួរ​ទទួលបាន​វ៉ាក់សាំង​មួយ​នេះ​
23, Apr 2017 , 1:23 pm        
រូបភាព
«លោកវេជ្ជ. ឡូវ កែ គ្រូពេទ្យផ្នែកកុមារនៃមន្ទីរពេទ្យកុមារអង្គរ»
«លោកវេជ្ជ. ឡូវ កែ គ្រូពេទ្យផ្នែកកុមារនៃមន្ទីរពេទ្យកុមារអង្គរ»
​សៀមរាប​៖ លោក​វេជ្ជ​. ឡូ​វ កែ គឺជា​គ្រូពេទ្យ​ផ្នែក​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ជា​ប្រធាន​ផ្នែក​ជំងឺ​ក្រៅ និង​មាន​ជំនាញ​ផ្នែក​សត្វ​ខាំ​ផង​នោះ លោក​វេជ្ជ​.​បាន​បញ្ជាក់ថា ជា​រៀងរាល់​ឆ្នាំមាន​កុមារ​ប្រមាណ ៧​ពាន់​នាក់ ដែល​មក​ពិគ្រោះ​ជំងឺ​ទាក់ទង​នឹង​សត្វ​ខាំ រួមមាន​សត្វ​ឆ្មា ឬ​ឆ្កែ​ជាដើម​។ សម្រាប់​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាលមកពី​ឆ្កែ​ខាំ ត្រូវគេ​ចាត់ទុកថា​ជា​ជំងឺ​គ្រោះថ្នាក់​មួយ ហើយ​ក្នុង​មួយឆ្នាំៗ មាន​កុមារ​ចន្លោះ​ពី​១៥០០​នាក់ ទៅ​២០០០​នាក់ ដែល​ទទួលបាន​វ៉ាក់សាំង​ប្រភេទ​នេះ ក្រោយ​សត្វ​ឆ្កែ​ខាំ​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​។


​ជា​តួលេខ​មួយ​ខ្ពស់ ដែល​បង្ហាញថា មាន​កុមារ​ពី​១៥០០​នាក់ ទៅ​២០០០ ដែល​ទទួល​ការចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ជាប្រចាំ​ឆ្នាំ​។ លោក​វេជ្ជ​. ឡូ​វ កែ បកស្រាយ​ថា អ្នក​ដែល​មក​ទទួល​វ៉ាក់សាំង​នេះ គឺមាន​ការពិគ្រោះ និង​សិក្សា​លម្អិត ពី​ប្រវត្តិ​សត្វ​ឆ្កែ មុន និង​ក្រោយពេល​ខាំ​កុមារ​។ ដោយសារ​វ៉ាក់សាំង​មានតម្លៃ​ថ្លៃ ដូច្នេះ​មុននឹង​ផ្តល់​វ៉ាក់សាំង​ឲ្យ ក្រុមគ្រូពេទ្យ ត្រូវ​ពិនិត្យ និង​សិក្សា​ពី​ស្ថានភាព​ជំងឺ​នេះ​ជាមុន​។
​ជំងឺ​ឆ្កែឆ្កួត ឆ្លងទៅ​មនុស្ស​រយៈ​សត្វ​ឆ្កែ​ឈឺ​ខាំ​។ អាកា​រៈ​នៃ​ជំងឺ​នេះ គឺ​ស្រដៀង​ទៅនឹង​ជំងឺ​ផ្ដាសាយ​ដែរ​។ អ្នកជំងឺ​មាន​សភាព​គ្រុន ព្រឺ​ខ្លួន ឈឺ​តាម​សាច់ដុំ ក្តៅខ្លួន ឈឺក្បាល ក្អួត ឬ​ស្ពឹក បន្ទាប់មក​អាចមាន​ហើម​បំពង់ក ដែល​ងាយ​ស្ទះ​បំពង់ខ្យល់​។ តាម​លោក​វេជ្ជ​. ឡូ​វ កែ ភ្លាមៗ​អ្នកជំងឺ​មិនបាន​ដឹងខ្លួន​ថា​កើត​ជំងឺ​ឆ្កែឆ្កួត​ទេ គឺ​អ្នកជំងឺ​មាន​សភាព​ធម្មតា នៅ​លេង​បាន តែ​គ្រាន់​តែមាន​អា​ការៈខ្លាច​ខ្យល់ ខ្លាច​ទឹក មាន​ចរិត​ឆេវឆាវ​ខុសពី​ធម្មតា​។
​ក្រោយពី​អ្នកជំងឺ​ត្រូវ​ឆ្កែឆ្កួត​ខាំ ភ្លាមៗ​ជំងឺ​នេះ​មិនទាន់​ឆ្លង​ដល់​រាងកាយ​នោះទេ​។ គ្រូពេទ្យ​ជំនាញ​ពន្យល់ថា វា​មានលទ្ធភាព​វិវត្តន៍​ទៅដល់​ប្រព័ន្ធ​សរសៃ​ប្រាសាទ និង​ខួរក្បាល​មនុស្ស​បាន ចាប់ពី​២​ទៅ​៨​សប្តាហ៍​។ បើ​គេ​ចាក់​ថ្នាំ​ទាន់ពេលវេលា គឺអាច​បង្ការ​ជំងឺ​ឆ្កែឆ្កួត​បាន តែបើ​ទុក​យូរ ហួសពេល នោះ​អ្នកជំងឺ​អាច​ស្លាប់​បាន​។
​អ្វីដែល​ជាការ​មើលឃើញ​របស់លោក​វេជ្ជ​. ឡូ​វ កែ គឺថា ការចិញ្ចឹម​សត្វ​របស់​ប្រជាជន​ខ្មែរ មិនទាន់មាន​អនាម័យ​នៅឡើយ​។ សត្វ​ចិញ្ចឹម​ច្រើន​តែង​ត្រូវ​ម្ចាស់​ប្រលែង ឬ​ជាស​ត្វ​អនាថា​។​ពលរដ្ឋ​ខ្មែរ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​យល់ដឹង​ពី​បញ្ហា​នេះ ហើយ​ច្រើន​ជា​អ្នកមាន​ធូរធារ ដែល​ការចិញ្ចឹម​សត្វ​របស់​ពួកគេ​បាន​ត្រឹមត្រូវ គឺមាន​ការចាក់​វ៉ាក់សាំង និង​តាមដាន​សុខភាព​សត្វ​ចិញ្ចឹម​របស់​ពួកគេ​។
​ដោយឡែក ការទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​វិញ តាម​លោក​វេជ្ជ​. ឡូ​វ កែ មន្ទីរពេទ្យ​នេះ​បានផ្តល់​សេវា​វ៉ាក់សាំង​ឆ្កែឆ្កួត​ដល់​កុមារ​ទូទៅ ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ ជា​រៀងរាល់ឆ្នាំ មន្ទីរពេទ្យ​បាន​ចំណាយ​ថវិកា​ជាង ៣​ម៉ឺន​ដុល្លារ​អាមេរិក លើ​គម្រោង​វ៉ាក់សាំង​មួយ​នេះ​។ ការផ្តល់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​នេះ ខាង​មន្ទីរពេទ្យ​ស្វះ​ស្វែងរក​ជំនួយ​ពី​ក្នុង និង​ក្រៅប្រទេស ដោយសារ​គិតពី​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង ដែល​ប្រជាពលរដ្ឋ​មិនទាន់​ទទួលបាន​ទូលំទូលាយ​។
​មន្ទីរពេទ្យ​កុមារ​អង្គរ សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​នានា សូមជួយ​ជា​ថ្នាំ ឬ​ថវិកា ដើម្បី​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ មានលទ្ធភាព​បន្ត​គម្រោង​ផ្តល់​វ៉ាក់សាំង​ឆ្កែឆ្កួត​ដល់​កុមារ ពិសេស​កុមារ​ក្រីក្រ ដែល​តែង​មក​ទទួល​សេវា​មួយ​នេះ​៕
 
​ដើម្បី​លម្អិត​ពី​ការចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត ការវិវត្តន៍ និង​អាកា​រៈ​ជំងឺ​ឆ្កែឆ្កួត សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជ​. ឡូ​វ កែ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដូចតទៅ សូម​អញ្ជើញ​ស្តាប់៖
 
 

Tag:
 ជំងឺ​ឆ្កែឆ្កួត​
  ឡូ​វ កែ
© រក្សាសិទ្ធិដោយ thmeythmey.com