កីឡាជាតិ
ជាតិ
 លោក ទេព ឡុង​រចនា ទទួលស្គាល់​ស្វាយរៀង​មាន​សមត្ថភាព​ខ្លាំង​តែ​ប្តេជ្ញា​មិន​ឲ្យ​ធ្វេសប្រហែស​
23, Apr 2017 , 2:25 pm        
រូបភាព
ដោយ:
​មុន​ជំនួប​មកដល់​នា​វេលា​ម៉ោង​៦​ល្ងាច គ្រូបង្វឹក​ក្រសួងការពារជាតិ​(​ទ័ព​) លោក ទេព ឡុង​រចនា ហាក់​មានការ​ព្រួយបារម្ភ​ចំពោះ​ការរីកចម្រើន​ទាំង​ផ្នែក​យុទ្ធសាស្ត្រ និង​តិក​និករ​បស់​គូប្រជែង​ព្រះខ័ន​រាជ​ស្វាយរៀង​(​ស្វាយរៀង​)​។ តែ​យ៉ាងណា លោក​បានរៀបចំ​យុទ្ធសាស្ត្រ​រួចជាស្រេច​សម្រាប់​ជំនួប​ល្ងាច​នេះ ជាពិសេស​នឹងមិន​ឲ្យ​មានការ​ធ្វេសប្រហែស​កើតឡើង​នោះឡើយ​។

 

​គ្រូបង្វឹក​ក្រុម​ទ័ព លោក ទេព ឡុង​រចនា បានកត់សម្គាល់​ឃើញថា ក្រុម​ស្វាយរៀង​ជា​ក្រុម​មួយ​ដែលមាន​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​ទាំង​យុទ្ធសាស្ត្រ តិក​និក និង​ទម្រង់​លេង​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។ ការផ្លាស់ប្តូរ​នេះ បានធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​មាន​ព្រួយបារម្ភ និង​បង្កើន​ការប្រុងប្រយ័ត្ន​កាន់តែខ្លាំង​តាមរយៈ​ការរៀបចំ​យុទ្ធសាស្ត្រ និង​ទម្រង់​លេង​ថ្មី​។ ហើយ​លោក​បាន​ប្តេជ្ញា​ថា មិន​ឲ្យ​មានការ​ធ្វេសប្រហែស​នោះឡើយ​ក្នុងជំនួប​ល្ងាច​នេះ​។
 
​ជំនួប​រវាង​ក្រុម​ទ័ព​ជាមួយ​ព្រះខ័ន​រាជ​ស្វាយ​នា​វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ត្រូវបាន​គ្រូបង្វឹក​ក្រុម​ទ័ព ចាត់ទុកជា​ជំនួប​កំពូល​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។ ការចាត់ទុក​បែបនេះ ដោយសារ​ក្រុម​ទាំងពីរ​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ដូចគ្នា​ក្នុង​៧​ប្រកួត​កន្លងមកនេះ​។ លើ​ល​ពីនេះ វា​ជាការ​ប្រកួត​ដណ្តើម​ឈរ​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​នេះ​។
 
​តែ​យ៉ាងណា លោក ទេព ឡុង​រចនា បានចាត់ទុក​ជំនួប​ពេល​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ជា​លើកដំបូង ជា​ផលចំណេញ​សម្រាប់​ក្រុម​របស់លោក ព្រោះ​វា​ជាការ​ប្រកួត​ក្នុង​ទឹកដី​។ លោក​ថា ការផ្លាស់ប្តូរ​ពេលវេលា​លើកដំបូង​មក​ប្រកួត​នៅ​យប់​របស់​ស្តា​ត​ចាស់ កីឡាករ​របស់លោក​ក៏មាន​ការផ្លាស់ប្តូ​រដែរ ពោលគឺ​កីឡាករ​អាច​លេង​បាន​៩០​នាទី​មិន​ងាយ​ហត់ និង​អស់កម្លាំង​។
​គួរ​បញ្ជាក់ថា ក្រុម​ឈរ​លេខ​រៀង​ទី​២ ទ័ព នឹង​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ក្រុម​ភ្ញៀវ​ឈរ​កំពូល​តារាង ស្វាយរៀង ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។ ក្រៅពី​គូ​ដ៏​ជក់ចិត្ត​នេះ នា​វេលា​ម៉ោង​៦​ល្ងាច​ក៏មាន​ការជួបគ្នា​រវាង​ក្រុម​បឹងកេត​ជាមួយ​ណាហ្គា​វើ​ល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​, ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន RSN និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ស្វាគមន៍ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នា​វេ​ល​ម៉ោង​៣​រសៀល​៕  

Tag:
 ទេព ឡុង​រចនា​
  Cambodian League 2017
  ទ័ព​
  ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com