ជាតិ
កម្ពុជា-រុស្ស៊ី នឹងជជែកអំពីកិច្ចព្រមព្រៀងចុងក្រោយ ស្តីពីកិច្ចសហប្រតិបត្តិការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅថ្ងៃទី២៧មេសា
× ភាគីកម្ពុជា និងភាគីរុស្ស៊ី នឹងជួបពិភាក្សាគ្នា អំពីនៃកិច្ចព្រមព្រៀងចុងក្រោយរវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ ជំនួបនេះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៧ ខែមេសា នៅទីស្តីការក្រសួងបរិស្ថាន។
លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ជំនួបនេះជាជំនួបពិភាក្សានៃក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងភាគីរុស្ស៊ីលើកិច្ចព្រមព្រៀងដែលក្រសួងបរិស្ថានបានរៀបចំជិត១ឆ្នាំមកហើយ។
លោក ទិន ពន្លក ដែលជាប្រធានក្រុមការងារថ្នាក់ជាតិសម្របសម្រួលកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីផងនោះ បានឆ្លៀតបញ្ជាក់រឿងសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែនៅកម្ពុជា ថាជារឿងវែងឆ្ងាយទៀតសម្រាប់កម្ពុជា ពីព្រោះកម្ពុជាត្រូវបណ្តុះបណ្តាលអ្នកបច្ចេកទេស និងបញ្ចៀបការយល់ដឹងរបស់សិស្ស និងនិស្សិត និងសាធារណជន អំពីថាមពលរដ្ឋនុយក្លេអ៊ែរនេះសិន។ លោក បញ្ជាក់ដូច្នេះ៖«រឿងផលិតថាមពលអគ្គិសនីដោយរោងចក្រថាមពលនុយក្លេអ៊ែ គឺជារឿងវែងឆ្ងាយទៅមុខទៀត ហើយមិនមែនថាធ្វើ ធ្វើបានទេ។ យើងត្រូវប្រុងប្រយ័ត្នណាស់ ពីព្រោះវាប៉ះពាល់ច្រើនទាំងបរិស្ថាន សង្គមជាដើម»។
កាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅលោក ទិន ពន្លក បានដឹកនាំកិច្ចប្រជុំថ្នាក់ជាតិលើកទី៤ ពិនិត្យ និងពិភាក្សាសេចក្តីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពនេះ។ អង្គប្រជុំបានសម្រេចដាក់បញ្ជូលបន្ថែមទៀតទៅក្នុងកិច្ចព្រមព្រៀងក្នុងមាត្រា១ និងមាត្រា៣ នូវពាក្យយោងលើ និយ័តកម្មសុខភាពពិភពលោក (IHR, 2005) នៃអង្គការសុខភាពពិភពលោក និងស្នើឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យ និងបញ្ជាក់ឱ្យបានច្បាស់លាស់ លើមាត្រាទី៥ នៃកិច្ចព្រមព្រៀង ស្តីពីស្ថាប័នទទួលខុសត្រូវក្នុងការអនុវត្តកិច្ចព្រមព្រៀង។
ការបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ចៀបការយល់ដឹងពីថាមពលនុយក្លេអ៊ែរ កិច្ចប្រជុំបានរើសយកប្រធានបទ៣ សម្រាប់មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ ដែលនឹងត្រូវបង្កើតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។ ប្រធានបទទាំងនោះ រួមមាន វិទ្យាសាស្ត្រថាមពលនុយក្លេអ៊ែរ ការផលិតអគ្គិសនីដោយប្រើថាមពលនុយក្លេអ៊ែរ (NPPs) និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ នៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវេជ្ជសាស្ត្រជាដើម។ ពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ អនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល ស្តីពីរបបឧបត្ថម្ភ និងក្របខណ្ឌការងារសម្រាប់និស្សិតកម្ពុជា ដែលបានទទួលអាហារូបករណ៍ទៅសិក្សាជំនាញបច្ចេកវិទ្យា នុយក្លេអ៊ែរនៅសហព័ន្ធរុស្ស៊ី ដើម្បីលើកទឹកចិត្ត និងពង្រឹងការបណ្តុះបណ្តាលធនធានលើផ្នែកនេះ៕
Tag:
នុយក្លេអ៊ែរ
ទិន ពន្លក
កម្ពុជា-រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com