អន្តរជាតិ
របាយការណ៍សិក្សា៖ «រុស្ស៊ីពាក់ព័ន្ធការបង្កើតព័ត៌មានក្លែងក្លាយរឿងបោះឆ្នោតប្រធានាធិបតីបារាំង»
× ការចែកចាយព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមនៅបារាំងបានក្លាយជារឿងចម្រូងចម្រាស ហើយគេវាយតម្លៃថា វាអាចបង្កផលប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រជាជនបារាំងដែលអ្នកបោះឆ្នោតផង។ របាយការណ៍ស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការចែកចាយព័ត៌មានក្លែងក្លាយទាក់ទិនការបោះឆ្នោតប្រធានាធិបតីបារាំងនេះមានជាប់ពាក់ព័ន្ធរុស្ស៊ីថែមទៀត។
បារាំងរៀបចំការបោះឆ្នោតប្រធានាធិបតីសម្រាប់ជុំទីមួយនៅថ្ងៃ អាទិត្យទី ២៣ មេសានេះ។ មានការបារម្ភដែរថា បេក្ខជនប្រធានាធិបតីដែលមាននិន្នាការស្តាំនិយមជ្រុល Marine Le Pen នឹងក្លាយជាប្រធានាធិបតីបារាំងផងដែរ។ អ្វីដែលគួរឲ្យបារម្ភខ្លាំងនោះ របាយការណ៍សិក្សាមួយបានបង្ហាញថា ចរន្តនៃការចែកចាយព័ត៌មានក្លែងក្លាយទាក់ទិនការបោះឆ្នោតជាពិសេសបេក្ខជនប្រធានាធិបតីកើនឡើងខ្លាំងមុនការបោះឆ្នោតមកដល់។ សកម្មភាពនេះ អាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការសម្រេចចិត្តរបស់ប្រជាជនបារាំងដែលត្រូវជ្រើសរើសមេដឹកនាំថ្មី
យោងតាមសារព័ត៌មានអង់គ្លេស The Independent របាយការណ៍ស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Oxford បានបង្ហាញថា ព័ត៌មានមួយភាគបួនដែលត្រូវបានចែកចាយតាមបណ្តាញសង្គម Twitter នៅបារាំងគឺជាព័ត៌មានគ្មានប្រភពច្បាស់លាស់និងក្លែងក្លាយ។ គេកំណត់ថាព័ត៌មានទាំងនោះមានចរិកលក្ខណៈជាមនោគមន៍វិជ្ជាជ្រុលនិយម និងលម្អៀងផ្នែកនយោបាយគ្មានប្រភពត្រឹមត្រូវនិងមិនផ្អែកលើការពិតសោះ។
ចំណែករបាយការណ៍សិក្សាមួយទៀតដែលចងក្រងឡើងដោយស្ថាប័នស្រាវជ្រាវ Bakamo ទើបចុះផ្សាយនៅសប្តាហ៍នេះបានបង្ហាញឲ្យឃើញថា ព័ត៌មានក្លែងក្លាយភាគច្រើននោះត្រូវបានចែកចាយចេញពីប្រភពដែលពាក់ព័ន្ធនឹងរុស្ស៊ីតែម្តង។ របាយការណ៍ស្រាវជ្រាវនេះបានស្រង់សម្តី អាជ្ញាធរបារាំងដែលភ័យថា អ្វីដែលកំពុងកើតឡើងនេះជាចេតនារបស់រុស្ស៊ីក្នុងការលូកដៃក្នុងការបោះឆ្នោតបារាំងដូចដែលខ្លួនធ្លាប់ធ្វើក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកន្លងមកដែរ។
សូម្បីតែសារព័ត៌មានបារាំង Le Monde បានចុះផ្សាយបួនថ្ងៃមុនការបោះឆ្នោតមកដល់ពីការចែករម្លែកព័ត៌មានក្លែងក្លាយជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី ។ ព័ត៌មាននោះបានបញ្ជាក់ថា បេក្ខជនប្រធានាធិបតីស្តាំនិយមជ្រុល Marine Le Pen ឈ្នះឆ្នោតជុំទីមួយ ហើយអ្នកនៅលេខរៀងបន្ទាប់គឺអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Emmanuel Macron ។
ក្រៅពីនេះ គេឃើញមានព័ត៌មានក្លែងក្លាយជាច្រើនដែលក្នុងនោះមានទាំងព័ត៌មានដែលចោទប្រកាន់លោក Emanuel Macron ថាមានលាក់ទ្រព្យសម្បត្តិនៅបរទេស ដោយគ្មានស្រង់ប្រភពណាមួយសោះ។ ព័ត៌មានខ្លះទៀតបានចុះផ្សាយរបាយការណ៍ស្ទង់មតិក្លែងក្លាយដែលបញ្ជាក់ថាបេក្ខជនស្តាំនិយមដែលមិនមានឈ្មោះបោះសំឡេងនឹងគេគឺលោក Francois Asselineauនោះឈ្នះឆ្នោតដោយសំឡេងភាគច្រើនដាច់ខាតទៅវិញ។
Tag:
ការបោះឆ្នោតប្រធានាធិបតីបារាំង
Marine Le Pen
Emanuel Macron
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com