អន្តរជាតិ
 Mike Pence សន្យាថា នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​នឹង​ទៅដល់​ជិត​ឧបទ្វីប​កូរ៉េ មុន​ដាច់​ខែ​
23, Apr 2017 , 10:19 pm        
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បានប្រកាសថា នាវា​ដឹក​យន្តហោះ​ចម្បាំង Carl Vinson នឹង​ទៅដល់​សមុទ្រ​ជប៉ុន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ស្រប​ពេលដែល​បរិយាកាស​តំបន់​តានតឹង​។​ការបញ្ជាក់​បែបនេះ​កើតឡើង ក្រោយ​មានការ​ផ្សព្វផ្សាយ​ថា ក្រុម​នាវាចម្បាំង​ដែល​រដ្ឋា​បាល​ត្រាំ បញ្ជូនមក​កំញើញ​កូរ៉េខាងជើង​នេះ ទៅធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​អូស្ត្រាលី មិនមែន​មក​ឧបទ្វីប​កូរ៉េ​ឡើយ​។


​ដើម្បី​ឲ្យ​មានការ​ស្ងប់ចិត្ត​ពាក់ព័ន្ធ​ការ​លូកដៃ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង តំណាង​ក្រុង​វ៉ាស៊ីនតោន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អូស្ត្រាលី បានប្រកាស​យ៉ាងច្បាស់​ថា នាវា​ដឹក​យន្តហោះ​ដ៏​ធំ Carl Vinson ដែល​នាំ​ផ្លូវ​កង​នាវាចម្បាំង​អាមេរិក​នឹង​ទៅដល់​សមុទ្រ​ជប៉ុន​មុន​ដាច់​ខែមេសា​។
​លោក Mike Pence  បានបញ្ជាក់​ពេល​លោក​ស្ថិតនៅ​ទីក្រុង​ស៊ីដនី​ថា នាវា​ដឹក​យន្តហោះ Carl Vinson នឹង​ទៅដល់​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ចំណែក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វិញ​បាន​សរសេរ​បង្ហោះ​តាម​គណនី twitter ផ្លូវការ​របស់ខ្លួន​ថា រដ្ឋបាល​លោក​កំពុង​បញ្ជូន​កង​នាវាចម្បាំង​ដ៏ ខ្លាំង​ទៅ​កូរ៉េ ខណៈដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក James Mattis ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​ដ៏​ធំ​នោះ​កំពុង​បន្តដំណើរ​មក​ឧបទ្វីប​កូរ៉េ​ហើយ​។
​តាមពិតទៅ ក្រុម​នាវាចម្បាំង​អាមេរិក​នេះ​ត្រូវ​មកដល់​ដែនសមុទ្រ​នៅក្បែរ​ឧបទ្វីប​កូរ៉េ​តាំងពី​សប្តាហ៍​មុន​មកម្ល៉េះ ស្រប​ពេលដែល​ស្ថានភាព​តានតឹង​កើនឡើង​ខ្លាំង​នៅ​ទីនោះ​ព្រោះ​កូរ៉េខាងជើង​ត្រៀម​បាញ់​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី ប្រាំមួយ​នោះ​។ កងទ័ពជើងទឹក​អាមេរិក​កន្លងមក​បាន​ប្រកាសថា ក្រុង​វ៉ាស៊ីនតោន​បញ្ជូន​ក្រុម​នាវាចម្បាំង​ដឹកនាំ​ដោយ​នាវា Carl Vinson ចេញពី​សិង្ហ​បុរី​ដើម្បី​កំញើញ​កូរ៉េខាងជើង​។ ប៉ុន្តែ​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ស្ថាប័ន​នេះ​បាន​ទទួលស្គាល់ថា នាវា​ទាំងនោះ​តាមពិតទៅ​មិនមែន​ធ្វើដំណើរ​ទៅរក​កូរ៉េខាងជើង​ទេ តែ​ធ្វើដំណើរ​ទៅ​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​អូស្ត្រាលី​។
​ពាក់ព័ន្ធ​ការពង្រាយ​នាវាចម្បាំង​នេះដែរ កូរ៉េខាងជើង​បាន​ប្រតិកម្ម​តប​ខ្លាំងៗ​ដែរ​ដោយ​សង្កត់ធ្ងន់ថា ការបញ្ជូន​នាវាចម្បាំង​មក​គំរាម​ខ្លួន​នោះ​មិន​ធ្វើ​ឲ្យ​ខ្លួន​បាក់ស្បាត​ឬ​ចុះ​ញ៉ម​ឡើយ​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ថា​៖« អាមេរិក​កំពុង​បញ្ជូន​នាវាចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​មក​កាន់​ឧបទ្វីប​កូរ៉េ​បន្តបន្ទាប់​គ្នា​។ ការគំរាមកំហែង​នេះ​មិនអាច​ធ្វ​ឲ្យ​កូរ៉េខាងជើង​ភ័យខ្លាច​ឡើយ​»​។
 
​ទោះជា​មានការ​ប្រឈមមុខ​ដាក់គ្នា ហើយ​ភាព​តានតឹង​កើនឡើង​ខ្លាំង​ក៏ដោយ មន្ត្រីជាន់ខ្ពស់​លំដាប់​ទី​ពីរ​របស់​ក្រុង​វ៉ាស៊ីនតោន​លោក Mike Pence នេះ​នៅតែ​ជឿជាក់ថា ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅតែ​អាច​កើតមាន​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក​បាន​បន្ត​អំពាវនាវ​ឲ្យ​ក្រុង​ប៉េកាំង​លូកដៃ​ដោះស្រាយ​ឲ្យ​កាន់តែ​ជ្រៅ និង​ប្រើ​អំណាច​សេដ្ឋកិច្ច​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ផងដែរ​។ ម្យ៉ាងទៀត​អនុ​ប្រធានាធិបតី​រូបនេះ​ក៏​ព្រមាន​កូរ៉េខាងជើង​ជាថ្មី​ទៀ​តែ​ដែរ​ថា អាមេរិក​ពិចារណា​រាល់​យន្តការ​ទាំងអស់​រួមទាំង​ប្រើប្រាស់​កម្លាំង​ផង បើសិន​កូរ៉េខាងជើង​នៅតែ​ព្រហើន​ទៀត​៕

Tag:
 អាមេរិក​
 Mike Pence
  កូរ៉េខាងជើង​
  Carl Vinson
© រក្សាសិទ្ធិដោយ thmeythmey.com