កីឡាជាតិ
ជាតិ
ពុំ តុលា ទទួលបានកាតក្រហម ខណៈស្វាយរៀងបន្តឈរកំពូលតារាងជាមួយការមិនស្គាល់ចាញ់
× ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង(ស្វាយរៀង)បន្តឈរកំពូលតារាងជាមួយភាពខ្លាំងមិនដែលចាញ់ក្នុងសប្តាហ៍ទី៨ នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ក្រោយរក្សាលទ្ធផលស្មើ ០-០ ជាមួយក្រសួងការពារជាតិ(ទ័ព)កាលពីម្សិលមិញ។ ទោះបីមិនមានការស៊ុតបាល់បញ្ចូលទីគ្នា តែក្រុមទាំងពីរប៉ះទង្កិចគ្នារហូតខ្សែការពារ ពុំ តុលា បានកាតក្រហម។ក្រុមបឹងកេតបានប្រើពហុកីឡដ្ឋានជាតិទម្លាក់ក្រុមណាហ្គាវើលពីតំបន់ Top4 ដើម្បីឲ្យក្រុមភ្នំពេញក្រោនដែលយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៥-៤ នៅលើទឹកដីរបស់ខ្លួនឡើងមកឈរជំនួស។
ក្នុងជំនួបដណ្តើមឈរកំពូលតារាងនៅកីឡដ្ឋានស្តាតចាស់កាលពីម្សិលមិញ ក្រុមទ័ពមិនអាចប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីទម្លាក់ក្រុមស្វាយរៀងពីកំពូលតារាងបាននោះឡើ ដោយក្រុមទាំងពីរបានរក្សាលទ្ធផលស្មើ ០-០ រហូតចប់ការប្រកួត។ លទ្ធផលនេះ បានធ្វើឲ្យក្រុមស្វាយរៀងបន្តឈរកំពូលតារាងក្នុងសប្តាហ៍ទី៨នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ដោយមាន២០ពិន្ទុជាមួយការឈ្នះ៦លើក និងស្មើ២លើក។ ចំណែកក្រុមទ័ព បន្តឈរលេខរៀងទី២ដោយមាន១៨ពិន្ទុជាមួយការឈ្នះ៥លើក និងស្មើ៣លើក។
តែយ៉ាងណា ក្នុងជំនួបដ៏ស្វិតស្វាញដែលមិនមានការស៊ុតបាល់បញ្ចូលទីនេះ គឺក្រុមទាំងពីរមានការប៉ះទង្កិចគ្នារហូតខ្សែការពារ ពុំ តុលា ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទីទី៨៨ បន្ទាប់ពីខ្សែការពាររូបនេះ ហក់ទៅច្រានកីឡាករ Kim Namgun ដែលរងការពិន័យកាតលឿងទាំងកម្រោលដោយចេតនា។ ២នាទីក្រោយមកខ្សែការពារ ខែក ខេមរិន្ទ ត្រូវអាជ្ញាកណ្តាលពិន័យកាតលឿងផងដែរ ក្រោយប៉ះទង្កិចជាមួយកីឡាករស្វាយរៀងនៅនាទី៩០។
ជាមួយគ្នានេះ ក្រុមបឹងកេតបានប្រើពហុកីឡដ្ឋានជាតិទម្លាក់ក្រុមណាហ្គាវើលពីលេខរៀងទី៤ឲ្យមកឈរលេខរៀងទី៥ដោយរក្សា១២ពិន្ទុ។ ជ័យជម្នះ ២-១ លើណាហ្គាវើលបានជួយពង្រឹងការឈរលេខរៀងទី៣របស់បឹងកេត ដោយមាន១៧ពិន្ទុជាមួយការឈ្នះ៥លើក ស្មើ២ និងចាញ់១លើក។ ចំណែកក្រុមភ្នំពេញក្រោនបានឡើងមកឈរលេខរៀងទី៤ជំនួសណាហ្គាវើល ក្រោយប្រើកីឡដ្ឋាន RSN យកឈ្នះលើក្រុមអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៥-៤។
ដោយឡែក ក្រុមឈរបាតតារាងគីរីវង់សុខសែនជ័យត្រូវបានក្រុមភ្ញៀវខេមបូឌានថាយហ្គឺរ លត់ក្នុងលទ្ធផល ៦-១ នៅលើទឹកដីរបស់ខ្លួន។ លទ្ធផលនេះ បានធ្វើឲ្យក្រុមគីរីវង់សុខសែនជ័យបន្តឈរបាតតារាងដោយមាន១ពិន្ទុជាមួយការបរាជ័យ៧លើក និងស្មើ១ ខណៈក្រុមខេមបូឌានថាយហ្គឹរបានឡើងមកឈរលេខរៀងទី៦ដោយមាន១០ពិន្ទុ៕
Tag:
Cambodian League 2017
បឹងកេត
ទ័ព
ស្វាយរៀង
ភ្នំពេញក្រោន
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com