ជាតិ
វៀតណាម ត្រៀម​លើកយក​ប្រធានបទ​ចំនួន​៥​ ពិភាក្សា​ជាមួយ​សម្ដេច ហ៊ុន សែន​
24, Apr 2017 , 2:33 pm        
រូបភាព
រូបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក សម្ពោធស្ពានជ្រៃធំ-ឡុងប៊ិញ នៅថ្ងៃទី២៤ មេសា ២០១៧
រូបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក សម្ពោធស្ពានជ្រៃធំ-ឡុងប៊ិញ នៅថ្ងៃទី២៤ មេសា ២០១៧
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ មេសា តាម​ការអញ្ជើញ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃនេះ លោក ង្វៀន សួន​ហ្វ៊ុ​ក ត្រៀម​លើកយក​ប្រធានបទ​ចំនួន​៥ មក​ពិភាក្សា​ជាមួយ​សម្ដេច ហ៊ុន សែន​។​



​ក្នុង​បទ​សម្ភាស​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ចរ​វាង​ប្រធាន​សមាគម​ប្រតិភូ​មិត្តភាព​វៀតណាម-កម្ពុជា ​លោក វូ ម៉ៅ និង​អ្នកសារព័ត៌មាន​ហ្វីលីពីន កញ្ញា Ninya Calleja ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​នោះ ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​វៀតណាម​មក​កម្ពុជា​នេះ គឺ​ដើម្បី​ចូលរួម​រំ​ឮ​ក​ចំណង​ការទូត​គម្រប់​ខួប​៥០​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​វៀតណាម​។​

​ក្រៅពី​ប្រធានបទ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​នេះ នាយករដ្ឋមន្ត្រី​វៀតណាម​ក៏​ត្រៀម​លើកយក​ប្រធាន​ចំនួន​៥​ទៀត មក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។ បើតាម​លោក វូ ម៉ៅ ដែល​បានផ្ដល់​កិច្ច​សម្ភាស​ដល់​សារព័ត៌មាន​ហ្វីលីពីន​នោះ ប្រធានបទ​ទាំងនោះ​រួមមាន​៖ ប្រធានបទ​ទី​១ ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច ដោយ​ក្នុងនោះ​មានការ​លើកកម្ពស់​អ្នកវិនិយោគ និង​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​។

​ប្រធានបទ​ទី​២ ទាក់ទង​នឹង​ការបង្កើន​ការផ្លាស់ប្ដូរ​មន្ត្រី​គណប្រតិភូ​រវាង​កម្ពុជា​-​វៀតណាម​៖
-​ពង្រឹង​ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី ,​មន្ត្រី​តាម​ស្ថាប័ន​,​ថ្នាក់មូលដ្ឋាន និង​អង្គភាព​នានា​។ ពង្រឹង​ការផ្លាស់ប្ដូរ​វប្បធម៌ ,​កិច្ចសហប្រតិបត្តិការ​វិជ្ជាជីវៈ​ពេទ្យ និង​ទំនាក់ទំនង​ការទូត​រវាង​ប្រជាជន និង​ប្រជាជន​។ ពង្រឹង​ការការពារ​បន្ទាត់​ព្រំដែន​ឲ្យ​មាន​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​ជាដើម​។​

​ប្រធានបទ​ទី​៣ កិច្ចសហប្រតិបត្តិការ​សន្តិសុខ និង​ការការពារ​៖
-​ការពង្រឹង​កិច្ចសម្របសម្រួល​ឲ្យ​មាន​ភាព​ស្និត​ស្នាល​រវាង​ភាគី​ទាំងពីរ ក្នុងការ​ផ្លាស់ប្ដូរ​ព័ត៌មាន និង​ការដោះស្រាយ​បញ្ហា​ព្រំដែន​។​
- ការពង្រឹង​និង​គាំពារ​រួមគ្នា​នៃ​ការ​តម្រួត​ល្បាត​លើដែន​សមុទ្រ ។ជាពិសេស​កិច្ចសហប្រតិបត្តិការ​ស្វែងរក​ធាតុ​របស់​ក្រុម​យុទ្ធជន​វៀតណាម ដែល​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​អំឡុងពេល​សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ប្រធានបទ​ទី​៤ ការរៀបចំ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ភាគី​ទាំង​ពីរបានកំណត់​ខណ្ឌសីមា និង​ការបោះ​បង្គោលព្រំ​ដែនដី​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​កសាង​ខ្សែបន្ទាត់​សន្តិភាព​,​ស្ថេរភាព​,​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​រវាង​ប្រទេស​ទាំងពីរ​។​

​ចំណែក​ប្រធានបទ​ទី​៥ ទាក់ទង​នឹង​ពង្រឹង​វិស័យ​ទេសចរណ៍ ដែល​ភាគី​វៀតណាម​បានកត់សម្គាល់​ឃើញថា ភ្ញៀវទេសចរ​វៀតណាម​បាន​ចូលមក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ជាតិ​១​លាន​នាក់ កាលពី​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​ច្រើនជាង​ភ្ញៀវទេសចរ​កម្ពុជា ចូល​កម្សាន្ត​នៅ​វៀតណាម ចំនួន​២១២០០០​នាក់​។​

​ចំពោះ​ប្រធានបទ​ទាំងនេះ ភាគី​វៀតណាម​សង្ឃឹមថា នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ នឹង​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​ការ​លើ​កម្ពស់​គម្រោង​វិនិយោគ​រវាង​កម្ពុជា​-​វៀតណាម​។ វិស័យ​ពាណិជ្ជកម្ម​,​ទេសចរណ៍ និង​ការដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ជាដើម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វូ ម៉ៅ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ហ្វីលីពីន​៕


Tag:
 ហ៊ុន សែន​
 ​ វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com