អន្តរជាតិ
នាវា​ដឹក​យន្តហោះ Carl Vinson កម្តៅ​សាច់ដុំ​ជាមួយ​នាវាចម្បាំង​ជប៉ុន មុន​ទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ​
24, Apr 2017 , 2:38 pm        
រូបភាព
នាវាដឹកយន្តហោះ USS Carl Vinson កំពុងធ្វើដំណើរលើផ្ទៃមហាសមុទ្រ (រូបភាពពី U.S. Navy )
នាវាដឹកយន្តហោះ USS Carl Vinson កំពុងធ្វើដំណើរលើផ្ទៃមហាសមុទ្រ (រូបភាពពី U.S. Navy )
​នាវាចម្បាំង​មួយ​កង​របស់​អាមេរិក ដែល​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Carl Vinson បាន​ទៅដល់​សមុទ្រ​ហ្វីលីពីន​ហើយ ក្នុង​ដំណើរ​ទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ ដែល​ក្រុង​វ៉ាស៊ីនតោន​ប្រកាសថា ធ្វើឡើង​ដើម្បី​កំញើញ​កូរ៉េខាងជើង​។ នៅឯ​សមុទ្រ​ហ្វីលីពីន នាវា​មួយក្រុម​នេះ ធ្វើ​សមយុទ្ធ​ជាមួយ​នាវាចម្បាំង​កងទ័ព​ជើង​ទឹក​ស្វ័យការពារ​ជប៉ុន​សិន មុន​បន្តដំណើរ​សម្ញែង​ឥទ្ធិពល​របស់ខ្លួន​។ នាវា​មួយ​កង​នេះ នឹង​ទៅដល់​សមុទ្រ​ជប៉ុន​នៅ​ដំណាច់​ខែមេសា​នេះ​។​



​នាវា​ប្រយុទ្ធ​មួយ​កង​របស់​កងទ័ព​ជើង​ទឹក​អាមេរិក Carl Vinson ដែល​ទើប​ទៅដល់​ដែនសមុទ្រ​ហ្វីលីពីន បានចាប់ផ្ដើម​ធ្វើ​លំ​ហាត់​ទ្វេភាគី​មួយ​ជាមួយ​នាវា​ជប៉ុន​នៅ​ថ្ងៃទី​២៣ ខែមេសា​។ មុន​មកដល់​សមុទ្រ​ហ្វីលីពីន នាវា​មួយ​កង​នេះ ក៏​ទើប​បញ្ចប់​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ពជើងទឹក​អូស្ត្រាលី ក្រោយពី​ទទួលបញ្ជា​ឲ្យ​ចាក​ចេញពី​សិង្ហ​បុរី រួច​ធ្វើដំណើរ​ឆ្ពោះទៅ​ឧបទ្វីប​កូរ៉េ​។​

​តាមពិតទៅ ក្រុម​នាវាចម្បាំង​អាមេរិក​នេះ ត្រូវ​មកដល់​ដែនសមុទ្រ​នៅក្បែរ​ឧបទ្វីប​កូរ៉េ​តាំងពី​សប្តាហ៍​មុន​មកម្ល៉េះ ស្រប​ពេលដែល​ស្ថានភាព​តានតឹង​កើនឡើង​ខ្លាំង​នៅ​ទីនោះ​។ ប៉ុន្តែ​នាវា​មួយក្រុម​នេះ មិនបាន​ធ្វើដំណើរ​ទៅកាន់​ឧបទ្វីប​កូរ៉េ​ភ្លាមៗ​តាម​ការប្រកាស​របស់​ទីបញ្ជាការ​ទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ឡើយ ហើយ​បែរជា​ទៅ​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​អូស្ត្រាលី​សិន រួច​ទើប​ធ្វើដំណើ​សំដៅ​ឧបទ្វីប​កូរ៉េ​។​

​ទាក់ទង​នឹង​នាវាចម្បាំង​នេះដែរ កូរ៉េខាងជើង​បាន​ប្រតិកម្ម​តប​ខ្លាំងៗ​ដែរ​ដោយ​សង្កត់ធ្ងន់ថា ការបញ្ជូន​នាវាចម្បាំង​មក​គំរាម​ខ្លួន​នោះ​មិន​ធ្វើ​ឲ្យ​ខ្លួន​បាក់ស្បាត ឬ​ចុះ​ញ៉ម​ឡើយ​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ថា ការគំរាមកំហែង​នេះ​មិនអាច​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ភ័យខ្លាច​ឡើយ​។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង ក៏​គំរាម​បាញ់​ពន្លិច​នាវា​ដឹក​យន្តហោះ​អាមេរិក​ថែមទៀត​។​

​បើតាម​ការប្រកាស​រប​ស់​ទីបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក នាវា​ដឹក​យន្តហោះ Carl Vinson ដែល​អមដំណើរ​ដោយ​នាវា​ល្បាត​បំពាក់​មី​ស៊ី​ល USS Lake Champlain និង​នាវា​ពិឃាត USS Michael Murphy DDG នឹងធ្វើ​លំ​ហាត់​ជាមួយ​នាវា​ជប៉ុន​២​គ្រឿង​ទៀត​។ សេចក្ដីប្រកាស​នេះ​បន្តថា សមយុទ្ធ​រួមគ្នា ធ្វើឡើង​ដើម្បី​ពង្រឹង​ការឆ្លើយតប​នៅ​ដែន​សម​យុ​ទ្រ​រួមគ្នា និង​សមត្ថភាព​ការពារ ក៏ដូចជា​ការត្រៀមខ្លួន​ប្រយុទ្ធ​ផងដែរ​។​

​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence  បានបញ្ជាក់​ពេល​លោក​ស្ថិតនៅ​ទីក្រុង​ស៊ីដនី​ថា នាវា​ដឹក​យន្តហោះ Carl Vinson នឹង​ទៅដល់​សមុទ្រ​ជប៉ុន​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដែលជា​គោលដៅ​ចុងក្រោយ​របស់ខ្លួន​។ ដូចដែល​បានដឹង វត្តមាន​នាវា​មួយក្រុម​នេះ មាន​គោលដៅ​សម្ញែង​ឥទ្ធិពល​កងទ័ព​អាមេរិក​ដាក់​កូរ៉េខាងជើង ព្រោះ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ធ្លាប់​ព្រមាន​ប្រើប្រាស់​កម្លាំង​ដើម្បី​បញ្ចប់​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕  


Tag:
 អាមេរិក​
  ជប៉ុន​
  ឧបទ្វីប​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com