ជាតិ
សល់​តែ​៤​ថ្ងៃ​ទៀត ការឃុំ​មន្ត្រី​អាដហុក និង មន្ត្រី​គ​.​ជ​.​ប នឹង​ដល់ពេល​កំណត់​
24, Apr 2017 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅសល់តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មន្ត្រី​អាដហុក និង មន្ត្រី​គ​.​ជ​.​ប នឹង​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ហើយ ជុំវិញ​សំណុំរឿង​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា​។ ម្យ៉ាងទៀត វា ក៏​ដល់​ការកំណត់​ក្នុងការ​ឃុំខ្លួន​មន្ត្រី​អាដហុក និង មន្ត្រី​គ​.​ជ​.​ប ក្នុងដំណាក់កាល​ទី​២​ផងដែរ​។ នៅពេល​ដល់​ការកំណត់​បែបនេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ថា ត្រូវបញ្ជូន​ពួកគេ​ទៅ​ជំនុំជម្រះ ឬក៏​ត្រូវ​ឃុំខ្លួន​បន្តទៀត​។



​បើ​គិត​រហូតមក​ដល់ពេលនេះ មន្ត្រី​អាដហុក​៤​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ១​រូប បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជិត​មួយឆ្នាំ​ហើយ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងដំណាក់កាល​លើក​ទី​១ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ ដើម្បី​ស៊ើបសួរ​ពី​រឿងក្តី​នេះ​។ ក្រោយ​រយៈពេល​៦​ខែ​កន្លងផុតទៅ ចៅក្រម​ស៊ើបសួរ ក៏​បន្ត​ឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ​ទៀត នៅក្នុង​ដំណាក់កាល​ទី​២​។  

​ជា​នីតិវិធី ចៅក្រម​ស៊ើបសួរ អាច​ឃុំខ្លួន​ជន​ត្រូវ​ចោទ (​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប​) បាន​ត្រឹម​៦​ខែ​ប៉ុណ្ណោះ ក្នុងដំណាក់កាល​នីមួយៗ​។ នេះ​ជាការ​ពន្យល់​របស់លោក សំ សុ​គង់ មេធាវី​១​រូប​ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប​។​

​លោក សំ សុ​គង់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ ការឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ក្នុងដំណាក់កាល​ទី​ពីរ នឹង​ដល់ពេល​កំណត់​។ លោក​មេធាវី និយាយថា ក្រោយ​ផុត​ការកំណត់​ក្នុងការ​ឃុំខ្លួន ចៅក្រម​ស៊ើបសួរ មាន​ជម្រើស​២ គឺ​បញ្ជូន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ទៅ​ជំនុំជម្រះ ឬក៏​បន្ត​ឃុំខ្លួន​ពួកគេ ក្នុងដំណាក់កាល​ទី​៣ ចំនួន​៦​ខែ​ទៀត​។

​លោក​មេធាវី​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ មិនទាន់​ដឹងថា ចៅក្រម​ស៊ើបសួរ សម្រេច​យ៉ាងណាទេ​។ តែ គាត់ មាន​ផ្លូវ​ពីរ​។ ទី​១ បើ​គាត់​យល់ថា​មិនចាំបាច់ ឬក៏​សំណុំរឿង​ហ្នឹង ស៊ើបសួរ​អស់ហើយ គាត់​នឹង​ប​ញ្ជួ​ន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ ទី​២ បើ​គាត់​យល់ថា​សំណុំរឿង​មិនទាន់​ចប់ គាត់ នឹង​បន្ត​ឃុំខ្លួន ក្នុងដំណាក់កាល​ទី​បី ចំនួន​៦​ខែ​ទៀត​»​។​

​កន្លងមក​ក្រុម​មេធាវី ធ្លាប់​ដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តង​ជា​ពីរដង​រួចមកហើយ ដើម្បី​សុំ​ឲ្យ​លើកលែង​ការចោទប្រកាន់​លើ​អ្នក​ទាំង​៥​។ ប៉ុន្តែ​ការស្នើសុំ​របស់​ក្រុម​មេធាវី មិនបាន​ទទួលលទ្ធផល​ជា​វិជ្ជមាន​នោះទេ​។

​សូម​រម្លឹកថា មន្ត្រី​អាដហុក​ទាំង​៤​រូប រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី រួមទាំង​លោក នី ចរិយា អគ្គលេខាធិការរង​គ​.​ជ​.​ប ត្រូវបាន​ឃាត់ខ្លួន​តាំងពី​ចុងខែ​មេសា ឆ្នាំ​២០១៦ មក​។ មន្ត្រី​អាដហុក​ទាំង​៤​រូប រង​បទ​ចោទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប រង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​» ជុំវិញ​រឿងអាស្រូវ​របស់​ស្រីមុំ​និង​ឯកឧត្តម កឹម សុខា​៕ 


Tag:
 អាដហុក​
  គជប​
  តុលាការ​
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com