កីឡាអន្តរជាតិ
អន្តរជាតិ
Nadal លើក​ពាន Monte Carlo Masters លើក​ទី​១០ និង​ជាប់​ជា​កំណត់ត្រា​ ​
24, Apr 2017 , 4:59 pm        
រូបភាព
​កីឡាករ​វាយ​កូន​បាល់​លំដាប់​ពិភពលោក Rafael Nadal ឈ្នះ​ជើងឯក​ពាន Monte Carlo Masters ជា​លើក​ទី​១០ ជា​កំណត់ត្រា ក្រោយ​ផ្តួល​មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ​ដូចគ្នា កីឡាករ​Albert Ramos-Vinolas ក្នុង​លទ្ធផល ៦-១ និង ៦-៣​។​



​នេះ​គឺជា​ពាន​ដំបូង​របស់ Nadal ដែល​ទទួលបាន​នៅក្នុង​ឆ្នាំនេះ ហើយក៏​ជាការ​ឈ្នះ​លើក​ទី​១០​នៃ​ព្រឹត្តិការណ៍​ដូចគ្នា សម្រាប់​កំពូល​អ្នក​វាយ​កូន​បាល់​នៅលើ​ដីក្រហម​ក្នុងសម័យ​កាល​ពាន Open នេះ​។ កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ ក៏មាន​បំណង​ដណ្តើមពាន French Open ជា​លើក​ទី​១០​ផងដែរ នៅក្នុង​ការប្រកួត​នា​ខែក្រោយ​នេះ​។​

Nadal ធ្លាប់​ឈ្នះ​ពាន Monte Carlo នេះ​៨​ដង​ជាប់​គ្នា​ចាប់ពី​ឆ្នាំ ២០០៥ រហូតដល់​ឆ្នាំ​២០១២ មុនពេល​ចាញ់​កីឡាករ Novak Djokovic ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៣​។ រហូតមកដល់​ឆ្នាំ​២០១៦ រូបគេ​បានឈ្នះ​ពាន​នេះ​ម្តងទៀត​ក្នុង​ទីលាន Barcelona crown រហូត​ឈ្នះ​ជា​លើក​ទី​១០​ក្នុង​ឆ្នាំ​២០១៧​នេះ​ដែលជា​ជ័យជម្នះ​ក្នុង​កំណត់ត្រា​ផងដែរ​។​



«​វា​ក្លាយជា​សប្តាហ៍​ដ៏​អស្ចារ្យ និង​សំខាន់បំផុត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ខ្ញុំ​លេង​បាន​យ៉ាង​ល្អ​នៅទីនេះ ហើយ​ខ្ញុំ​មានសង្ឃឹម​ឈ្នះ​ច្រើន​ព្រោះ​ការប្រកួត​ក្នុង​ទីលាន​ដីក្រហម​ជា​កន្លែង​ដែល​ត្រូវ​ជំនាញ​ខ្ញុំ​ស្រាប់​»​។ នេះ​ជាការ​លើកឡើង​របស់ Nadal​។​

​សូមបញ្ជាក់ថា ម្ចាស់​ជើងឯក Grand Slam ១៤​សម័យកាល​បាន​ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៣​ដង​ក្នុងឆ្នាំនេះ​រួចមកហើយ ដែល​រាប់បញ្ចូល​ទាំង​ពាន​ធំ Grand Slam នៅ​ប្រទេស​អូស្ត្រាលី Australian Open ក្រោម​ថ្វីដៃ​កីឡាករ​ចាស់វស្សា​របស់​ស្វី​ស Roger Federer កាលពី​ខែមករា​កន្លងទៅ​៕


Tag:
 វាយ​កូន​បាល់​
  Rafael Nadal
  Monte Carlo Masters
© រក្សាសិទ្ធិដោយ thmeythmey.com