ជាតិ
នយោបាយជាតិ
អចិន្រៃ្តយ៍សភា បើកកិច្ចប្រជុំ រើសបេក្ខជនក្រុមប្រឹក្សាធម្មនុញ្ញថ្មី ជំនួសលោក ពិត តាំងសាន ដែល ទទួលមរណភាព រូបភាពីគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ
× ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាធម្មនុញ្ញថ្មី ជំនួសលោក ពិត តាំងសាន ដែលទើបតែទទួលមរណភាព កាលពីប៉ុន្មានថ្ងៃមុន។ នេះជាការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានប្រាប់សារព័ត៌មានថ្មីៗថា រហូតមកដល់ពេលនេះ រដ្ឋសភា មិនទាន់រើសបានបុគ្គលណាមួយ ឲ្យធ្វើជាបេក្ខជនក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក ពិត តាំងសាន នៅឡើយទេ។ លោក បញ្ជាក់ថា ការបើកកិច្ចប្រជុំនៅថ្ងៃស្អែក គឺគ្រាន់តែសម្រេចពីការជ្រើសរើសបេក្ខជនក្រុមប្រឹក្សាធម្មនុញ្ញថ្មីប៉ុណ្ណោះ។
លោក ឡេង ប៉េងឡុង ប្រាប់ថា នៅពេលគណៈកម្មាធិការអចិន្ត្រៃយ៍សភា សម្រេចថាជ្រើសរើសរួចហើយ នោះរដ្ឋសភា នឹងប្រកាសឲ្យសាធារណៈជន ដាក់ពាក្យ ដើម្បីឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក ពិត តាំងសាន។ អ្នកនាំពាក្យរដ្ឋសភារូបនេះ និយាយដូច្នេះថា៖«យើង នឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភាម្តងទៀត ដើម្បីសម្រេចរើសយកបេក្ខជនមួយរូប ក្នុងចំណោមបក្ខជនទាំងអស់ ដែលបានដាក់ពាក្យ។ បើបេក្ខជនណាម្នាក់ ដែលត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍សភា ជ្រើសរើសហើយ ឈ្មោះបេក្ខជននោះ នឹងត្រូវបញ្ជូនទៅកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីអនុម័តជាផ្លូវការ»។
សូមបញ្ជាក់ថា លោក ពិត តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលមរណភាព ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។ លោក ពិត តាំងសាន ត្រូវបានរដ្ឋសភា ជ្រើសតាំងឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាំងពីឆ្នាំ២០១៣មក៕
Tag:
ពិត តាំងសាន
ប្រជុំសភា
© រក្សាសិទ្ធិដោយ thmeythmey.com