ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​បាន​ចូល​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​របស់​ស្ដេច​ថៃ បញ្ជូនទៅ​តុលាការ​
សង្គមជាតិ
ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​បាន​ចូល​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​របស់​ស្ដេច​ថៃ បញ្ជូនទៅ​តុលាការ​
26, Apr 2017 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ខ្មែរ​ពីរ​នាក់ ត្រូវបាន​ភាគី​ថៃ​ចាប់ខ្លួន បញ្ជូនទៅ​តុលាការខេត្ត​ចាន់​បូរី ពាក់ព័ន្ធ​និង​ករណី​លួច​ឆ្លងដែន​ចូល​កាប់​ឈើ ក្នុង​តំបន់​អភិរក្ស​របស់​ព្រះមហាក្សត្រ​ថៃ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


 
​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន លោក គឹម សុខា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នេះ​មានឈ្មោះ កង មិន និង ឆាយ ទុយ​ហៀ​ង មាន​ស្រុកកំណើត​នៅ​ខេត្ត​ប៉ៃលិន ។ ហើយ​អ្នក​ទាំងពីរ​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់ មន្ទីរ​បរិស្ថាន​ខេត្ត ស្តីពី​បទល្មើស​ព្រៃ​នៅ​ភូមិសាស្ត្រ ព្រំដែន​កម្ពុជា​ថៃ​ផងដែរ មុននឹង​ត្រូវបាន​ភាគី​ថៃ​ចាប់ខ្លួន​នេះ​។​
 
​បន្ថែម​ពីលើ​នេះ​ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ លោក ទី សុខា បាន​ឲ្យ​ដឹងថា លោក​បាន​ចាត់​កម្លាំង​ទៅ​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ឲ្យ​ដោះលែង​ជនសង្ស័យ​ទាំងពីរ​នេះដែរ ប៉ុន្តែ​ភាគី​មិនបាន​យល់ព្រម​ឡើយ​។ បើតាម​លោក ទី សុខា ពលរដ្ឋ​ខ្មែរ​ដែល​តែងតែ​ឆ្លងដែន​ខុសច្បាប់​ទៅ​លួច​កាប់​ឈើ​របស់គេ​នោះ គឺ​នៅក្នុង​ដែន​អភិរក្ស​របស់​ស្តេច​ថៃ ហើយ​សូម្បីតែ​ជនជាតិ​ថៃ​ផ្ទាល់​ក៏​មិន​ហ៊ាន​ប៉ះពាល់​ព្រៃឈើ​នោះដែរ​។ ដូច្នេះហើយ​ទើប​វា​ជាការ​លំបាក​ណាស់​ក្នុងការ​ចរចា​ជួយ​ដោះលែង​ពលរដ្ឋ​ខ្មែរ​៕
 
 

Tag:
 ព្រៃឈើ​
 ​ខ្មែរ​
 ​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com